ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តមិនប្រយ័ត្នដល់ផ្លូវបំបែកជាបួនជ្រុលទៅបុករថយន្តមួយគ្រឿងទៀតចំពីចំហៀងបណ្ដាលឲ្យរងការខូចខាតទាំង២

ចែករំលែក៖

ភ្នំពេញ៖ រថយន្តតាកូម៉ាបានបើកបរក្នុងល្បឿនលឿនហើយមិនប្រយ័ត្ន ខណៈមកដល់ចំណុចផ្លូវបំបែកជាបួនក៏ជ្រុលទៅបុករថយន្តម៉ាកព្រូសចំពីចំហៀងយ៉ាងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំទាំងសងខាង តែមិនបង្កឲ្យមនុស្សណាម្នាក់រងរបួស ។

ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវ៣៦០ កែងនិងផ្លូវ៥១ ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមប្រពភព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុនោះគឺ មានរថយន្តម៉ាកព្រូស ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ2Q-7831 បានបើកបរតាមបណ្ដោយផ្លូវ៥១ ទិសដៅពីជើងទៅត្បួងក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានរថយន្តបង្កម៉ាក តាកូម៉ា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2T-5711 បើកបរតាមបណ្ដោយផ្លូវ៣៦០ ទិសដៅពីលិចមកើតក្នុងល្បឿនលឿន ហើយក៏ជ្រុលទៅបុករថយន្តម៉ាកព្រូសចំគូទពីចំហៀងយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តព្រូសរងការខូចខាតយ៉ាងដំណំ ចំណែករថយន្តបង្កម៉ាក តាកូម៉ា ក៏បានរងការខូចខាតខាងមុខយ៉ាងដំណំផងដែរ ។

ក្រោយពេលកើតហេតុ ភាគីទាំងសងខាងមិនបានចរចាសម្រួលគ្នានៅកន្លែងកើតហេតុនោះទេ ហើយក៏បានដើរចេញពីកន្លែងកើតហេតុរៀងៗខ្លួន ។ មួយសន្ទុះក្រោយមក ក៏មានវត្តមានសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុ ហើយវាស់វែង យករថយន្តទាំង២គ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន រង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់នៅពេលក្រោយ៕ ភារ៉ា ដង្កោ


ចែករំលែក៖