ភ្នំពេញ៖ កីឡាករ ពុទ្ធ សំបូរ មកពីក្លិប ពុទ្ធសេរីវង្សពោធិសែនជ័យ គឺជាអ្នកប្រដាល់ទី៦ និង កីឡាករ សៅ វណ្ណា មកពីក្លិប សុភាពនូមានជ័យ ជាអ្នកប្រដាល់ទី៧ ដែលបានឆ្លងផុតវគ្គជម្រុះ១៦នាក់សប្តាហ៍ទី៤ កាលពីយប់ថ្ងៃសៅរ៍ ទី០១ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅ សម្តែងនូវការព្រួយបារម្ភច្រើន ចំពោះការប្រកួត វគ្គជម្រុះជុំចុងក្រោយ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ ដ៏ខ្លីខាងមុខថា ជុំចុងក្រោយនេះ លំបាកខ្លាំងណាស់ ដោយសារមានអ្នកប្រដាល់ជើងចាស់ និងថ្មីសុទ្ធតែខ្លាំង និងមានសមត្ថភាពខ្ពស់ ។
កីឡាករ ពុទ្ធ សំបូរ បាននិយាយក្រោយចប់ការប្រកួត របស់ខ្លួនថា ខ្លួនមានការបារម្ភច្រើន ជុំវិញ ការប្រកួតជម្រុះជុំចុងក្រោយ បើតាមការសង្កេត របស់គេនាពេលកន្លងមក។ សំបូរ បញ្ជាក់ថា កីឡាករ ៧នាក់ ដែលឆ្លងផុតវគ្គជម្រុះ១៦នាក់ ដំណាក់កាលទី២នោះ ពួកគេមានថ្វីដៃល្អ និងមានសមត្ថភាពខ្ពស់ជាងខ្លួន គឺទី១-កីឡាករ សុខ សុវណ្ណា មកពីកងពលធំលេខ២ នៃកងយោធពលខេមរភូមិន្ទ, ទី២-កីឡាករ ផៃ គឹមហឿត មកពីក្លិបគីសែមានរិទ្ធ ខេត្តសៀមរាប ទី៣-កីឡាករ ថន វាសនា មកពីក្លិប នាគរាជមានជ័យ ទី៤-កីឡាករ មាស សុជាតិ មកពីក្លិប ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទី៥-កីឡាករ ពុយ វណ្ណៈ មកពីក្លិប ឃ្លាំងមឿងកីឡា ខេត្តពោធិសាត់ និង៦-កីឡាករ ឡុង ឡា មកបីក្លិបអប់រំកាយ និងកីឡាស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ និងទី៧ កីឡាករ សៅ វណ្ណា មកពីក្លិប សុភាពនូមានជ័យ”។
ពុទ្ធ សំបូរអះអាងថា ដើម្បីបានឆ្លងផុតវគ្គជម្រុះជុំចុងក្រោយនេះ “ខ្ញុំនឹងបន្ថែមនូវការហ្វឹកហាត់ទ្វេដង ដោយសំដៅលើកម្លាំងជាពិសេស បំប៉នសុខភាព និងទិចនិចប្រកួត ក្នុងពេលដែលចាំបាច់” ។ ចំពោះការបង្កើនការហ្វឹកហាត់នេះ ដោយសារសំបូរបានដឹងពីគូប្រកួតខ្លួនខ្លាំងជាង ខណៈជ័យជម្នះដែល សំបូរ រកបានក្នុងវគ្គជម្រុះ១៦នាក់ គឺជាកីឡាករជើងខ្លាំង ឌុន ប៊ុនធឿន មកពីក្លិប អេភូថងកីឡា តាមរយៈការប្រើស្នៀតជង្គង់ កែង នាំឲ្យលោកអាជ្ញាកណ្តាល ហង្ស ម៉ាកខេន រាប់ ប៊ុនធឿនចំនួន៨ ពីរលើក គឺនៅក្នុងទឹកទី២ និងទឹកទី៣។
ដោយឡែក កីឡាករ សៅ វណ្ណា ក៏សម្លឹងឃើញថា ការប្រកួតវគ្គជម្រុះជុំចុងក្រោយ មានការលំបាកខ្លាំងណាស់ដែរ ត្បិតអ្នកដែលរង់ចាំសុទ្ធតែជាជើងខ្លាំង ។ ដូចដែលកីឡាករ ពុទ្ធ សំបូរ បានរៀបរាប់ខាងលើរួចហើយ គឺអ្នកប្រដាល់ដែលបានឆ្លងផុតវគ្គ១៦នាក់ ពួកគេបានត្រៀមលក្ខណៈ មានរយៈពេលវែងជាងខ្លួនជាដើម ។
គួរបញ្ជាក់ថា តាមរូបមន្តប្រកួតជម្រុះ ឆ្លងតាមដំណាក់កាល របស់គណៈកម្មការរៀបចំការប្រកួត នៅលើសង្វៀនទូរទស្សន៍ប៉ុស្តិ៍លេខ៥ ដំណាក់កាលទី៣ ដែលមានកីឡាករ៨នាក់ ឆ្លងផុតវគ្គ១៦នាក់នោះ ពួកគេនឹងត្រូវប្រកួតបន្ត ដើម្បីឆ្លងចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ប៉ុន្តែវគ្គ៨នាក់នេះ ធ្វើឡើងចំនួន២សប្តាហ៍ ដោយមួយសប្តាហ៍ ប្រកួតតែ២គូប៉ុណ្ណោះ មានកីឡាករ៤នាក់ចូលរួមប្រកួត ។ ប៉ុន្តែនៅមិនទាន់ដឹងច្បាស់ថា កីឡាកររូបណាត្រូវឡើងប្រកួតជុំចុងក្រោយសប្តាហ៍ទី១ និងកីឡាករណាខ្លះត្រូវរង់ចាំប្រកួតសប្តាហ៍ទី២នៅឡើយទេ ។ ចំពោះដំណើរការប្រកួត ជុំចុងក្រោយដំណាក់កាលទី៣ លោក មាស សុគ្រី ស្នងការប្រកួតបានបញ្ជាក់យ៉ាងខ្លីថា ទំនងធ្វើនៅចន្លោះសប្តាហ៍ទី១ និងទី២ នៃខែកក្កដា ឆ្នាំ២០១៧ ៕ សារីម