ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យប្រុសស្រីពីរនាក់ ដកហូតថ្នាំញៀនជាច្រើនគ្រាប់ និងកាំភ្លើងខ្លី១ដើម

ចែករំលែក៖

 

ភ្នំពេញ: កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ដោយមានការអនុញ្ញាតពីសំណាក់លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងជួញដូរគ្រឿងញៀនមួយកន្លែង កាលពីវេលាម៉ោង៦និង២០នាទីល្ងាច ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខខុនដូយីហោ សុខ ជា ផ្ទះលេខ៤៦ ផ្លូវលេខ១៦៣ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ដោយ ឃាត់ខ្លួនបានជនសង្ស័យប្រុសម្នាក់ ស្រីម្នាក់ ព្រមទាំងដកហូតបានថ្នាំញៀនជាច្រើនគ្រាប់ និងជាច្រើនប្រភេទ រួមទាំងកាំភ្លើងខ្លី១ដើមផង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ដែលឃាត់ខ្លួនបានខាងលើនេះ ទី១ឈ្មោះ ងួន ហេម៉ាល័យ ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបម្រើក្នុងហាងខារ៉ាអូខេ ស្នាក់នៅកន្លែងកើតហេតុ និងជនសង្ស័យទី២ ឈ្មោះ នី សុខលាភ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ បម្រើការងារក្លឹបរ៉ក់ ស្នាក់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

ប្រភពបន្តថា ក្រៅពីឃាត់ខ្លួនអ្នកទាំងពីរ សមត្ថកិច្ចនៅបានដកហូតថ្នាំញៀនប្រភេទក្រាមពណ៌សថ្លាចំនួន១កូនកញ្ចប់ធំ។ បន្ទាប់មកសមត្ថកិច្ចបានសាកសួរបឋមរហូតដល់ ម៉ោង៦និង៤០នាទីល្ងាចថ្ងៃដដែល ដោយមានការឯកភាពពីលោក សៀង សុខ ព្រះរាជអាជ្ញារង សមត្ថកិច្ចបានបន្តសហការជាមួយ នគរបាលប៉ុស្តិ៍ទួលស្វាយព្រៃទី១ និងមានការចូលរួមពីអ្នកមើលការខុសត្រូវ ខុនដូ ដោយនាំជនសង្ស័យទាំង២នាក់ខាងលើទៅចង្អុលបន្ទប់លេខ៥៦ ជាន់ទី៥ ក្នុងខុនដូយីហោ សុខ ជា ផ្លូវលេខ១៦៣ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន។ ពេល ចូលទៅឆែកឆេរ សមត្ថកិច្ចបានរកឃើញវត្ថុតាងបន្ថែមទៀតរួមមានថ្នាំញៀនប្រភេទ ក្រាមពណ៌សថ្លាចំនួន១២កញ្ចប់តូច, ម្សៅម៉ដ្ឋ ពណ៌ស (ខេ) ចំនួន៤កញ្ចប់តូច ,ថ្នាំគ្រាប់(គ្រវី) ចំនួន៣គ្រាប់, ជញ្ជីងចំនួន១គ្រឿង , អាវុធខ្លីម៉ាក Walther ចំនួន១ដើម និងគ្រាប់ចំនួន៥គ្រាប់ ព្រមទាំងសម្ភារ:មួយចំនួនទៀត ។

បច្ចុប្បន្នបន្ទប់ខុនដូខាងលើ ត្រូវបានសមត្ថកិច្ចសម្រេចបិទទ្វារ បន្ទប់បណ្តោះអាសន្នទុក ឲ្យនគរបាលប៉ុស្តិ៍ទួលស្វាយព្រៃ២គ្រប់គ្រង និងនាំខ្លួនជនសង្ស័យរួម នឹងវត្ថុតាងទៅ ធ្វើការសាកសួរដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕ ស រស្មី


ចែករំលែក៖