ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តសាំយ៉ុង ដឹកឈើគ្រឿងផ្ទះបុកម៉ូតូពេញទំហឹងស្លាប់បីនាក់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តស្ទឺងត្រែង៖ គ្រោះថ្នាក់ចរាចរណ៍ បង្កដោយរថយន្តសាំយ៉ុង ដឹកឈើគ្រឿងផ្ទះបុកម៉ូតូ ពេញទំហឹងជិះគ្នាបីនាក់ បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ ឯតៃកុងរថយន្តរត់បាត់ស្រមោល។

រថយន្តសាំយ៉ុងដឹកឈើក្តារបានបើកចេញពីផ្លូវខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា ឡាវ បានវាក់នឹងម៉ូតូជិះគ្នាបីនាក់បណ្តាលឲ្យបុកពេញទំហឹង ធ្វើឲ្យរថយន្តធ្លាក់ផ្លូវចូលព្រៃ ឯម៉ូតូរងការខូចខាតទាំងស្រុង ចំណែកអ្នកជិះម៉ូតូមានគ្នាបីនាក់ត្រូវបាត់បង់ជីវិតយ៉ាងអាណោច អាធ័ម នៅនឹងកន្លែងកើតហេតុ ។ លុះព្រឹកឡើងទើបមានការភ្ញាក់ផ្អើលដល់ពលរដ្ឋ និងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ និងប្រជាការពារភូមិ ។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង3និង35នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចបង្គោលគីឡូលេខ៥០ ស្ថិតក្នុងភូមិគីឡូម៉ែត្រេខ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចថ្លែងថាៈ រថយន្តដឹកឈើក្តារ និងគ្រឿងផ្ទះពាក់ ស្លាកលេខ ភ្នំពេញ 2S.4322 ពណ៌សំបកឪឡឹក បានចេញពីរដឹកឈើក្តារពីចំណុចខាងលើបម្រុងចេញមកផ្លូវជាតិលេខ7 ឆ្ពោះទៅខេត្តកំពង់ចាម ឆ្លងកាត់ខេត្តស្ទឹងត្រែង មកដល់ចំណុចខាងលើ បានវ៉ាក់បុកគ្នាជាមួយនឹងម៉ូតូម៉ាក WAVE ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1T.9710 ជីះគ្នា3នាក់ បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុភ្លាម។

ប្រភពបន្តថា ជនរងគ្រោះទី1 ឈ្មោះអ៊ំ ហុង ជា អាយុ50ឆ្នាំ 2 ឈ្មោះ វង់ ខុស អាយុ47ឆ្នាំ 3 ឈ្មោះ ម៉េង ខៃ អាយុ13ឆ្នាំ លុះសមត្ថកិច្ច ចុះពិនិត្យរួចរាល់ទើបប្រគល់សពឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណីខ្មែរ ចំណែករថយន្ត និងម៉ូតូជនរងគ្រោះនគរបាលប៉ុស្តិ៍ យកមករក្សាទុក រកម្ចាស់ចូលខ្លួនមកដោះស្រាយទៅតាមផ្លូវច្បាប់នៅពេលក្រោយ។

គួររំលឹកថាៈ រថយន្តដឹកឈើប្រណីត និងដឹកសសរក្តារ គ្រឿងផ្ទះ ពេលចេញដំណើរម្តងៗ គេសង្គេតឃើញមិនដែលបើកយឺត ឬបើកបរ ទៅតាមលក្ខណៈបច្ចេកទេស សាលាបើកបរម្តងណាទេ គេមិនគិតពីផលប៉ះពាល់ ឬបង្កគ្រោះថ្នាក់ដល់អ្នកដទៃដែលធ្វើដំណើតាមដងផ្លូវដូចគ្នានោះទេ ពេលបង្កឲ្យគ្រោះថ្នាក់ដល់អ្នកដទៃម្តងៗ ធ្វើឲ្យរងរបួសធ្ងន់ ស្រាល ឬក៏បាត់បង់អាយុជីវិតដល់អ្នកមិនដឹងអី ពួគគេនោះមិនបាននៅទទួលខុសត្រូវចំពោះមុខច្បាប់នឹងជនរងគ្រោះម្តងណានោះទេ ពួគគេតែងតែរត់គេចឲ្យរួចខ្លួនមិនទទួលខុសត្រូវ ទុកឲ្យជនរងគ្រោះរងទុក្ខវេទនាដល់អ្នករងគ្រោះយ៉ាងអាណោធអាធ័មតែប៉ុណ្ណោះ ៕ មាស សុផាត


ចែករំលែក៖