អាមេរិកជាប្រទេសដែលមានជនអន្តោប្រវេសន៍ច្រើនជាងគេបំផុត ដោយក្នុងមួយ ឆ្នាំៗ មាន ជនអន្តោប្រវេសន៍ រាប់សិបមឺុននាក់ចូលទៅកាន់ទឹកដីអាមេរិកទាំង ស្រប ច្បាប់ និងខុសច្បាប់។ នៅពេលនេះជន អន្តោប្រវេសន៍ ខុសច្បាប់អាមេរិក បង្ហាញក្តីបារម្ភយ៉ាងខ្លាំងក្រោយពីលោកត្រាំ បាន ឈ្នះក្តីនៅក្នុងច្បាប់អន្តោប្រវេសន៍។
គួររំលឹកថា ក្រឹត្យអន្តោប្រវេសន៍របស់លោកត្រាំ បានបង្កភាពចម្រូងចម្រាស ជាខ្លាំង ពិសេសរវាងក្រុមបក្សប្រជាធិប តេយ្យ នៅតាមរដ្ឋនៃឆ្នេរភាគខាងលិច។ ក្រុមប្រឆាំងនឹងក្រឹត្យរបស់លោកដូណាល់ ត្រាំ តវ៉ាថា រដ្ឋាភិបាលរើសអើងអ្នកកាន់សាសនាអ៊ិស្លាម បំពានលើគោលការណ៍ រដ្ឋធម្មនុញ្ញ។ ក្រុមប្រឆាំងនឹងក្រឹត្យរបស់លោកត្រាំ សន្យាបន្តចលនាពួកគេតទៅ ទៀត។ ទោះយ៉ាងនេះក្តី តុលាការកំពូល នឹងធ្វើសវនាការពិនិត្យសំណុំរឿងនេះ នៅ ខែតុលាខាងមុខ។
កាលពីថ្ងៃទី២៦ខែមិថុនា តុលាការ កំពូលអាមេរិកបានឲ្យលោកដូណាល់ ត្រាំឈ្នះ ដោយបានសម្រេចលុបចោល សេចក្តីសម្រេចរបស់តុលាការជាន់ទាប ដែល បានព្យួរក្រឹត្យអន្តោប្រវេសន៍លោកត្រាំ ក្នុងពេលកន្លងទៅ។ លោកត្រាំបានសម្ដែង ការសប្បាយចិត្ត នឹងជ័យជម្នះនេះ។ ទោះ យ៉ាងនេះក្តី មានតែខ្លឹមសារមួយចំនួនក្នុងក្រឹត្យអន្តោប្រវេសន៍របស់លោក ត្រាំ ប៉ុណ្ណោះ ដែលចូលជាធរមាន។ តុលាការកំពូលនឹងធ្វើសវនាការពិនិត្យសំណុំរឿងនេះ នៅខែតុលាខាងមុខ។
លោកដូណាល់ ត្រាំរីករាយខ្លាំងណាស់ ដែលតុលាការកំពូលបានលុបចោលសេចក្តីសម្រេចរបស់តុលាការជាន់ទាប ដែលបាន ព្យួរក្រឹត្យអន្តោប្រវេសន៍របស់លោក។ លោកដូណាល់ ត្រាំ លើកឡើងថា នេះជាជោគជ័យមួយសម្រាប់ផ្នែកសន្តិសុខជាតិអាមេរិក។ សម្រាប់លោកត្រាំ ក្រឹត្យអន្តោ ប្រវេសន៍នេះ ជាវិធានការចាំបាច់ ក្នុងការហាមឃាត់មិនឲ្យភេរវជនបរទេសជាន់ទឹកដីសហរដ្ឋអាមេរិក។
ក្រឹត្យ អន្តោប្រវេសន៍របស់ប្រធានាធិបតីអាមេរិក ចែងហាមឃាត់ពលរដ្ឋប្រទេសកាន់សាសនាអ៊ិស្លាមចំនួន៦ មិនឲ្យពួកគេចូលក្នុងទឹកដីសហរដ្ឋអាមេរិកបណ្តោះ អាសន្ន។ ប្រទេសអ៊ិស្លាមទាំង៦ មានស៊ីរី លីប៊ី អុិរ៉ង់ ស៊ូដង់ សូម៉ាលី និងយេម៉ែន។
ប៉ុន្តែ ខ្លឹមសារក្រឹត្យតែមួយចំណែក ប៉ុណ្ណោះ ដែលតុលាការកំពូលអាមេរិក អនុញ្ញាតឲ្យអនុវត្ត។តុលាការកំពូលសម្រេចថា ក្រឹត្យនេះហាមឃាត់តែជនដែលមាន គំនិតមិនល្អជាមួយពលរដ្ឋអាមេរិក ឬជា មួយជាតិអាមេរិកប៉ុណ្ណោះ។ និយាយទៅ អាជ្ញាធរអាមេរិកហាមឃាត់បុគ្គលដែលអាមេរិកមិនធ្លាប់ស្គាល់ មិនឲ្យចូលស្រុកអាមេរិក ប៉ុណ្ណោះ។ ដោយឡែក ពលរដ្ឋមកពី៦ប្រទេសអ៊ិស្លាមក្នុងក្រឹត្យនេះ អាចជាន់ដីសហ រដ្ឋអាមេរិកបាន ប្រសិនបើពួកគេចង់មកលេងក្រុមគ្រួសារដែលរស់នៅអាមេរិក។ និស្សិតដែលជាប់ឈ្មោះបន្តការសិក្សានៅសាកលវិទ្យាល័យអាមេរិក ក៏អាចជាន់ដី អាមេរិកដែរ។ ក្រឹត្យនេះនឹងចូលជាធរមាននៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។
