ខេត្តកណ្តាល៖ យ៉ាងហោចណាស់មានជនរងគ្រោះ០២នាក់ បានស្លាប់នៅកន្លែងកើតហេតុ និង២នាក់ទៀតរងរបួសធ្ងន់ ដោយគ្រោះថ្នាក់ចរាចររវាងរថយន្ត០២គ្រឿង បុកគ្នាកាលពីយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង២១និង៤៥នាទីរំលងអធ្រាត្រ ចន្លោះគីឡូម៉ែត្រលេខ២៩-៣០ នៅលើកំណាត់ផ្លូវជាតិលេខ១ ភូមិអង្គជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនរងគ្រោះទី១-ឈ្មោះ លន់ ទិត្យ ភេទប្រុស អាយុ២២ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ រស់នៅជ្រោយដង ឃុំរោងធំ ស្រុកកៀនស្វាយ និងទី២-ឈ្មោះ មាន សំបាន ភេទប្រុស អាយុ២៥ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ មានទីលំនៅក្នុងភូមិ-ឃុំជាមួយគ្នា និង២នាក់ទៀតមិនទាន់ស្គាល់អត្តសញ្ញាណ។
លោកព្រំ សំណាង អធិការរងទទួលការងារសណ្តាប់ធ្នាប់ចរាចរស្រុកកៀនស្វាយបានអោយដឹងថា មុនពេលគ្រោះថ្នាក់ សាក្សីបានឃើញរថយន្តទាំងគ្រឿងបើកបរក្នុងទិសដៅស្របគ្នា ពីភ្នំពេញទៅអ្នកលឿង ក្នុងនោះ រថយន្តដឹកកុងតឺន័រ ម៉ាក DONGENGKlNND ពណ៌ស ពាក់ស្លាកលេខ 3C-9060 បើកបរនៅពីមុខ ចំណែករថយន្តដឹកដីកែច្នៃ ជិះគ្នា៤នាក់ នៅក្នុងកាប៊ីនមុខបើកមកពីក្រោយ ។ មកដល់ចំណុចកើតហេតុ រថយន្តដឹកកុងតឺន័របានបន្ថយល្បឿន ព្រោះជិតដល់ផ្លូវបត់ចូលទៅកំពង់ផែស្វ័យតភ្នំពេញថ្មី ។ ពេលកំពុងបន្ថយល្បឿន ស្រាប់តែរថយន្តដឹកដីបើកមកពីក្រោយជាន់ហ្វ្រាំងបុកគូថរថយន្តកុងតឺន័រពេញទំហឹងបណ្តាលអោយអ្នកជិះក្នុងរថយន្តដឹកដីស្លាប់២នាក់នៅកន្លែងកើតហេតុ និងពីរនាក់ទៀតរងរបួសធ្ងន់ ដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យរុស្សី ដោយឡែកអ្នកបើកបររថយន្តកុងតឺន័ររត់គេចខ្លួនបាត់ ។
ករណីនេះបង្កឡើងដោយសារតែអ្នកបើកបររថយន្តដឹកដីកែច្នៃខ្វះការប្រុងប្រយ័ត្ន និងមួយផ្នែកទៀតបណ្តាលមកពីកត្តាមធ្យោបាយកែច្នៃគ្មានបច្ចេកទេស ។
បច្ចុប្បន្នរថយន្តទាំង២គ្រឿងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕ សណ្តោស