ព័ត៌មានទាន់ហេតុការណ៍៖

លោកចោរប្រើល្បិចខ្ពស់ ចងទ្វារផ្ទះមិនឲ្យម្ចាស់ចេញរួច លួចរថយន្តតួរីសទៅបាត់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានបាត់រថយន្តអស់មួយគ្រឿង បន្ទាប់ពីចោរ១ក្រុម មានល្បិចខ្ពស់ដោយមុនធ្វើសកម្មភាពលួចរថយន្ត ពួកគេយកខ្សែទៅចងទ្វារពីខាងក្រៅជាប់ព្រោះខ្លាចម្ចាស់ទាន់ចេញទៅធ្វើអន្តរាគមន៍។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅក្នុងបុរី «លឹម ឈាងហាក់» ក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ម្ចាស់ផ្ទះនិងជាម្ចាស់រថយន្តម្នាក់ ឈ្មោះ សុខ សែត អាយុ៣០ឆ្នាំ មានទីលំនៅក្នុងបុរី«លឹម ឈាងហាក់» ដែលមានទីតាំងស្ថិតនៅភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ បុរសនេះប្រាប់ថាគាត់បាត់រថយន្ត១គ្រឿងម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2M-0822ចំណុះ១២កៅអី ខណៈគាត់បានទុកនៅមុខផ្ទះរបស់គាត់ដូចសព្វដងហើយត្រូវចោរចូលទៅធ្វើសកម្មភាពលួចបាត់។

បុរសខាងលើបន្តទៀតថា នៅពេលដែលក្រុមចោរចូលទៅធ្វើសកម្មភាពលួចរថយន្តនោះគាត់បានភ្ញាក់ពីដេកហើយក៏ឃើញពីសកម្មភាពរបស់ចោរដែរ និងបានបើកទ្វារក្នុងបំណងចេញពីក្នុងផ្ទះស្រែកឲ្យគេជួយ ប៉ុន្តែមិនអាចចេញរួចឡើយ ព្រោះចោរនោះបានយកខ្សែចងទ្វារផ្ទះគាត់ពីខាងក្រៅជាប់ ។ ខណៈនោះគាត់ឆ្លេឆ្លាក្នុងផ្ទះបម្រុងទូរស័ព្ទប្តឹងសមត្ថកិច្ចមូលដ្ឋានឲ្យទៅជួយដែរតែគ្មានលេខទូរស័ព្ទក៏ទូរស័ព្ទទៅប្រាប់បងប្អូនឲ្យជួយ ប៉ុន្តែបងប្អូនទៅមិនទាន់ទៅដល់ផង ក្រុមចោរបានបើកយករថយន្តគេចខ្លួនទៅបាត់ស្រមោលទៅហើយ។ ភ្លាមនោះដែរបងប្អូនបានស្រាយចំណងទ្វារផ្ទះ ទើបគាត់ចេញពីក្នុងផ្ទះរួច និងបានជិះម៉ូតូដេញតាមចោរដែរ ប៉ុន្តែតាមមិនទាន់។

ជនរងគ្រោះបន្តថាដោយសារអស់សង្ឃឹមនឹងដេញតាមចោរលួយចរថយន្តមិនបានទើបគាត់ សម្រេចចិត្តទៅកាន់ប៉ុស្តិ៍នគរបាលចោមចៅ ដើម្បីដាក់ពាក្យបណ្ដឹងឲ្យជួយស្រាវជ្រាវរកមុខសញ្ញា ប៉ុន្តែ មកដល់ពេលនេះមានរយៈពេល៣ថ្ងៃហើយ នៅមិនទាន់បានដឹងដំណឹងនៅឡើយទេឃើញថាគាត់ហាក់អស់សង្ឃឹមខ្លាំងណាស់ និងរឹតតែក្រខ្លាំងទៀត ព្រោះសព្វថ្ងៃពឹង ផ្អែកលើរយន្តមួយគ្រឿងនេះគ្រាន់រត់ឈ្នួលយកលុយចិញ្ចឹមគ្រួសារ ៕ ប្រាថ្នា


ចែករំលែក៖