ខេត្តកណ្តាលៈបន្ទាប់ពីផឹកស្រាស្រវឹងយ៉ាងជោកជាំបុរសម្នាក់បានដើរចុះទៅងូតទឹកស្រះ បណ្តាលឲ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម គ្រាដែលពុំមាននណាម្នាក់បានដឹងជួយសង្រ្គោះទាន់ពេលវេលា ។ សាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារសាច់ញាតិដើរតាមរកប្រទះឃើញបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចស្រះទឹករបស់ឈ្មោះ កេរ្តិ៍ ណេ ភេទប្រុស អាយុ៤៧ឆ្នាំ ស្ថិតក្នុងភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះបាត់បង់ជីវិតឈ្មោះ យឹម ពៅ ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។ ជនរងគ្រោះរូបនេះជាមនុស្សញៀនស្រាតែងតែផឹកស្រវឹងស្ទើររាលថ្ងៃ លុះមកដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ ជនរងគ្រោះបានបន្តផឹកស្រារហូតស្រវឹងជោកជាំ ហើយបានដើរចេញពីផ្ទះឆ្ពោះទៅស្រះទឹករបស់ឈ្មោះ កេរ្តិ៍ ណេ តែមិនមាននណាម្នាក់ចាប់អារម្មណ៍នោះទេ ។ រហូតដល់យប់ថ្ងៃដដែលមិនឃើញជនរងគ្រោះត្រឡប់ទៅផ្ទះវិញ ក្រុមគ្រួសារបាននាំគ្នាដើរតាមរកតែរកមិនឃើញ ។ លុះព្រឹកឡើងថ្ងៃទី២១ ខែឆ្នាំដដែលទើបក្រុមគ្រួសារតាមរកបន្តទៀតរហូតប្រទះឃើញសាកសពជនរងគ្រោះ។
សមត្ថកិច្ចនគរបាលជំនាញបច្ចេកទេស និងវិទ្យាសាស្ត្រស្រុកស្អាងបានបញ្ជាក់ថា នៅលើខ្លួនប្រាណសាកសពមិនមានស្លាកស្នាមអ្វីគួអោយកត់សម្គាល់នោះទេ ជនរងគ្រោះស្លាប់ដោយសារលង់ទឹក មិនមានជាប់ពាក់ព័ន្ធទៅនឹងបទល្មើសអ្វីឡើយ ។ ដោយពីពិនិត្យចប់សព្វគ្រប់សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចនគរបាលប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