ភ្នំពេញ ៖ បុរសម្នាក់ដែលគេដឹងថាជំនួយការផ្ទាល់របស់លោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ត្រូវបាន បុគ្គលិកទទួលភ្ញៀវ បម្រើការងារនៅក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទាញកាំបិតប៉័ងតោកាប់រងរបួសធ្ងន់ ខណៈដែលជនរងគ្រោះកំពុងដើរនៅក្នុងអាកាសយានដ្ឋាន។ ហេតុការណ៍នោះបានបង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧ នៅក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ខណៈជនរងគ្រោះកំពុងទៅរង់ចាំទទួលសាច់ញាតិរបស់លោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវមកពីបរទេស។
បុរសរងគ្រោះឈ្មោះ កែវ សូថា អាយុ៥១ឆ្នាំ ជាជំនួយការផ្ទាល់លោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ មានទីលំនៅផ្លូវលេខ៥៩៨ ភូមិក្រោលគោ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឫស្សីកែវ ហើយកំពុងសម្រាកព្យាបាលរបួសនៅក្នុងមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ។រីឯជនដៃដល់ឈ្មោះ កែវ ភារម្យ អាយុ២៥ឆ្នាំ មុខរបរអ្នកទទួលភ្ញៀវចុះពីលើយន្តហោះ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ18UH ផ្លូវK4A ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ បុរសនេះត្រូវបានកម្លាំងសន្តិសុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញចាប់ខ្លួនប្រគល់ឲ្យនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនីតិវិធី។
សាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុខណៈជនរងគ្រោះកំពុងដើរកាត់តាមស្ថានីយអ្នកដំណើរ នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ រង់ចាំទទួលសាច់ញាតិរបស់លោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ មកពីបរទេសមិនដឹងរឿងអី ស្រាប់តែជនដៃដល់យកកាំបិតប៉័ងតោ មកកាប់ទៅលើក្បាលជនរងគ្រោះជាច្រើនកាំបិតបណ្ដាលឲ្យរងរបួសធ្ងន់ហើយជនរងគ្រោះបានស្រែកឲ្យគេជួយ បង្កឲ្យមានការភ្ញាក់ផ្អើលពេញព្រលាន ទើបភ្លាមនោះ កម្លាំងសន្តិសុខ ឃាត់ខ្លួនបានភ្លាមៗជាមួយកាំបិតប៉័ងតោ១ដើមផងដែរ ។
យ៉ាងណាក្នុងករណីនេះមន្រី្តនគរបាលខណ្ឌពោធិ៍សែនជ័យលួចបង្ហើបឲ្យដឹងថា ជននោះមានបញ្ហាផ្នែកខួរក្បាល ទើបនៅសុខៗកាប់ជនរងគ្រោះបែបនេះ តែគេមិនគួរយកមនុស្ស ប្រភេទនេះធ្វើការនៅកន្លែងពិសេសបែបនេះឡើយ។ គេសង្ស័យថាជននោះមានខ្នងក្រាស់ទើបមានសំណាងបានធ្វើការនៅកន្លែងខ្លាញ់តែគេមានការព្រួយបារម្ភខ្លាំងបើមិនចាត់ការតាមច្បាប់ទេ ថ្ងៃក្រោយជននេះអាចនឹងកាប់អ្នកផ្សេងទៀត៕ ប្រាថ្នា