ព័ត៌មានទាន់ហេតុការណ៍៖

សារ​ពី​ប្រជាពលរដ្ឋ​ ៖​ ពលរដ្ឋ​បារម្ភ​សុវត្ថិភាព​ ព្រោះ​សម្បុរ​ចោរ​គាស់​ផ្ទះ​ក្នុង​ខណ្ឌ​ចំការមន​ ,​ ស្នើ​អាជ្ញាធរ​ជួយ​អន្តរាគមន៍​ផង​ !

ចែករំលែក៖

ភ្នំពេញ​៖ ​​រយៈពេល​ជិតមួយខែកន្លងមកនេះ ក្រោយ​ការបោះឆ្នោតក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​រួចរាល់មក ​ក្នុងមូលដ្ឋានខណ្ឌចំការមន ​កំពុងរងការរិះគន់ពីសំណាក់ប្រជាពលរដ្ឋ ដែលរស់នៅទីនោះថាអសន្ដិសុខ។ ប្រការនេះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋដែលកំពុងស្នាក់នៅមានការព្រួយ​បារម្ភ​និងភ័យខ្លាចនៅពេលយប់ សឹងតែមិនហ៊ានទុកផ្ទះចោល​ ស្របពេលដែលពួកគាត់​ទៅបំពេញការងារនៅរកស៊ីពេលយប់ ព្រោះខ្លាចក្រុម​ចោរ​ហារយគាស់ផ្ទះ កាត់សោ​ យកសម្ភារៈអស់ពីផ្ទះ ។

ជាក់ស្ដែងកាលពីយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតនៅជាប់នឹង​របងសាលាបឋមសិក្សាហ៊ុននាងបឹងត្របែកខាងត្បូង ផ្លូវ៥១២កែងនិងផ្លូវ៤៣០​ មាន​ករណី​ចោរ​គាស់​ផ្ទះ​ជា​បន្តបន្ទាប់​ ។

មានបន្ទប់ជួលចំនួន០៦បន្ទប់ហើយ ដែលត្រូវបានក្រុមចោរគាស់យកសម្ភារៈបានខ្លះទៀតយកមិនបានសម្ភារៈរួមមាន៖ ឧបករប្រើប្រាស់សម្រាប់គ្រឿងភ្លេង តន្ត្រី លុយកាក់ ប្រាក់កាស របស់មាន​តម្លៃ​និងរបស់ផ្សេងៗទៀត។

ប្រជាពលរដ្ឋ​ អះអាងថា​ ជារៀងរាល់យប់ មានក្រុមមន្ត្រីប៉ូលិស ចុះល្បាតដែរ​ តែសកម្មភាពគាស់ផ្ទះនៅតែមាន មិនដឹងថាក្រុមចោរ និងក្រុមប៉ូលិសដាក់វេន​គ្នាធ្វើសកម្មភាព ឬ​ក៏យ៉ាងណាដែរ​ ?​ លើសពីនេះ មន្ត្រីប៉ូលិសប៉ុស្ដិ៍ផ្សារដើមថ្កូវ ដែលចុះល្បាតដល់កន្លែងកើតហេតុក្នុងមូលដ្ឋាន​ បានធ្វើការប្រលូយពាក្យសំដីថា ផ្ដុំនេះ​ក្រុមចោរគាស់ផ្ទះ ឬ​ បន្ទប់សឹងរាល់ថ្ងៃ ដោយសារម្ចាស់​ចាក់​សោរទុកផ្ទះចោល ។​ ការ​និយាយបែបនេះ ហាក់ដូចជា​ប្រាសចាក​ពីវិជ្ជាជីវៈកងកម្លាំងសមត្ថកិច្ច។ ប្រការនេះ ហាក់ធ្វើ​ឲ្យ​ប្រជាពលរដ្ឋអស់ជំនឿទៅលើ​មន្ត្រីប៉ូលិសក្នុងខណ្ឌចំការមន​ ក្នុងការថែរក្សាសន្ដិសុខជូនពួកគាត់ ។​ ប្រជាពលរដ្ឋ​ពិតជាមានការភ័យខ្លាចខ្លាំងណាស់ មិនដឹងថា ត្រូវនិយាយពឹងពាក់​ឲ្យ​ខាងណាជួយបាន បើមិនចេញទៅធ្វើការមិនដឹងបានអី​ចិញ្ចឹម​ជីវិត​។ ដូចច្នេះ សូមអង្គភាពសមត្ថកិច្ច ជាពិសេស​នាយ​ឧត្តមសេនីយ៍​ ជួន សុវណ្ណ អគ្គ​ស្នងការ​រង​នគរបាល​ជាតិ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ សូមជួយអន្តរាគមន៍ករណីនេះ​ឲ្យ​មានប្រសិទ្ធភាពជូនប្រជាពលរដ្ឋ ស្រប​តាម​គោល​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ផង​ ៕​ ចេស្តា

 

 


ចែករំលែក៖