ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិវៀតណាមម្នាក់ត្រូវនគរបាលស្រុកពញាឮចាប់ខ្លួនបន្ទាប់ពីរកឃើញមានថ្នាំញៀននៅជាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្តាលៈ បុរសជនជាតិវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកពញាឮបង្រ្កាប​ចាប់​ខ្លួន បន្ទាប់ពីរកឃើញថាបុរសជនជាតិវៀតណាមរូបនេះមានរក្សាទុកគ្រឿងញៀននៅជាប់ខ្លួន​ដើម្បីធ្វើសកម្មភាពជួញដូរ ។ ប្រតិបត្តិការនេះធ្វើឡើង កាលពីវេលាម៉ោង១០ និង៤០នាទីព្រឹក ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិសង្វរ ឃុំកំពង់លួង ស្រុកពញាឮ ដកហូតបាន​វត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកក​ចំនួនមួយកញ្ចប់ និងទូរស័ព្ទដៃម៉ាកណូ​គា​ចុចពិលចំនួន០១គ្រឿង ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

មន្ត្រីនគរបាលស្រុកពញាឮបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួននោះ​ឈ្មោះ ង្វៀង យាំងជុយ ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិវៀតណាម មុខរបរ កម្មករបែរចិញ្ចឹម​ត្រី បច្ចុប្បន្នស្នាក់នៅភូមិសង្វរ ឃុំកំពង់លួង ស្រកុពញាឮ ខេត្តកណ្តាល ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសមត្ថកិច្ចទទួលបានព័ត៌មានពីប្រជា​ពលរដ្ឋជនសង្ស័យខាងលើនេះតែងតែធ្វើសកម្មភាពជួញដូរគ្រឿងញៀន ទៅឲ្យអ្នកប្រើប្រាស់ បន្ទាប់ពីទទួលបានព័ត៌មានសមត្ថកិច្ចនគរបាលស្រុកពញាឮបានចុះធ្វើការស្រាវជ្រាវ រហូត​ឈានដល់បង្រ្កាបចាប់ខ្លួនជនសង្ស័យបានរួមជាមួយវត្ថុតាងជាក់ស្តែង ដើម្បីកសាងសំណុំ​រឿងចាត់ការតាមច្បាប់ ៕ស្អាងជ័យ


ចែករំលែក៖