ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងទៅលើបុរសម្នាក់ដែលជិះម៉ូតូខ្វះការប្រុងប្រយ័ត្នបណ្ដាលឲ្យទាក់ដៃចង្កូតជាមួយម៉ូតូមួយទៀត បណ្ដាលឲ្យដួលខ្ទេតចូលក្រោមកង់រថយន្ដកិនពាក់កណ្ដាលខ្លួនស្លាប់នៅក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ។ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងកាលពីវេលាម៉ោង៧និង៥០នាទីយប់ថ្ងៃទី២១ខែមិថុនាឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង ក្នុងភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតមានឈ្មោះ ជា សុវ៉ាត ភេទប្រុស អាយុ៣២ឆ្នាំ មុខរបររកសុី ស្នាក់នៅក្នុងសង្កាត់ទឹកថ្លា ណ្ឌសែនសុខ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ខាងលើនេះជិះម៉ូតូម៉ាកអាយខន ពណ៌សលាយខៀវ ដែលពាក់ស្លាកលេខភ្នំពេញ1AA-7854 បានធ្វើដំណើតាមបណ្ដោយផ្លូវវេងស្រេងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុបានទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដែលធ្វើដំណើរស្របទិសគ្នា បណ្ដាលឲ្យខ្ទេតចូលក្រោមកង់រថយន្ដរបស់ក្រុមហ៊ុនផែស្ងួត អូលែរ ដែលពាក់ស្លាកលេខព្រះសីហនុ3A-2694បើកបរទិសស្របគ្នាមកពីក្រោយ បណ្ដាលឲ្យចូលក្រោមកង់រថយន្ដកិនពាក់កណ្ដាលខ្លួនស្លាប់ភ្លាមៗមួយរំពេច ចំណែករថយន្ដបង្កមិនទាន់អស់ល្បឿនក៏បើករត់ទៅដល់មុខផ្ទះសំណាក់សេះមាស ទើបអ្នកបើករថយន្តបង្កឈប់ ហើយចុះរត់គេខ្លួនបាត់ស្រមោលតែម្ដង ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ចំណុចកើតហេតុនិងជួយអន្ដរាគមន៍សម្រួលចរាចរណ៍កុំឲ្យមានការកក់ស្ទះ រួមទាំងទាក់ទងទៅសមត្ថកិច្ចជំនាញដើម្បីធ្វើការវាស់វែងអូសយករថយន្ដនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់ ។ ដោយឡែកសាកសពត្រូវសមត្ថកិច្ចធ្វើការពិនិត្យរួចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្ដទឹកថ្លា ៕ ភារ៉ា ដង្កោ