ព័ត៌មានទាន់ហេតុការណ៍៖

រសៀលនេះ លោកឃួង ស្រេង ប្រកាសចូលកាន់តំណែងជាអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ (live)

ចែករំលែក៖

ភ្នំពេញ៖ នារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧នេះនៅសាលប្រជុំសាលារាជធានីភ្នំពេញ ត្រូវបានរៀបចំពិធីផ្ទេរ និងចូលកាន់តំណែងអភិបាល អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ យោងតាមព្រះរាជក្រិត្យលេខ នស/រកត/០៦១៧ /៥០៣ ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ របស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់តែងតាំងលោក ឃួង ស្រេង ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ១ ជាអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ។ ដោយឡែក លោក ប៉ា សុជាតិវង្ស អតីតអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ត្រូវបានព្រះមហាក្សត្រចេញព្រះរាជ្យក្រឹត្យត្រាស់បង្គាប់ជាទីប្រឹក្សារាជរដ្ឋាភិបាលឋានៈស្មើរដ្ឋមន្ត្រី ។

គួររំលឹកថា ប្រមុខរាជរដ្ឋាភិបាល ថ្មីៗនេះបានស្នើសុំព្រះមហាក្សត្រ តែងតាំងអភិបាលនៃគណៈអភិបាល រាជធានី-ខេត្ត ចំនួន៤រូប ក្នុងនោះ លោក ឃួង ស្រេង ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងជាអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ, លោកស្រី មិថុនា ភូថង តែងតាំងជាអភិបាលនៃគណៈអភិបាលខេត្តកោះកុង, លោកគួច ចំរើន តែងតាំងជាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោក លី ឡេង តែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ។ ដោយឡែកព្រះរាជក្រឹត្យ លេខ នស/រកត/០៦១៧ /៥០៨ ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ ត្រូវបានត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈជាទីប្រឹក្សារាជរដ្ឋាភិបាលចំនួន៤រូបជូនអតីតអភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត ក្នុងនោះរួមមាន៖ លោកប្រាជ្ញ ចន្ទអតីតអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ទៅជាទីប្រឹក្សារាជរដ្ឋាភិបាល មានឋានៈស្មើរដ្ឋមន្ត្រី, លោកប៉ា សុជាតិវង្ស អតីតអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ទៅជាទីប្រឹក្សារាជរដ្ឋាភិបាល មានឋានៈស្មើរដ្ឋមន្ត្រី, លោក លន់ លឹមថៃ អតីតអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ទៅជាទីប្រឹក្សារាជរដ្ឋាភិបាល មានឋានៈស្មើរដ្ឋមន្ត្រី និងលោក ប៊ុន លើក អតីតអភិបាល នៃគណៈអភិបាលខេត្តកោះកុង ទៅជាទីប្រឹក្សារាជរដ្ឋាភិបាល មានឋានៈស្មើរដ្ឋមន្ត្រី ។
គួររំលឹកថា ក្រោយពីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណតិ្តទី៤ ឆ្នាំ២០១៧ ហើយក្នុងនោះ ឃើញថា លទ្ធផលផ្លូវការបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈចៅសង្កាត់ មេឃុំ ចំនួន១១៥៦ ចំណែកគណបក្សសង្គ្រោះជាតិទទួលបានអាសនៈចៅសង្កាត់ មេឃុំ ចំនួន៤៨៩ ដែលជាលទ្ធផលផ្លូវពី គជប កន្លងទៅនេះ ឃើញថា សម្រាប់តួនាទីអាជ្ញាធររាជធានី-ខេត្តមួយចំនួន ត្រូវបានផ្លាស់ប្តូរ តែងតាំងតួនាទី ដើម្បីប្រយោជន៍ ប្តូរនូវបទពិសោធន៍ក្នុងការដឹកនាំ បម្រើប្រជាពលរដ្ឋ ក៏ដូចជា ការអភិវឌ្ឍ ក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីឲ្យមានការអភិវឌ្ឍជឿនលឿននៅតាមមូលដ្ឋាន ក៏ដូចជាសង្គមជាតិទាំងមូល ។

ដូច្នេះការផ្លាស់ប្តូរ និងតែងតាំងអភិបាល អភិបាលរង នៃគណៈអភិបាលរាជធានី-ខេត្តចំនួន៤រូប ខាងលើនេះ ក៏ជាសារបង្ហាញឲ្យឃើញថា ប្រមុខរាជរដ្ឋាភិបាល ចាំបាច់ត្រូវតែជ្រើសតាំងអ្នកមានសមត្ថភាព បន្តការដឹកនាំឲ្យស្របតាមការចង់បានរបស់ប្រជាពលរដ្ឋ បន្ទាប់ពីអ្នកកាន់តំណែងមុនត្រូវចូលនិវត្តន៍ឬ មានតួនាទីថ្មីទៅកាន់តំណែងផ្សេងតាមគោលការណ៍រដ្ឋាភិបាលនោះ៕ ស តារា

[fbvideo link=”https://www.facebook.com/nkdnews/videos/765575156935554/” width=”600″ height=”400″ onlyvideo=”1″]
ចែករំលែក៖