ភ្នំពេញ៖ ប្ដីប្រពន្ធ២នាក់បានជិះម៉ូតូដេញតាមជនសង្ស័យដែលឆក់កាបូប បានជ្រុលទៅបុកគួទរថយន្តបណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម បន្សល់ទុកកូនប្រុសម្នាក់ឲ្យកំព្រាទាំងខ្លួនមិនទាន់ដឹងក្ដី និងរងរបួសធ្ងន់ ចំណែកជនសង្ស័យបានដួលម៉ូតូត្រូវប្រជាពលរដ្ឋចាប់បានស្វាគមន៍ម្នាក់មួយដៃ មួយជើងឡើងទ្រមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ច ។
ហេតុការដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង ៨ និង២៥នាទីយប់ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវ២១៧ ក្បែរវត្តសំបួរ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនសង្ស័យ មានឈ្មោះ ផាន់ ម៉ន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករលើកផ្លែឈើនៅផ្សារនាគមាស ស្នាក់នៅផ្ទះជួល ភូមិទួលពង្រ សង្កាត់ចោមចៅខ ណ្ឌពោធិសែនជ័យ។ ចំណែកសពស្ត្រីរងគ្រោះមានឈ្មោះ ស្រី តី ប្ដីមានឈ្មោះ មាន ពិសី ចំណែកកូនមាន ឈ្មោះ មាន ពេជ្រ ចរណៃ ភេទ ប្រុស អាយុ២ឆ្នាំកន្លះ រងរបួសធ្ងន់ ត្រូវបានបញ្ជួនទៅសង្រោះបន្ទាន់នៅមន្ទីរកុមារជាតិ អ្នកទាំង៣ស្នាក់នៅ បុរី ពិភពថ្មី សង្កាត់ ដង្កោ ខណ្ឌ ដង្កោ ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូ២គ្រឿងជិះប្រដេញគ្នាយ៉ាងលឿនតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ជនរងគ្រោះបានយកជើងធាក់ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1DB.1334 ជិះម្នាក់ឯងបណ្ដាលឲ្យខ្ទាតដួលទៅចិញ្ចើមផ្លូវ ៖ ចំណែកម៉ូតូជនរងគ្រោះម៉ាក PCX ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1DC.5728 ជិះ៣នាក់ប្ដីប្រពន្ធ និងកូនបានទៅបុកគួទរថយន្ដបត់ឆ្លងផ្លូវ ម៉ាក morning ពណ៌ ស គ្មានស្លាកលេខ បណ្ដាលឲ្យស្ត្រីជាប្រពន្ធស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែកប្ដីបានស្លាប់ពេលបញ្ជួនទៅពេទ្យដល់ពាក់កណ្ដាលផ្លូវ រីឯកូនប្រុសអាយុ២ឆ្នាំកន្លះ រងរបួសធ្ងន់ ត្រូវបានបញ្ជួនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកុមារជាតិ។ ចំណែកជនសង្ស័យត្រូវបានប្រជាពលរដ្ឋនៅកន្លែងកើតចាប់វាយម្នាក់មួយដៃមួយជើងឡើងទ្រមខ្លួនរួចទើបប្រគល់ឲ្យសមត្ថកិច្ច យកទៅសាកសួរនៅប៉ុស្តិ៍ នគរបាល ដង្កោ ។ ក្រោយមក ជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ដង្កោប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ នគរបាលស្ទឹងមានជ័យ ដើម្បីចាត់ការបន្ត ព្រោះជាម្ចាស់ករណី ។ ចំណែកឯរថយន្ត និងម៉ូតូរងគ្រោះ រួមទាំងម៉ូតូរបស់ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ចុះវាស់វែងយកទៅរក្សាទុករង់ចាំដោះស្រយនៅពេលក្រោយ ។
បើតាមការសាកសួររបស់សមត្ថកិច្ច និងចម្លើយសារភាពរបស់ជនសង្ស័យខាងលើបានសារភាពថា៖ រូបគេពិតជាបានធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះនៅមុខសាលាបឋមសិក្សាភូមិឫស្សី សង្កាត់ ស្ទឹងមានជ័យ តាមបណ្ដោយផ្លូវ២១៧ ពិតប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យខាងលើកំពុងសាកសួរបន្តនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ និងកសាងសុំណុំរឿងបញ្ជួនទៅអធិការខណ្ឌមានជ័យដើម្បីចាត់ការបន្តតាមច្បាប់៕ ភារ៉ា ដង្កោ