ព័ត៌មានទាន់ហេតុការណ៍៖

អគារប៊ូលឌីងដែលមានអាយុកាលជាង៥០ឆ្នាំបានលាយើងគ្រប់គ្នាជារៀងរហូតគ្មានពេលវិលត្រឡប់វិញឡើយ

ចែករំលែក៖

ភ្នំពេញ៖ ដូចការគ្រោងទុកនៅព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ អគារប៊ូលឌីងបាននិងកំពុងរៀបចំធ្វើពិធីក្រុងពាលីសុំការអនុញ្ញតពីម្ចាស់ទឹកដីដើម្បីវាយកម្ទេចចោលក្នុងគោលបំណងស្ថាបនានិងអភិ វឌ្ឍន៍អគារថ្មីជំនួសវិញក្នុងតំបន់ដដែលនោះ ។

សូមរំលឹកថា កាលពីពេលថ្មីៗនេះដោយ មានការសម្របសម្រួលពីរដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់លោក ជា សុផារ៉ា អ្នកប៊ូលឌីងបានចាកចេញជា មួយស្នាមញញឹម និងក្តីស្រមៃឃើញអគារស្កឹមស្កៃនៅលើទីតាំងចាស់នេះ ។

អ្នកស្រី ទុំ រដ្ឋា អាយុ៦៥ឆ្នាំ បានចូល មកកាន់កាប់បន្ទប់តូចមួយតាមរយៈការ ទិញបន្តពីអ្នករស់នៅមុនក្នុងតម្លៃមួយយ៉ាងទាបដើម្បីធ្វើជាផ្ទះសម្រាប់ស្នាក់នៅជាមួយ កូនប្រុសទោលរបស់អ្នកស្រី ហើយក្រោយ មកគ្រួសារនេះបានទិញបន្ទប់មួយទៀត ទម្លាយចូលគ្នាធ្វើឲ្យទំហំកើនដល់៧៣ ម៉ែត្រក្រឡា ។

ការកាន់កាប់បែបសហកម្មសិទ្ធិក្នុង សំណង់អគារបុរាណរបស់សម្តេចព្រះ នរោត្តម សីហនុ នេះបានធ្វើឲ្យគ្រួសារអ្នកស្រីទទួលបានសេចក្តីសុខនិងរីកចម្រើន ប៉ុន្តែមិនដែលនឹកស្រមៃថា ផ្ទះបែបបន្ទប់ របស់អ្នកស្រីអាចលក់បានក្នុងតម្លែខ្ពស់ឡើយ។ ផ្ទុយទៅវិញអ្នកស្រី និងកូនតែងតែព្រួយបារម្ភពីការបណ្ដេញចេញដោយ បង្ខំនិងមិនមានសំណងសមរម្យ ។

អ្នកស្រីបានបន្តថា «ខ្ញុំអរគុណលោក ជា សុផារ៉ា និងអរគុណក្រុមហ៊ុនជប៉ុនArak- awa ដែលហ៊ានទិញក្នុងតម្លៃខ្ពស់។ ខ្ញុំពិត ជាសប្បាយចិត្តណាស់» ។

ថ្មីៗនេះអ្នកស្រី ទុំ រដ្ឋា ឈរសម្លឹងមើលសកម្មភាពដឹកជញ្ជូនសម្ភារបរិក្ខាររបស់អ្នកជិតខាងក្រោមការជួយសម្របសម្រួលពី មន្ត្រីមកពីក្រសួងរៀបចំដែនដី នគរូបនីយ កម្ម និងសំណង់ ព្រមទាំងបុគ្គលិកមកពី ក្រុមហ៊ុន Arakawa ផងដែរ ។

