ខេត្តពោធិ៍សាត់៖ កម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌនៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ មូលដ្ឋានកងរាជអាវុធហត្ថក្រុងពោធិ៍សាត់សហការគ្នា ចុះអនុវត្តដីការបស់សាលាដំបូងខេត្តពោធិ៍សាត់ ក្នុងនោះឃាត់ខ្លួនស្រ្តីម្នាក់ពីបទប៖ ការក្លែងបន្លំ និងប្រើប្រាសឯកសារក្លែង។
ប្រតិបត្តិការខាងលើធ្វើឡើងកាលពីព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិពាលញែក ១ សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីកម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌនៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដែលបានចុះប្រតិបត្តិការក្នុងការអនុវត្តខាងលើបានឲ្យដឹងថា ស្រ្តីត្រូវអនុវត្តឈ្មោះ ដួង សុខុម ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំភូមិក្រសាំងគ្រួ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានខាងលើបន្តថា ប្រតិបត្តិការអនុវត្តនេះធ្វើឡើងតាម ដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ១០៩ ចខ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ ចេញដោយលោក សុីន ពិសិដ្ឋ ចៅក្រមសុើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ ដោយចោទពីបទ៖ ការក្លែងបន្លំ និងប្រើប្រាសឯកសារក្លែង ប៉ុន្តែពុំបានបញ្ជាក់ប្រព្រិត្តនៅឯណា និងនៅថ្ងៃ.ខែ.ឆ្នាំណានោះទេ។
ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា ករណីអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន របស់សាលាដំបូងខេត្តបោធិ៍សាត់ខាងលើ ចំពោះជនសង្ស័យបានបញ្ជូនខ្លួនទៅសាលាដំបូងខេត្តពោធិ៍សាត់ហើយ នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ នេះ៕ ប៉ឹម ពិន