ខេត្តកណ្តាល: បុរសម្នាក់ មានជំងឺបេះដូងប្រចាំកាយបានដួលស្លាប់ភ្លាមៗ១រំពេចក្រោយពីលេងបាល់ទះបាន១សិច នៅក្បែតារាងបាល់ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ កាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ឈូក ធឿន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ កសិករ ស្នាក់នៅភូមិព្រែកដូង២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានឪពុកឈ្មោះតូ ឈូក អាយុ៦៩ឆ្នាំ និងម្តាយឈ្មោះ គូ សុខនា អាយុ៦៥ឆ្នាំ ស្នាក់នៅជាមួយគ្នា ។
លោកវង សែ អធិការរងទទួលការងារព្រហ្មទណ្ឌស្រុកកៀនស្វាយបានអោយដឹងថា
មុនពេលកើតហេតុ ជនរងគ្រោះមកពីចម្ការត្របែក រួចក៏មកលេងបាល់ទះ នៅចំណុចផ្ទះឈ្មោះ សំ ប៊ុន ភេទប្រុស អាយុ៦៩ឆ្នាំ ស្នាក់នៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ពេលលេងបានមួយសិច ជនរងគ្រោះ ក៏បានមកអង្គុយ នៅក្បែតារាងបាល់ បន្ទាប់មកជនរងគ្រោះក៍ងើបដើរទៅផ្ទះ ចេញផុតពីតារាងបាល់បន្តិចស្រាប់តែជនរងគ្រោះដួលពេញជំហរទៅលើផ្លូវ ។
គ្រានោះមិត្តភក្តិបាននាំគ្នារត់ចេញមកក្រៅតារាងបាល់ហើយដឹកជនរងគ្រោះមកមណ្ឌលសុខភាពឃុំកំពង់ស្វាយ ពេលមកដល់មណ្ឌសុខភាពគ្រូពេទ្យប្រាប់ថាជនរងគ្រោះស្លាប់បាត់ទៅហើយ ។
ក្រោយទទួលបានទទួលព័ត៌មានកម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍ និងអាជ្ញាធរមូលដ្ឋានចូលរួមពិនិត្យសាកសព ។ ការសន្និដ្ឋានរបស់គ្រូពេទ្យជនរងគ្រោះ ពិតជាស្លាប់ដោយខ្យល់គ ពិតប្រាកដមែន សពត្រូវកម្លាំងចម្រុះប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធើ្វបុណ្យតាមប្រពៃណី៕ សណ្តោស