ព័ត៌មានទាន់ហេតុការណ៍៖

ការដ្ឋានសំណង់ដ៏ធំរបស់ក្រុមហ៊ុនចិនជម្រៅជាង១០ម៉ែត្រនៅពយកំពេញបង្កការភ័យខ្លាចដល់ពលរដ្ឋ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋ នៅចំណុចពយកំពេញស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុកាល ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ បានសម្តែងការព្រួយបារម្ភបន្ទាប់ពីទីតាំងការដ្ឋានសំណង់ដ៏ធំ មួយរបស់ក្រុមហ៊ុនចិនយីហោ ស៊ីហួរ ដែលនៅក្បែរផ្ទះសម្បែងរបស់ពួកគាត់ ត្រូវបានទឹកច្រោះបាក់ដីរួមជាមួយដើមឈើអស់ជាច្រើនដើម ។

ប្រជាពលរដ្ឋបាននិយាយថា បន្ទាប់ពីមានការច្រោះបាក់ដីរួមជាមួយដើមឈើអស់ ជាច្រើនដើមកាលពីវេលាម៉ោង១រំលង អធ្រាត្រឈានចូលថ្ងៃទី២៧ ខែមិថុនានោះ មកប្រជាពលរដ្ឋជាច្រើនគ្រួសារព្រួយបារម្ភ និងគ្រោងដាក់ពាក្យបណ្តឹងទៅកាន់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសអាជ្ញាធរខេត្តប្រសិនបើខាងក្រុមហ៊ុនពុំមានវិធានការទប់ស្កាត់ ឬការពារតាមលក្ខណៈបច្ចេកទេសដើម្បី មិនឲ្យទឹកហូរច្រោះដីតទៅទៀតនោះទេ ។

ជុំវិញបញ្ហាការច្រោះបាក់ដីនេះតំណាង ក្រុមហ៊ុន ស៊ីហួរ នគរវត្តពុំទាន់អាចទំនាក់ទំនងបានទេ ។

តែយ៉ាងណាលោក ស្រ៊ុន ស្រ៊ន់ អភិបាលរងខេត្តព្រះសីហនុទទួលបន្ទុកសំណង់ បានគូសបញ្ជាក់ថា ចំពោះការព្រួយបារម្ភ របស់ប្រជាពលរដ្ឋវាជារឿងត្រឹមត្រូវ ព្រោះជាធម្មតាទេនៅពេលមានញ្ហាបែបនេះ។ ប៉ុន្តែទោះបីជាយ៉ាងណាក្រោយពីទទួល បានព័ត៌មាននេះលោកនឹងឲ្យមន្ត្រីជំនាញក្រោមឱវាទចុះពិនិត្យជាបន្ទាន់ថា តើនឹងត្រូវរកវិធានការបែបណាដើម្បីទប់ស្កាត់លើ បញ្ហានេះ? ហើយថាលោកនឹងព្យាយាម ដោះស្រាយឲ្យបានឆាប់បំផុតដើម្បីបញ្ចៀស បញ្ហាជាយថាហេតុ ៕ ហេង សូរិយា


ចែករំលែក៖