ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋរស់នៅម្តុំផ្សារព្រែកខ្វិតព្រួយបារម្ភពីអគ្គីភ័យបន្ទាប់ពីមានផ្ទុះឆេះបង្គោលភ្លើងជាប់ស្ថានីយសាំងរបស់ឈ្មោះចាន់

ចែករំលែក៖

ភ្នំពេញ ៖ អាជ្ញាធរអគ្គិសនីកម្ពុជា ក៏ដូចជាអាជ្ញាធរដែនដី ធ្លាប់ហាមឃាត់រាល់ការសាងសង់សំណង់ផ្សេងៗកៀកក្បែរ ឬពីក្រោមខ្សែបណ្តាញអគ្គីសនីយ ឬបង្គោលភ្លើងដោយឱ្យទុកគម្លាតយ៉ាងតិច១០ទៅ១៥ម៉ែត្រ ជាប្រយោជន៍ចៀសវាងខ្លាចមានគ្រោះថ្នាក់ផ្សេងៗ ដែលកើតមានឡើងជាយថាហេតុ ប៉ុន្តែនៅតែមានជនខិលខូចមួយចំនួនបានឃុបឃិតគ្នាត្រូវដងត្រូវផ្លែគ្នា សាងសង់នូវសំណង់ផ្សេងៗរំលោភចូលដែនហាមឃាត់ដដែល បង្កឱ្យមានហានីភ័យខ្ពស់ដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរខាង ហើយពួកគាត់ព្រួយបារម្ភយ៉ាងខ្លាំងពីសុវត្ថិភាព ។

ជាក់ស្តែងមានស្ថានីយប្រេងតេលាមួយកន្លែងដែលគេស្គាល់ជារបស់ឈ្មោះ ចាន់ មានទីតាំងតាមបណ្តោយផ្លូវជាតិលេខ៦ កែងផ្លូវសម្តេចជាស៊ីម ម្តុំផ្សារព្រែកខ្វិត ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ បានសាងសង់ជាប់បង្គោលភ្លើង និងក្រោមខ្សែភ្លើងតែម្តង ដែលស្ថានីយប្រេងមួយនេះតាមមន្ត្រីសាលាខណ្ឌជ្រោយចង្វា អះអាងថា គឺសាងសង់អត់ច្បាប់តែម្តង ពោលគឺគេបានឃុបឃិតគ្នាជាមួយមន្ត្រីមួយចំនួនលួចលាក់សាងសង់បានយ៉ាងរលូន រហូតហើយរួចរាល់ដំណើរការលក់ដូរបានជាង២ឆ្នាំមកហើយ ។

អ្វីដែលប្រជាពលរដ្ឋនៅម្តុំផ្សារព្រែកខ្វិតព្រួយបារម្ភខ្លាំងនោះកាលពីវេលាព្រលប់ម៉ោងជាង៧ ថ្ងៃទី២ ខែ កក្កដា ឆ្នាំ២០១៧ បង្គោលភ្លើងដែលនៅជាប់ស្ថានីយប្រេងនោះ បានទុស្សេរ៍ខែ្សភ្លើងឆេះសន្ធោរសន្ធៅឡើង បណ្តាលឱ្យផ្អើលដល់ប្រជាពលរដ្ឋភ័យស្លន់ស្លោរត់ជាន់ជើងគ្នា រួមទាំងកម្មករចាក់សាំង និងម្ចាស់ការ៉ាសសាំងផងដែរ រួចហៅរថយន្តពន្លត់អគ្គីភ័យចំនួន៥គ្រឿង មកបាញ់ ទឹកនិងបិទបារ៉ែតមេ រយះពេលជិត១ម៉ោងទើបរលត់ ។

ប្រជាពលរដ្ឋបាននិយាយថា គេមិនដែលឃើញអ្នកណាធ្វើស្ថានីយសាំងនៅជាប់បង្គោលភ្លើងដូច្នេះទេ ព្រោះគេខ្លាចមានហេតុការណ៍ដូចនេះ កើតឡើង ហើយពួកយើងប៊ិះនឹងរងគ្រោះរលាយហិនហោចទាំងអស់គ្នា ដោយសារតែការ៉ាសសាំងមួយនេះ ។ ដូច្នេះពួកគាត់សំណូមពរទៅអាជ្ញាធរក្រសួងមន្ទីរក៏ដូចជាសមត្ថកិច្ចពាក់ពន្ធ័ ជាពិសេសអាជ្ញាធរអគ្គិសនីយ៍កម្ពុជា មេត្តាជួយមើលការ៉ាសសាំងរបស់ឈ្មោះចាន់នេះផង ៕ ជ្រោយពេជ្រ


ចែករំលែក៖