ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡិចស៊ីសអត់ស្គាល់ម្ចាស់និងស្លាកលេខបុករះស្លាប់ម្នាក់ របួយសធ្ងន់ស្រាល៣នាក់

ចែករំលែក៖

ភ្នំពេញ៖ យ៉ាងហោចណាស់មានមនុស្សម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម នៅក្នុងថ្លុកឈាម និង៣នាក់ផ្សេងទៀត រងរបួសក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍រថយន្តបើកបុករះម៉ូតូ កាលពីវេលាម៉ោង៦ និង៤៥នាទីព្រឹកព្រលឹមអុរ ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧ នៅមុខបុរីប៉េងហួត (ដឺស្ដារអ៊េមឺរ៉លដ៍) តាមផ្លូវឧកញ៉ាម៉ុងឫទ្ធី ស្ថិតក្នុងភូមិគង្គារផុស សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

មន្ត្រីនគរបាលចរាចរខណ្ឌឫស្សីកែវ បានឲ្យដឹងថា ជនរងគ្រោះ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នោះ ទី១-ឈ្មោះឌួង ឆេង ភេទប្រុស អាយុ៥៤ឆ្នាំ ស្នាក់នៅផ្ទះលេខ៤២០ ផ្លូវលំ ភូមិព្រៃទា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ (ស្លាប់នៅនឹងកន្លែង) ទី២-ឈ្មោះ ហយ តុងហាន់ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាបុគ្គលិកក្រុមហ៊ុនឯកជនមួយ (របួស) ស្នាក់នៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ទី៣-ឈ្មោះអៀង រតនា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាបុគ្គលិកក្រុមហ៊ុនឯកជនមួយ(របួស) ស្នាក់នៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ (ជិះម៉ូតូសេ១២៥ ពណ៌ខ្មៅឌុបគ្នា) និងទី៤-មិនស្គាល់ឈ្មោះ ព្រោះគាត់លើកម៉ូតូជិះទៅបាត់ ក្រោយពេលកើតហេតុ របួសស្រាល ។

មន្រី្តនគរបាលចរាចរដដែលបានឲ្យដឹងទៀតថា មុនពេលកើតមានឧប្បត្តិហេតុដែល បណ្ដាលឲ្យមានមនុស្សស្លាប់ និងរងរបួសច្រើននាក់នោះ គេឃើញជនរងគ្រោះ៤នាក់ជិះម៉ូតូ៣គ្រឿង ក្នុងនោះមួយគ្រឿង ម៉ាកហុងដាគុបមូល ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1BJ-7656 និង២គ្រឿងទៀត ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ តាមបណ្តោយផ្លូវឧកញ៉ាម៉ុងឫទ្ធី ស្របទិសគ្នា ក្នុងទិសដៅពីលិចទៅកើត។លុះពេលជនរងគ្រោះទាំង៤នាក់ធ្វើដំណើរមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាកឡិចស៊ីស ពណ៌សមិនចាំស្លាកលេខ បានបើកបោះពួយយ៉ាងលឿនមកពីចម្ងាយ មកដល់បានជ្រុលចង្កូតទៅបុករះម៉ូតូរបស់ជនរងគ្រោះទាំង៣គ្រឿង ចំពីក្រោយពេញទំហឹង បណ្តាលឲ្យដូលរដូករណែលគរលើគ្នា។ឯរថយន្តបង្ក បានបន្ថែមល្បឿនគេចខ្លួនបាត់ស្រមោលតែម្តង

នៅពេលនោះគេឃើញ ជនរងគ្រោះម្លាប់ម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម នៅក្នុងថ្លុកឈាម និង៣នាក់ផ្សេងទៀត បានរងរបួសស្រាលត្រូវបានរថយន្តសាមុយដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យវាស់វែងនិងទាក់ទងទៅក្រុមគ្រួសារឲ្យមកដឹកសាកសពរបស់ជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី។ សមត្ថកិច្ចលួចបង្ហើបឲ្យដឹងថាតាមរយៈកាមេរ៉ាសុវត្ថិភាពរបស់បុរីប៉េងហួត សមត្ថកិច្ចសង្ឃឹមបានស្គាល់ស្លាកលេខរថយន្តបង្ក នឹងអាចតាមស្រាវជ្រាវចាប់ខ្លួនជនបង្ក នាំមកផ្តន្ទាទោសតាមច្បាប់ឲ្យបាន ៕ អរុណរះ


ចែករំលែក៖