ភ្នំពេញ៖ រយៈពេលជិតមួយខែកន្លងមកនេះ ក្រោយការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់រួចរាល់មក ក្នុងមូលដ្ឋានខណ្ឌចំការមន កំពុងរងការរិះគន់ពីសំណាក់ប្រជាពលរដ្ឋ ដែលរស់នៅទីនោះថាអសន្ដិសុខ។ ប្រការនេះ ធ្វើឲ្យប្រជាពលរដ្ឋដែលកំពុងស្នាក់នៅមានការព្រួយបារម្ភនិងភ័យខ្លាចនៅពេលយប់ សឹងតែមិនហ៊ានទុកផ្ទះចោល ស្របពេលដែលពួកគាត់ទៅបំពេញការងារនៅរកស៊ីពេលយប់ ព្រោះខ្លាចក្រុមចោរហារយគាស់ផ្ទះ កាត់សោ យកសម្ភារៈអស់ពីផ្ទះ ។
ជាក់ស្ដែងកាលពីយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតនៅជាប់នឹងរបងសាលាបឋមសិក្សាហ៊ុននាងបឹងត្របែកខាងត្បូង ផ្លូវ៥១២កែងនិងផ្លូវ៤៣០ មានករណីចោរគាស់ផ្ទះជាបន្តបន្ទាប់ ។
មានបន្ទប់ជួលចំនួន០៦បន្ទប់ហើយ ដែលត្រូវបានក្រុមចោរគាស់យកសម្ភារៈបានខ្លះទៀតយកមិនបានសម្ភារៈរួមមាន៖ ឧបករប្រើប្រាស់សម្រាប់គ្រឿងភ្លេង តន្ត្រី លុយកាក់ ប្រាក់កាស របស់មានតម្លៃនិងរបស់ផ្សេងៗទៀត។
ប្រជាពលរដ្ឋ អះអាងថា ជារៀងរាល់យប់ មានក្រុមមន្ត្រីប៉ូលិស ចុះល្បាតដែរ តែសកម្មភាពគាស់ផ្ទះនៅតែមាន មិនដឹងថាក្រុមចោរ និងក្រុមប៉ូលិសដាក់វេនគ្នាធ្វើសកម្មភាព ឬក៏យ៉ាងណាដែរ ? លើសពីនេះ មន្ត្រីប៉ូលិសប៉ុស្ដិ៍ផ្សារដើមថ្កូវ ដែលចុះល្បាតដល់កន្លែងកើតហេតុក្នុងមូលដ្ឋាន បានធ្វើការប្រលូយពាក្យសំដីថា ផ្ដុំនេះក្រុមចោរគាស់ផ្ទះ ឬ បន្ទប់សឹងរាល់ថ្ងៃ ដោយសារម្ចាស់ចាក់សោរទុកផ្ទះចោល ។ ការនិយាយបែបនេះ ហាក់ដូចជាប្រាសចាកពីវិជ្ជាជីវៈកងកម្លាំងសមត្ថកិច្ច។ ប្រការនេះ ហាក់ធ្វើឲ្យប្រជាពលរដ្ឋអស់ជំនឿទៅលើមន្ត្រីប៉ូលិសក្នុងខណ្ឌចំការមន ក្នុងការថែរក្សាសន្ដិសុខជូនពួកគាត់ ។ ប្រជាពលរដ្ឋពិតជាមានការភ័យខ្លាចខ្លាំងណាស់ មិនដឹងថា ត្រូវនិយាយពឹងពាក់ឲ្យខាងណាជួយបាន បើមិនចេញទៅធ្វើការមិនដឹងបានអីចិញ្ចឹមជីវិត។ ដូចច្នេះ សូមអង្គភាពសមត្ថកិច្ច ជាពិសេសនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមជួយអន្តរាគមន៍ករណីនេះឲ្យមានប្រសិទ្ធភាពជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពផង ៕ ចេស្តា