ខេត្តកណ្តាល៖ សាលក្រមរឿងក្ដីព្រហ្មទណ្ឌ ត្រូវបានលោកស្រី ពេជ ម៉ារ៉ែន ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តកណ្ដាល ប្រកាសដោយអវត្តមានតំណាងអយ្យការ ។
សាលាដំបូងខេត្តកណ្ដាល នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ លើកយកសំណុំរឿងព្រហ្មទណ្ឌមួយចំនួនមកបើកសវនាការ ដោយមានលោកស្រី ពេជ ម៉ារ៉ែន ជាចៅក្រមជំនុំជម្រះ និង លោក ហេង ផេង ជាតំណាងអយ្យការ ។
ក្រោយបញ្ចប់សវនាការ តុលាការបានប្រកាសសាលក្រមភ្លាមៗ ។ ជាការកត់សម្គាល់ លោកស្រីចៅក្រម ពេជ ម៉ារ៉ែន ប្រកាសសាលក្រមចំនួន២សំណុំរឿងដោយអវត្តមានតំណាងអយ្យការ ។ រីឯមួយសំណុំរឿងទៀត ទើបតំណាងអយ្យការ មកដល់ ។ ប៉ុន្តែក្រោយការប្រកាសចប់ ក្រឡាបញ្ជីសវនាការ បានប្រាប់អំពីលទ្ធផលនៃការប្រកាសនេះ ជូនតំណាងអយ្យការ ។
អ្នកច្បាប់មួយរូបសុំមិនបញ្ចេញឈ្មោះ ថ្លែងថា បញ្ហានេះ គឺ ចូលតាមមាត្រា២៧ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ។ មាត្រានេះចំណុចចុងក្រោយ ចែងថា “ ចៅក្រមអយ្យការត្រូវតែមានវត្តមានក្នុងពេលសវនាការរឿងព្រហ្មទណ្ឌ “ ។
ពាក់ព័ន្ធបញ្ហានេះ នៅពុំទាន់អាចសុំការពន្យល់ពីលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បាននៅឡើយទេ ដោយសារលោកជាប់ប្រជុំ ៕ ចេស្តា