ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្រវឹងស្រាបើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវខូចខាត២កង់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ផឹកស្រវឹងស្រាឡើងជោកជាំ ហើយបើករថយន្តហាយឡែនឌ័រឡើងទួលយ៉ាងលឿន បួងចង្កូតមិនទាន់ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យបាក់អស់២កង់ ហើយរថយន្តរងការខូចខាតយ៉ាងដំណំ និងកលកង់រថយន្តបង្កទៅមុខលែងរួច ។

ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ នៅត្រង់ចំណុចមុខ ថប ក្លឹប តាមបណ្ដោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមសម្ដីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេសង្កេតឃើញរថយន្តបង្កម៉ាក ហាយឡែនឌ័រ ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ 2AF-1182 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ដែលស្រវឹងស្រាឡើងជោកជាំ បានធ្វើដំណើរមកពីផ្លូវតាផុន ទិសដៅពីលិចមកកើតក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ក៏បានជាន់ហ្គេបួងចង្កូតឡើងទួលទាំងកំរោល ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យបាក់អស់២កង់ ហើយរថយន្តបង្កបានរងការខូចខាតខាងមុខយ៉ាងដំណំ គាបរថយន្តបង្កជាប់ទៅមុខលេងរួច ប៉ុន្តែហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមិនមានប្រជាពលរដ្ឋធ្វើដំណើតាមដងផ្លូវ រងរបួសនោះឡើយ ។

ក្រោយពេលកើតហេតុ ម្ចាស់រថយន្តបង្កបានចុះគេចខ្លួនទាំងសភាពស្រវឹងស្រា ទុករថយន្តនៅនឹងកន្លែង ។

បន្ទាប់ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ រួចទំនាក់ទំនងទៅជំនាញទទួលផ្នែកចរាចរណ៍ ឲ្យមកចុះធ្វើការវាស់វែង យករថយន្តបង្កខាងលើ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្តបង្ក ចូលខ្លួនដោះស្រាយគ្នាតាមផ្លូវច្បាប់នៅពេលក្រោយ៕ ភារ៉ា ដង្កោ


ចែករំលែក៖