ភ្នំពេញ៖ យុវជនប្រុស្រី២នាក់ បានជិះម៉ូតូឌុបគ្នាឆ្លងផ្លូវមិនប្រុងប្រយ័ត្ន ក៏ត្រូវបានម៉ូតូមួយគ្រឿងទៀតជិះឌុបគ្នាទាំងអ្នកបើក៤នាក់ មកបុកពីចហៀងយ៉ាងពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ស្រាល៦នាក់ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវ២១៧ ស្ថិតក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញម៉ូតូមួយគ្រឿងម៉ាក និច ពណ៌ក្រហមលាយខ្មៅ ដែលពាក់ស្លាកលេខ ភ្នំពេញ 1FO-6431 ជិះដោយយុវជនម្នាក់ រួមដំណើរជាមួយនារីម្នាក់ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ក៏បានបត់ឆ្វេងឆ្លងផ្លូវ២១៧ ខណៈនោះ ស្រាប់តែមានម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ ជិះឌុបគ្នាមានប្រុសមានស្រី ទាំងអស់៤នាក់ បានធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីត្បូងមកជើងក្នុងល្បឿនយ៉ាងលឿន ហើយក៏មកបុកម៉ូតូនិចដែលកំពុងបត់ ចំពីចហៀងខាងស្ដាំយ៉ាងពេញទំហឹងបណ្ដាលឲ្យភាគីខាងម៉ូតូហង់ដាឌ្រីម រងរបួសធ្ងន់៣នាក់ និងស្រាលម្នាក់ ចំណែកភាគីខាងម៉ូតូនិច រងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់ បានដេករេលពេញថ្នល់តែម្ដង ។
ក្រោយពេលកើតហេតុភ្លាមៗ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ដើម្បីសម្រួលចរាចរណ៍ និងទាក់ទងទៅរថយន្ដសង្គ្រោះបន្ទាន់មកទទួលអ្នករបួសធ្ងន់ទៅមន្ទីរពេទ្យឯកជន ។
បន្ទាប់មកកម្លាំងសមត្ថកិច្ចជំនាញចុះមកដល់កន្លែងកើតហេតុ ហើយវាស់វែងយកម៉ូតូទាំង២គ្រឿង យកទៅរក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ ដើម្បីរង់ចាំភាគីទាំងសងចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ ៕ ភារ៉ា ដង្កោ