ខេត្តក្រចេះ៖ គេហ៊ាននិយាយ សឹងតែជារន្ធអាប៉ោងបើកគ្របចាក់បានថា៖ មិនមានទេ សមត្ថកិច្ច អាជ្ញាធរ ជំនាញខាងណាដែលហ៊ានបង្ក្រាបបទល្មើសដឹកជញ្ជូនឈើរបស់ឈ្មួញ ប្រពន្ធឈ្មោះនី និងប្តីឈ្មោះអាត(នី-អាត) ឈ្មួញដ៏ល្បីប្រចាំខេត្តក្រចេះនោះទេ តែមានមែនគឺមានតែសមត្ថកិច្ច អាជ្ញាធរ ជំនាញ ជាច្រើនស្ថាប័នយកលុយពីឈ្មួញរូបនេះ យកលុយរបៀបជាក្បាលឡាន ជាប្រចាំខែ និងមានសមត្ថកិច្ច-អាជ្ញាធរខ្លះមិនត្រឹមយកលុយខែ យកលុយថ្លៃក្បាលឡានប៉ុណ្ណោះទេ ពួកគាត់ក៏ជាប់ពាក់ព័ន្ធចូលហ៊ុនខ្យល់រកសុីឈើជាមួយថែមទៀត។ សកម្មភាពដឹកជញ្ជូនឈើ(នី-អាត)ធ្វើឡើងជាប្រចាំរាល់យប់ ដោយប្រើឡានយីឌុបធ្វើជាមធ្យោបាយដឹកជញ្ជូន ជាក់ស្តែងនៅយប់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧នេះ រថយន្តធុនយក្សរបស់(នី-អាត)និង ឈ្មួញឈ្មោះ (សាល)តំណាងអោយក្រុមហ៊ុនតុងមិន បាននិងកំពុងសម្រុកដឹកឈើចេញពីស្រុកសំបូរទៅកាន់ប្រទេសវៀតណាមយ៉ាងគគ្រឹកគគ្រែងនៅចំពោះមុខ ក្រសែភ្នែកសមត្ថកិច្ច-អាជ្ញាធរ-មន្ត្រីជំនាញ ដោយពួកគាត់ចាំតែគិតបូកទូរលេខឡានយកលុយប៉ុណ្ណោះ។
មជ្ឈដ្ឋានទូទៅពីពលរដ្ឋរស់នៅស្រុកសំបូរ ឃុំអូរគ្រៀងនិងជុំក្បាលដំរីកំពុងតែចោទប្រកាន់ទៅលើអាជ្ញាធរស្រុកសំបូរនិងលោកនាយសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀងថ្មគ្រែ និងសណ្ដាន់ បានឃុបឃិតគ្នាជាមួយឈ្មួញនិង(នី-អាត) ពិសេសបទល្មើសឈើនៅកោះខ្ញែរ និងនៅអូរព្រះ (នី-អាត)ប្រើរថយន្តធុនធំផ្ទុកដឹកបំផ្លាញផ្លូវស្ពាន ជាក់ស្តែងការដឹកបំផ្លាញស្ពានគឺ(នី-អាត)បានធ្វើអោយបាក់ស្ពានយ៉ាងតិចចំនួន៣លើកមកហើយ តែអាជ្ញាធរឃុំ-ស្រុក-ខេត្ត សមត្ថកិច្ច ជំនាញ ពិសេសខាងសាធារណៈការខេត្តផងដែរក៏មិនដែលគិតគូរឿងនេះ សំខាន់សុទ្ធទទួលប្រយោជន៍ពីសកម្មភាពដឹកជញ្ជូនឈើនេះទៅវិញ? ថ្មីៗនេះទៀត(នី-អាត)ដឹកបាក់ស្ពានទាំងព្រឹក បែរជាអាជ្ញាធរ សមត្ថកិច្ច ជំនាញពាក់ព័ន្ធបិទបាំងរឿងនេះ ការឆ្លើយតបជាមួយកាសែតក្នុងស្រុកគ្រាន់និយាយថាមិនដឹង មិនទាន់ទទួលដំណឹង ឬដោយពាក្យថា៖ ចាំអោយមន្ត្រីចុះចាត់ចែង ផ្ទុយទៅវិញបែរជាមានចេតនាឃុបឃិតជាមួយឈ្មួញផ្តល់ដំណឹងទៅកាន់ឈ្មួញអោយយកឡានផ្ទេរឈើនិងយកកម្មករទៅលើកឈើចេញពីកន្លែងកើតហេតុ ក្នុងបទល្មើសជាក់ស្តែងនេះបែបជាចំហរយ៉ាងព្រងើយ។
បែកចេញពីផ្ទៃក្នុងសម្ងាត់មួយបង្ហើបពីសមត្ថកិច្ច អាជ្ញាធរ ជំនាញខេត្តក្រចេះនិងពីថ្នាក់ជាតិខាងនគរបាល គយចល័តផងដែរយកលុយពីឈ្មួញទាំង(នី-អាត)និងឈ្មួញជាច្រើនទៀតមួយខែប៉ុន្មានដុល្លារ មួយឡានប៉ុន្មានយ៉ាងជាក់ច្បាស់ ហើយពួកអ្នកទាំងនេះ យកមកធ្វើមានបានទល់បច្ចុប្បន្ននិងមានមុខមាត់ មានឱកាសកកូរកកាយកំចាត់មន្ត្រីស្លូតត្រង់ ដោយយកលុយធ្វើជាអំណាច។
រាល់សកម្មភាពឈើទាំងនោះបន្តដឹកទៅវៀតណាមតាមច្រកវ៉ាលឺ ប៉ុស្តិ២ ប៉ុស្តិ៣ ប៉ុស្តិក្រញូង និងតាមទីតាំងដីគ្រប់គ្រងដោយទាហានវរះលេខ២០៤យ៉ាងគំហុក។
ពាក់ព័ន្ធករណីនេះ«នគរវត្ត»មិនអាចទាក់ទងបានទៅសមត្ថកិច្ច អាជ្ញាធរ ជំនាញទាំងនោះបានទេ កាលពីរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧៕ ល័ក្ស្មុី