ភ្នំពេញ៖ យុវជនក្មេងៗចំនួន៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចរបស់សាលាខណ្ឌសែនសុខ ឃាត់ខ្លួនពីបទប្រើប្រាស់ថ្នាំញៀនខុសច្បាប់ កាលពីវេលាម៉ោង២១ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវលេខ១០១៩ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ខណៈសមត្ថកិច្ចចម្រុះកំពុងដាក់គោលដៅចល័តត្រួតពិនិត្យ។
លោក សុខ សុផល នាយប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ទឹកថ្លា បាននិយាយថា ជនសង្ស័យទាំង៣នាក់ ត្រូវបានឃាត់ខ្លួនដោយកម្លាំងសមត្ថកិច្ចចម្រុះរបស់គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ដែលកំពុងប្រតិបត្តិការដាក់គោលដៅចល័តតាមផ្លូវលេខ១០១៩ ដើម្បីត្រួតពិនិត្យអាវុធជាតិផ្ទុះ និងបទល្មើសផ្សេងៗទៀត ហើយពួកគេបានជិះម៉ូតូ១គ្រឿង ម៉ាកគុប គ្មានស្លាកលេខ ចំគោលដៅត្រួតពិនិត្យ។
ប្រភពពីលោកនាយប៉ុស្តិ៍ដដែលបន្តថា ខណៈនោះសមត្ថកិច្ចបានផ្តោតការមន្ទិលលើពួកគេទាំង៣នាក់នោះថា អាចជាមុខសញ្ញាមិនល្អ កំហុសជិះម៉ូតូអត់ស្លាកលេខក៏ឃាត់ត្រួតពិនិត្យលើដងខ្លួនមិនមានលាក់ទុកសម្ភារល្មើសច្បាប់អ្វីទេ តែបានសង្ស័យពាក់ព័ន្ឋប្រើប្រាស់ថ្នាំញៀន ហើយនាំមកត្រួតពិនិត្យទឹកនោមរកឃើញមានផ្ទុកសារធាតុថ្នាំញៀនទាំងអស់គ្នា ទើបចាប់ឃាត់ខ្លួនតែម្តង តាមគោលការណ៍របស់ថ្នាក់លើបញ្ជា។
អត្តសញ្ញាណក្រុមយុវជនទាំង៣នាក់នោះ ១/ឈ្មោះ ប៉ក់ ស៊ាវម៉ី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករសំណង់ ។ ២/ ឈ្មោះជួន ពេជ្រ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ ។ ៣/ ឈ្មោះ សួន ភារិទ្ឋ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ ។ ពួកគេទាំង៣នាក់មានទីលំនៅ ភូមិថ្មស ឃុំភ្នំបាត់ ស្រុកពញាឮ ខេត្តកណ្តាល ។
ជនសង្ស័យទាំង៣នាក់ រួមទាំងម៉ូតូរបស់គាត់ផងឥឡូវនេះបានកំពុងតែនាំយកមករក្សាទុក និងឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋានគរបាលខណ្ឌសែនសុខសួរនាំស្រាវជ្រាវបន្តដើម្បីបញ្ជូនទៅតុលាការវិនិច្ឆ័យទោសទណ្ឌ ៕ តុង សីហា