លោក ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ និងជាអ្នកផ្តួចផ្តើមឲ្យមានការអភិ វឌ្ឍនៅតំបន់នេះបានប្រកាសថា ក្រុមហ៊ុន ជប៉ុនបានសម្រេចផ្តល់តម្លៃទិញរហូតដល់១៤០០ដុល្លារក្នុងមួយម៉ែត្រក្រឡាដែលជាតម្លៃមួយយ៉ាងខ្ពស់សម្រាប់សំណង់ បែបនេះ ។

លោក សេង ឡូត អគ្គនាយករដ្ឋបាល ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ធ្លាប់បានមានប្រសាសន៍ថា នៅក្នុង អគារប៊ូលឌីងនេះម្ចាស់បន្ទប់ជាង១៧០ ក្នុងចំណោម៤៩២បន្ទប់។ ក្រុមហ៊ុនអារ៉ា កាវ៉ានឹងចំណាយទឹកប្រាក់ជាង២៣លានដុល្លារអាមេរិកសម្រាប់ទិញបន្ទប់ទាំង៤៩២នេះជាបរិមាណទឹកប្រាក់ដ៏ច្រើនដែលក្រុម ហ៊ុនហ៊ានវិនិយោគក្រោមគំនិតផ្តួចផ្តើម និងសំណូមពរពីលោក ជា សុផារ៉ា ។

លោក សេង ឡូត បានមានប្រសាសន៍ ដូច្នេះថា «នេះជាតម្លៃលោកទេសរដ្ឋមន្ត្រីបានស្នើក្រុមហ៊ុន។ ចំណែកខាងក្រុមហ៊ុន វិញចង់ធ្វើអំពើល្អជួយសង្គម។ គម្រោងនេះ មានមនុស្សធម៌» ។

ចំណែកគ្រួសារអ្នកស្រី សឺន ថានបូរ៉ានី អាយុ៦៣ឆ្នាំ ដែលជាមន្ត្រីចូលនិវត្តន៍របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈហើយបាន ចូលមករស់នៅទីនេះតាំងពីឆ្នាំ១៩៧៩ពេល នេះអ្នកស្រីទទួលបានប្រាក់ចំនួន៤៩.០០០ ដុល្លារអាមេរិកសម្រាប់បន្ទប់ទំហំ៣២ម៉ែត្រ ក្រឡា។ ជាមួយស្នាមញញញឹមអ្នកស្រីអះ អាងថា អ្នកស្រីពេញចិត្តនឹងដំណោះស្រាយ នេះនិងពេញចិត្តលោក ជា សុផារ៉ា ដែល ធ្វើល្អចំពោះយើង ។

លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា បាន ប្រកាសថា «សូមអបអរសាទរយ៉ាងក្រៃលែងជាមួយបងប្អូនប៊ូលឌីង។ ចំណែក ឯកជនបានមកទទួលមូលប្បទានបត្រលក់ ដែលស្មើនឹង១៤០០ដុល្លារក្នុងមួយម៉ែត្រ ក្រឡា និងទឹកប្រាក់១០០ដុល្លារឧបត្ថម្ភ សម្រាប់ការរើអីវ៉ាន់ ព្រមទាំងក្រមាមួយនិង សារុងមួយដែលជាអំណោយរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីជាមួយនឹងក្តីសប្បាយ រីករាយឥតឧបមា» ។

ដើម្បីជាការអបអរសាទរ និងថ្លែងអំណរ គុណចំពោះការសហការដ៏ល្អនិងព្រមចាកចេញដោយញញឹមនេះលោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា ក៏បានរៀបចំពិធីជប់លៀងដ៏ធំមួយកាលពីល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០១៧ នៅលើទីតាំងចាស់ដោយមាននំបញ្ចុកខ្មែរដ៏ឆ្ងាញ់ចំនួន២តោនដើម្បីទទួលទានរួមគ្នាជាមួយម្ចាស់បន្ទប់ទាំង៤៩២ ។

