ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋរស់នៅបុរីចំការដូងប្រតិកម្មរឿងម្ចាស់បុរីទារលុយ៣០០ដុល្លាដើម្បីបំបែកប្លង់

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងបុរីចំការដូងខណ្ឌដង្កោកំពុងមានការឆ្ងល់ និងប្រតិកម្មជុំវិញម្ចាស់បុរី កាលព្រឹកថ្ងៃទី១៣កក្កដាដើរប្រាប់ពួកគាត់ ថា បើចង់បានប្លង់ផ្ទះយកទៅធ្វើប្លង់រឹងផ្ទាល់ខ្លួននោះគឺតម្រូវឲ្យបង់លុយចំនួន៣០០ដុល្លា។ ក្នុងករណីនេះពលរដ្ឋបានលើកឡើងថា ម្ចាស់បុរីចំការដូងហាក់បីដូចជាកេងចំណេញហួសហេតុពេក។

ពលរដ្ឋម្នាក់បាននិយាយថា គាត់ទិញផ្ទះបុរីចំការដូងនេះតម្លៃ៨ម៉ឺនដុល្លា ហើយយើងមានប្លង់ទទួលស្គាល់ត្រឹមសាលាខណ្ឌតែប៉ុណ្ណោះ។ ម្ចាស់បុរីប្រាប់ថា បើក្នុងករណីយើងចង់បានប្លង់នោះមកធ្វើជាប្លង់រឹងគឺត្រូវបង់លុយ៣០០ដុល្លាហើយយកទៅរត់ធ្វើប្លង់រឹងខ្លួនឯង។ ពលរដ្ឋដដែលនិយាយថា កាលពីមុនគេទារយើងដល់ទៅ៥០០ដុល្លាឯណោះ។ ប្លង់ទាំងនោះគេកាត់ចេញពីប្លង់រួមរួចហើយ គេរងចាំតែពលរដ្ឋយើងយកលុយទៅឲ្យគេ(ម្ចាស់បុរី)។

ទោះបីជាយ៉ាងនេះក្តី ប្រជាពលរដ្ឋម្ចាស់ផ្ទះខ្លះនិយាយថា ម្ចាស់បុរីចំការ ដូងមិនត្រូវទារលុយថែមទៀតទេ ព្រោះយើងចំណាយលុយទិញបុរីគាត់រាប់ម៉ឺនដុល្លារ ហើយករណីប្លង់ផ្ទះនិមួយៗត្រូវប្រគល់ឲ្យពួកយើង។ ពលរដ្ឋបន្តថា មិនត្រឹមតែប៉ុណ្ណឹងទេ សូម្បីតែថ្លៃតបណ្តាញទឹកភ្លើងចូលផ្ទះក៏ម្ចាស់បុរីចំការដូងយកលុយដែររហូតដល់ទៅ៥០០ដុល្លាឯណ្ណោះ។

ដោយឡែកបើតាមឲ្យដឹងបុរីផ្សេងៗ ម្ចាស់បុរីពុំទារលុយថ្លៃកាត់ប្លង់នោះ ទេ តែគ្រាន់តែថាអតិថិជនដែលបានទិញបុរីស្នាក់នៅទាំងត្រូវបានម្ចាស់បុរីប្រគល់ប្លង់ទន់ឲ្យទៅអ្នកទិញ ចំពោះម្ចាស់ផ្ទះចង់ទៅធ្វើប្លង់រឹងនោះស្រេចតែចិត្តម្ចាស់ផ្ទះ៕ តាឡឹម


ចែករំលែក៖