ភ្នំពេញ៖ បញ្ហាទីធ្លាសាលាសង្កាត់ស្ទឹង មានជ័យ ដែលអាជ្ញាធរយកធ្វើជាកន្លែង ទទួលបញ្ញើម៉ូតូឡានសម្រាប់អាជីវករ ក៏ ដូចជាពលរដ្ឋចូលផ្សារនោះរហូតមកដល់សព្វថ្ងៃនេះនៅតែបន្តធ្វើកុងត្រាជាមួយ ឈ្មួញដដែល។ បញ្ហាយកទីធ្លាសាលា សង្កាត់ផ្ញើម៉ូតូឡាននេះ គឺមានការរិះគន់យ៉ាងខ្លាំងពីប្រជាពលរដ្ឋដោយចោទថាលោក សេង សាញ់ អតីតចៅសង្កាត់ស្ទឹងមានជ័យទទួលបានចំណូលជាច្រើនក្នុង១ឆ្នាំៗ។ ចុះពេលនេះចៅសង្កាត់ស្ទឹងមាន ជ័យថ្មីមកពីគណបក្សសង្គ្រោះជាតិអាច លុបចោលកុងត្រាបញ្ឈប់ការផ្ញើម៉ូតូឡានបានដែរឬទេ? ព្រោះថាទីធ្លាសាលាឃុំ-សង្កាត់ ជាកម្មសិទ្ធិរបស់រដ្ឋ។ ដូច្នេះ មិនអាចអ្នកណាម្នាក់យកធ្វើអាជីវកម្មបានឡើយ ក្រៅតែពីយានជំនិះរបស់បុគ្គលិកបម្រើ ការនៅក្នុងសាលាឃុំ-សង្កាត់ ។
បើតាមប្រភពពីឈ្មួញទទួលបញ្ញើបានប្រាប់ថា យើងបានធ្វើកុងត្រាជាប្រចាំឆ្នាំ ហើយក្នុង១ឆ្នាំៗបង់រាប់ពាន់ដុល្លារ។ ឥឡូវនេះក្រោយពីចៅសង្កាត់ថ្មីមកកាន់តំណែងគេលែងបន្តកុងត្រាទៀតហើយ។
អតីតចៅសង្កាត់ចាស់គឺលោក សេង សាញ់ បានធ្លាប់ប្រាប់ថា ថវិកាទាំងនេះគឺលោកយកមកបែងចែកថ្លៃទឹកភ្លើង និង ឧបត្ថម្ភដល់កម្លាំងកងរាជអាវុធហត្ថជាង ១០នាក់ ដែលសម្រាកនៅទីនេះ ។
ក្រៅពីបញ្ហាខាងលើនេះ គេសង្កេតឃើញនៅជុំវិញសាលាសង្កាត់ស្ទឹងមានជ័យដែលអាជ្ញាធរ សង្កាត់បានបណ្តែតបណ្តោយឲ្យអាជីវករលក់ដូរនៅលើផ្លូវបេតុងស្ទើរ តែរក ផ្លូវដើរ ឬជិះម៉ូតូចូលផ្ទះពុំរួចនោះក៏ប្រឈមនឹងបញ្ហារិះគន់យ៉ាងខ្លាំងផងដែរថា នេះ មកពីអាជ្ញាធរសង្កាត់ជាអ្នកបែងចែកឲ្យគេលក់ និងតម្រូវឲ្យបង់លុយប្រចាំខែផង បង់ប្រចាំថ្ងៃផង ទារលុយថ្លៃភាស៊ីផង អនាម័យផង ថ្លៃ ការពារផង ដោយសារតែការយកលុយកាក់ពីអាជីវករនេះហើយ បានជាមិនអាចដេញ អ្នកលក់ដូរចេញ បានឡើយ ។ ហេតុដូច្នេះធ្វើឲ្យការលក់ដូរនៅលើផ្លូវនេះក្លាយជាជំងឺមហារីកដល់ សព្វថ្ងៃ ហើយអ្នកមានរថយន្តត្រូវបង្ខំចិត្តដាក់ផ្ញើនៅសាលាសង្កាត់ហើយក៏ត្រូវបង់លុយឲ្យសាលាសង្កាត់ផងដែរ។
លោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យក៏បានជំរុញដល់ចៅសង្កាត់ទាំងអស់ត្រូវតែយកចិត្តទុកដាក់លើបញ្ហាសណ្តាប់ធ្នាប់នេះមិនថា នៅលើ ដងផ្លូវលំ ឬផ្លូវធំនោះទេ។
បញ្ហាសណ្តាប់ធ្នាប់ដែលជាបញ្ហាស្មុគស្មាញបំផុតដូចវែកចក ការដាក់តាំងលក់ ដូររំលោភយកចំណីផ្លូវបង្កការកកស្ទះចរាចរណ៍ គឺអាជ្ញាធរសង្កាត់ខណ្ឌបានប្រឹងប្រែងរៀបចំដូចភ្លៀងរលឹម។ មិនមែនអាជ្ញាធរ មិនធ្វើ នោះទេ តែនៅពេលចុះរៀបចំ សណ្តាប់ធ្នាប់សាធារណៈលើដងផ្លូវម្តងៗ វាតែងតែប៉ះទង្គិចពាក្យសម្តីតូចធំជាមួយ នឹងក្រុមសណ្តាប់ធ្នាប់ ហើយក្រុមដែល មាននិន្នាការប្រឆាំងក៏តែងតែលើកឡើងថា អាជ្ញាធរធ្វើបាបតែ អ្នកក្រក្រី ជាពិសេសនៅលើផ្លូវវ៉េងស្រេងលូប្រាំ និងស្ពាន ដែកជាដើម ហើយពេលនេះគេ រង់ចាំមើល ថាតើលោកចៅសង្កាត់ថ្មីអាចដឹកនាំធ្វើបានឬទេ?៕ តាឡឹម