នៅខាងភាគីចុងចោទ លោកដូណាល់ ត្រាំបានពន្យល់ថា ក្រឹត្យរបស់លោកត្រូវបាន សម្រេចឡើងដោយផ្អែកលើអំណាចប្រធានាធិបតី ដែលមានចែងនៅក្នុងច្បាប់រដ្ឋធម្មនុញ្ញ។ មាត្រាទី២ ក្នុងច្បាប់រដ្ឋធម្មនុញ្ញបានចែងថា ប្រធានាធិបតីមានសិទ្ធិអំណាចក្នុងការសម្រេចចិត្តលើកិច្ចការនយោបាយ ការបរទេស និងនយោបាយអន្តោ ប្រវេសន៍។ លោកដូណាល់ ត្រាំបានសង្កត់ធ្ងន់ជាពិសេសលើអត្ថបទច្បាប់មួយអនុម័តកាលពី ៦៥ឆ្នាំមុនដែលចែងថា ប្រមុខរដ្ឋមានសិទ្ធិព្យួរការចូលក្នុងទឹកដីអាមេរិកាំងពីសំណាក់ ប្រភេទជនបរទេសនៃប្រទេសមួយចំនួនដែលប្រមុខរដ្ឋយល់ថា ការចូលក្នុងទឹកដីអាមេរិករបស់ប្រភេទជនបរទេសនោះអាចនឹងបង្ក គ្រោះថ្នាក់ដល់ផល ប្រយោជន៍របស់អាមេរិក។
ចំណែករដ្ឋបាលរបស់លោកត្រាំបាន លើកយកហេតុផលមួយទៀតទៅ ពន្យល់ ចៅក្រម ថា តុលាការមិនសូវមានលក្ខណសម្បត្តិគ្រប់គ្រាន់ដើម្បីអាចសម្រេចចិត្ត ក្នុងផ្នែកសន្តិសុខជាតិបានឡើយ។ នៅ ក្នុងន័យនេះ រដ្ឋបាលរបស់លោកត្រាំចង់ និយាយសំដៅលើរូបចៅក្រម James Robart ដែលបានសម្រេចព្យួរក្រឹត្យប្រឆាំង ជនអន្តោប្រវេសន៍របស់លោកដូណាល់ ត្រាំ។
នៅខាងភាគីដើមចោទ ពួកគេក៏បានលើកយកច្បាប់រដ្ឋធម្មនុញ្ញទៅសំអាងដោយបញ្ជាក់ថា ក្រឹត្យរបស់លោកត្រាំបានរំលោភបំពានលើគោលការណ៍សំខាន់ៗមួយចំនួនរួមមាន សេរីភាពក្នុងការបន្លាស់ទី សិទ្ធិស្មើ គ្នារវាងពលរដ្ឋ ឬមួយការហាមឃាត់មិនឲ្យមានការរើសអើងក្នុងផ្នែកសាសនាជាដើម។ ទន្ទឹមគ្នានេះ ភាគីដើមចោទក៏បានលើកឡើងពីផលវិបាកកើតចេញពីក្រឹត្យប្រឆាំង ជនអន្តោប្រវេសន៍របស់លោកដូណាល់ ត្រាំ ពិសេសក្នុងវិស័យការងារ កិច្ចការ ជំនួញ ឬមួយក្នុងវិស័យអប់រំ។ នៅចុង បញ្ចប់ ភាគីដើមបណ្តឹងបានព្រមានទុកជាមុនថា បើក្រឹត្យមួយនេះរបស់លោកត្រាំត្រូវបានដាក់ឲ្យអនុវត្តជាថ្មី នោះវានឹងបង្កឲ្យមានភាពវឹកវរជាសាធារណៈ។
ការទទួលជ័យជម្នះរបស់លោកត្រាំគឺជាលើកទីមួយហើយ ដែលលោកត្រាំឈ្នះ ក្តី ក្នុងតុលាការ ។ កន្លងមក តុលាការសហ រដ្ឋ អាមេរិកបានសម្រេចក្តីឲ្យលោកត្រាំចាញ់រហូតពាក់ព័ន្ធនឹងច្បាប់អន្តោប្រវេសន៍ ។ ការឈ្នះនេះគឺជាជំហានដំបូង ដ៏ល្អសម្រាប់ ប្រធានាធិបតីអនុវត្តនូវគោលនយោបាយ របស់ខ្លួន៕ ម៉ែវ សាធី