ភ្នំពេញ៖ តារាស្រីសម្តីផ្អែមញញឹម ស្រស់ លឹម មួយហ្គេច បានធ្វើឲ្យអ្នកនៅ ក្នុងចំណោមសិល្បៈភ្ញាក់ផ្អើលខ្លាំងក្រោយពីនាងប្រកាសឡើងផ្ទះតម្លៃជាង៨ម៉ឺន ដុល្លារកាលពីចុងសប្តាហ៍មុននេះ។ ការ ទិញផ្ទះថ្មីនេះគឺស្របពេលដែលប្រជាប្រិយភាពរបស់នាងហក់ឡើងខ្លាំងជាងមុនផងដែរ ហើយនាងបានបដិសេធថា មិនមានជំនួយពីបុរសណាម្នាក់ទេ។
លឹម មួយហ្គេច បានរៀបចំពិធីឡើង គេហដ្ឋានថ្មីកាលពីយប់ថ្ងៃទី២ កក្កដា ឆ្នាំ២០១៧ ក្នុងបុរីប៉េងហួតដែលនាងបញ្ជាក់ថា ជាប្រាក់ដែលខំសន្សំ យ៉ាងលំបាក ទើបរកបានទ្រនំកក់ក្តៅដូចគេ។នាងថា ខំធ្វើការរកលុយពីសម្តែងទាំង យប់ទាំងថ្ងៃទម្រាំនឹងសម្រេចក្តីសុបិនមួយនេះដោយមិនមានជំនួយពីបុរសជាគូ ស្នេហ៍ណាមួយទេ។ នាងបន្តទៀតថា ផ្ទះថ្មីនេះនាងបានទិញក្នុងតម្លៃជាង៨ម៉ឺន ដុល្លារ ដែលមានចំណែកជាមួយម្តាយ និងប្រាក់ខ្លះទៀតរបស់នាងបានពីការខំធ្វើការទាំងយប់ថ្ងៃពីសិល្បៈជាច្រើនឆ្នាំ។ ពិធីករទូរទស្សន៍បាយយ័នរូបនេះរំពឹងដែរថា ការចូលមកនៅផ្ទះថ្មីនឹងមានក្តីសុខចម្រុងចម្រើនជួបតែសំណាងល្អ សុខភាពល្អ សុភមង្គល។ ម្យ៉ាងទៀតកាន់តែអរគុណ ដល់បងប្អូនមិត្តសិល្បករជាច្រើនបាន ស្រឡាញ់រាប់អាននាងបានចូលរួមក្នុង កម្មវិធីឡើងផ្ទះទាំងមេឃភ្លៀងពិតជាការ រាប់អានអស់ពីចិត្តមែន។ នាងបន្តដែរថា ប្រសិនបើមានអ្នកជួយនៅពីក្រោយមែននាងមិនបាច់ខំប្រឹង មិនស្គាល់យប់ មិនស្គាល់ថ្ងៃដូចបច្ចុប្បន្នទេ។
គួរបញ្ជាក់ដែរថា តារាសម្តែង លឹម មួយហ្គេច ទើបតែលេចធ្លោរមួយរយៈចុងក្រោយនេះ ដោយនាងត្រូវបានផលិតកម្មជាច្រើនហៅសម្តែងក្រោយយល់ថា មានទេពកោសល្យ និងរូបសម្រស់ស្អាត។នាងឧស្សាហ៍ចេញសម្តែងឲ្យផលិតកម្មមហាហង្ស ផលិតកម្ម PR និងទូរទស្សន៍ប៉ុស្តិ៍លេខ ៥ជាដើម៕ វឌ្ឍនា