ព័ត៌មានទាន់ហេតុការណ៍៖

គាស់ផ្ទះលួចទ្រព្យបានសម្រេច តែគេចមិនរួចប្រជាពលរដ្ឋចាប់បានវាយទ្រមខ្លួន

ចែករំលែក៖

ភ្នំពេញៈ ម្ចាស់ផ្ទះបានចាប់ជនសង្ស័យម្នាក់ដែលកំពុងធ្វើសកម្មភាព គាស់សោទ្វារបន្ទប់របស់ គាត់លួចយកសម្លៀកបំពាក់ និងសម្ភារៈមួយចំនួន បានសម្រេច តែសំណាងអាក្រក់ រត់មិនរួច រួចប្រជាពលរដ្ឋមកដល់រួមគ្នា វាយម្នាក់ដៃម្នាក់ជើងទ្រមខ្លួន ទើបប្រគល់ឲ្យនគរបាលកាលពីវេលាម៉ោង៤និង១០នាទីយប់ថ្ងែទី៥ ខែកក្កដា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវលេខ២៧១ ទល់មុខមន្ទីរពេទ្យក្រហម ស្ថិតក្នុងសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពពីម្ចាស់ផ្ទះជាជនរងគ្រោះ បានឲ្យដឹងថា ជនសង្ស័យម្នាក់នេះ បានលួចចូលទៅគាស់សោទ្វារបន្ទប់ផ្ទះគាត់ ដោយមានបក្ខពួកចំនួនបីនាក់ចូលរួមផង។ ពេលដែលគាត់ទើបតែជិះម៉ូតូចេញពីធ្វើការមកផ្ទះវិញ ក៏មានអារម្មណ៍ថា បន្ទប់របស់គាត់ដូចជាមានមនុស្សចូល ស្រាប់តែគាត់ដើរចូលទៅមើលក៏ឃើញជនសង្ស័យម្នាក់កំពុង គាស់ទ្វារបន្ទប់គាត់លួចយកសម្លៀកបំពាក់ និងទ្រព្យសម្បត្តមួយចំនួនរួចបាត់ទៅហើយ។ពេលឃើញបែបនេះ គាត់ក៏ស្រែកឲ្យប្រជាពលរដ្ឋនៅជិតខាង ជួយចាប់ជនសង្ស័យ ប៉ុន្តែចាប់បានតែម្នាក់ ចំណែកបក្ខពួកពីរនាក់ទៀត បានរត់គេចខ្លួនទៅបាត់។

ជនសង្ស័យម្នាក់នេះត្រូវបានប្រជាពលរដ្ឋនាំគ្នាត្រួយវាយម្នាក់ដៃម្នាក់ជើង បណ្តាលឲ្យរងរបួសបែកក្បាលហូរឈាមពេញខ្លួន ហើយក្រោយកើតហេតុប្រហែល១០នាទី ជនសង្ស័យត្រូវបានសមត្ថកិច្ច នគរបាលប៉ុស្តិ៍បឹងទំពន់ឃាត់ខ្លួនយកទៅសាកសួរ និងចាត់ការតាមផ្លូវច្បាប់នៅប៉ុស្តិ៍ភ្លាមៗដែរ ៕ ប្រាថ្នា


ចែករំលែក៖