ចាប់ពីពេលនេះតទៅមហាជននឹងលែងបានឃើញអគារប៊ូលឌីងទៀតហើយ។ វានៅសល់តែការនិទានតៗគ្នាពីរឿងរ៉ាវ និងអនុស្សាវរីយ៍អ្នករស់នៅទីនោះប៉ុណ្ណោះ។ ជាធម្មតាទេសម្រាប់ការអភិវឌ្ឍគឺតែងតែធ្វើយ៉ាងដូច្នេះ ។

យោងតាមហ្វេសបុ៊កផ្ទាល់របស់លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា បានថ្លែងកាលពីថ្ងៃ ទី១៦ ខែកក្កដា ឆ្នាំ២០១៧ថា ប្រជាពល រដ្ឋរស់នៅអគារប៊ូលឌីងប្រមាណជា៤៩២គ្រួសារបានព្រមព្រៀងលក់ផ្ទះនិងទទួលយកប្រាក់សំណងហើយអគារដ៏ចំណាស់ជាង៥០ឆ្នាំនេះ ។

លោកទេសរដ្ឋមន្ត្រីបានលើកឡើងថា «សូមអបអរសាទរគិតត្រឹមម៉ោងនេះបង ប្អូនរស់នៅអគារប៊ូលឌីង៤៩២។ ចំណែក ឯកជនស្មើនឹង១០០ភាគរយបានចុះកិច្ចសន្យាលក់ ចំណែកឯកជននៃអគារសហ កម្មសិទ្ធិប៊ូលឌីង(ស)»។

ជាមួយគ្នានោះលោកទេសរដ្ឋមន្រ្តីក៏ បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលធ្លាប់រស់នៅអគារប៊ូលឌីង និងសហការីរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ និងបុគ្គលិករបស់ក្រុមហ៊ុន ជប៉ុនដែលបានស្វះស្វែងឲ្យកិច្ចព្រមព្រៀងនេះបានសម្រេចផងដែរ ។

លោកទេសរដ្ឋមន្ត្រីបានលើកឡើងថា «សូមថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ប៊ូលឌីង ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អាជ្ញាធរមូល ដ្ឋាន ក្រុមហ៊ុនជប៉ុនArakawaនិងអ្នកពាក់ព័ន្ធទាំងអស់ដែលបានសហការ និងបង្ក លក្ខណៈឲ្យគម្រោងនេះអនុវត្តដោយជោគជ័យគួរជាទីមោទនៈក្រៃលែងនោះ»។

ប្រជាពលរដ្ឋរស់នៅអគារប៊ូលឌីងបានព្រមព្រៀងលក់កន្លែងស្នាក់នៅរបស់ពួកគេក្នុងតម្លៃ១.៤០០ដុល្លារក្នុងមួយម៉ែត្រ ការ៉េជូនទៅក្រុមហ៊ុន Arakawaរបស់ប្រទេស ជប៉ុន។ ការសម្រេចលក់របស់ប្រជាពល រដ្ឋប៊ូលឌីញនេះគឺបន្ទាប់ពីមានការសម្រប សម្រួលដ៏ត្រឹមត្រូវបំផុតពីរដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ។

អគារប៊ូលឌីងមានទីតាំងស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី ភ្នំពេញ បានសាងសង់ឡើងកាលពីឆ្នាំ ១៩៦៤មានទំហំ៤៩៣ម៉ែត្រការ៉េ និងមានប្រជាពលរដ្ឋរស់នៅចំនួន៤៩៣គ្រួសារ។ អគារនេះត្រូវបានក្រសួងរៀបចំដែនដីសហ ការជាមួយក្រុមហ៊ុនជប៉ុនArakawa សិក្សាអភិវឌ្ឍន៍ទៅជាអគារពាណិជ្ជកម្មបែបទំនើប មួយ មានកម្ពស់២១ជាន់ដែលគ្រោងនឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០១៧នេះហើយត្រូវចំណាយថវិកាប្រមាណពី៧០លានទៅ៨០លានដុល្លារអាមេរិក ៕ ហេង សូរិយា


ចែករំលែក៖