បើទោះបីសហគមន៍អន្តរជាតិបានបង្កើនការដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង បែបណាក្តីក៏ប្រទេសនេះ នៅតែអាចឈរ ជើងរឹងមាំ និងមានប្រាក់ជាច្រើនដើម្បីបន្តកម្មវិធី កាំជ្រួចមីស៊ីលនិងបរមាណូរបស់ ខ្លួន។
កន្លងមកក្រុមអ្នកឯកទេសបានលើកឡើងថា ប្រាក់ចំណូលរបស់កូរ៉េខាងជើង មានមកពីគ្រប់ទិសទីពិសេសគឺប្រទេសចិន និង ប្រទេសទ្វីបអាហ្វ្រិក ដែលមាន ទំនាក់ទំនង ជាប្រពៃណី ជាមួយកូរ៉េខាង ជើង តាំងពីយូរណាស់មកហើយ។ ប៉ុន្តែប្រាក់ចំណូលពីខាងក្រៅ មានប្រហែលជា ១០ភាគរយប៉ុណ្ណោះ ក្រៅពីនេះគឺចំណូលតាមរយៈប្រទេសចិន។ ចំណុចទាំងនោះ ហើយ បានជាអាមេរិក ដាក់គំនាបទៅ លើប្រទេសចិន ឲ្យទទួលខុសត្រូវ ចំពោះ បញ្ហាកូរ៉េខាងជើង ដែលនៅតែបន្តកម្មវិធីកាំជ្រួចមីស៊ីលនិងបរមាណូ ។
ទំនាក់ទំនងរវាងកូរ៉េខាងជើងនឹង បណ្តាប្រទេសនៅទ្វីបអាហ្វ្រិកមានប្រវត្តិតាំងពីជាង៥០ឆ្នាំកន្លងមកហើយៗនៅតែបន្តរក្សាបានយ៉ាងល្អ បើទោះបីកូរ៉េខាង ជើង រងការដាក់ទណ្ឌកម្មពីសហគមន៍អន្តរជាតិក្តី។
នៅតំបន់ភាគខាងត្បូងទ្វីបអាហ្វ្រិក មានចម្ងាយពីទីក្រុងព្យុងយ៉ាងជាង១៣ពាន់ គីឡូម៉ែត្រ ហើយកូរ៉េខាងជើងបានសាងសង់ តំបន់ឧស្សាហកម្មយ៉ាងប្រណីតនៅទីនោះ។ ជាច្រើនឆ្នាំកន្លងមក កូរ៉េខាងជើងបានចាត់ទុកទ្វីបអាហ្វ្រិក ជាប្រភពផ្តល់ប្រាក់យ៉ាងសំខាន់ដល់កូរ៉េខាងជើង តាមរយៈការដេញថ្លៃសាងសង់ហេដ្ឋារចនាសម្ព័ន្ធនិងលក់ អាវុធទៅកាន់ ទ្វីបអាហ្វ្រិក។ បើទោះបីចិនជាដៃគូពាណជ្ជកម្មធំរបស់កូរ៉េខាងជើង ប៉ុន្តែប្រភពចំណូលពីទ្វីបអាហ្វ្រិកដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការ អភិវឌ្ឍកម្មវិធី បរមាណូរបស់ប្រទេសនេះ។
ចំណែកនៅក្នុងប្រទេសចិន វិញ «មាត់ និយាយផ្សេង ធ្វើផ្សេង» ចិនបានចូលរួម ជាមួយសហគមន៍អន្តរជាតិដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើងដែរ ប៉ុន្តេ នៅចខាង ក្នុង ទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរនៅតែល្អប្រសើរជានិច្ច។
ក្រុមអ្នកវិភាគបានលើកឡើងថា ការណ៍ដែលចិនទុកឲ្យកូរ៉េខាងជើង មាន អាវុធបរមាណូនោះ គឺដើម្បីជាខែល រារាំង អាមេរិក ចូលមកកៀកព្រំដែនប្រទេសចិន ។ បើកូរ៉េខាងជើងមិនពង្រឹងអាវុធទេនោះ ប្រទេសនេះអាចនឹងត្រូវ អាមេរិកវាយ ប្រហារ ហើយ ពេលនោះ កម្លាំងអាវុធ របស់អាមេរិកនឹងចូលដល់មាត់ទ្វារប្រទេសចិនជាមិនខាន។
ចំណុចទាំងនោះហើយបានជារដ្ឋាភិបាលចិន ធ្វើមិនដឹងមិនឮ នៅតាមព្រំដែន ប្រទេសទាំងពីរ ទុកឲ្យឈ្មួញបន្តសកម្ម ភាព រកសុីជាមួយកូរ៉េខាងជើង ដដែល។ នៅឆមាសទីមួយឆ្នាំ២០១៧ការដោះដូរ ពាណិជ្ជកម្មរវាងចិន នឹងកូរ៉េខាងជើង កើនឡើងជាង១០% គឺជាកំណើនខ្ពស់ បំផុត ក្នុងពេលកូរ៉េខាងជើង កំពុង ប្រឈមនឹងវិបត្តិ។ចំណុចទាំងនោះបានបង្ហាញឲ្យឃើញថា ចិននិងកូរ៉េខាងជើង នៅតែ ដំណើរការពាណិជ្ជកម្ម យ៉ាងស្អិតល្មួត ដដែល ហើយកើនជាងមុនទៅទៀត ទើប អាចផ្គត់ផ្គង់កម្មវិធីមីស៊ីលនិងបរមាណូ បានយ៉ាងឆាប់រហ័ស។
រ៉ែមាស ប្រាក់ និង សារធាតុផ្សេងៗ របស់កូរ៉េខាងជើង មិនអាចនាំទៅកាន់ ប្រទេសណា ផ្សេងក្រៅពីប្រទេសចិនបាន ឡើយ ហើយក្រុមហ៊ុនចិន ក៏ទទួលបាន ផលចំណេញយ៉ាងច្រើន ពី ធនធានធម្មជាតិរបស់កូរ៉េខាងជើងដែរ ដោយសារតែ ទិញនៅក្នុងតម្លៃថោក។
យោងតាមតួលេខផ្លូវការ នៅឆមាសទី មួយឆ្នាំ២០១៧នេះ ការដោះដូរពាណិជ្ជ កម្មរវាងចិន នឹងកូរ៉េខាងជើង បានកើន ឡើងជាង១០% បើទោះបីជាចិន បាន សន្យាថានឹងខិតខំ ដាក់ទណ្ឌកម្មលើកូរ៉េ ខាងជើងក៏ដោយ។ តែយ៉ាងណា មន្ត្រី ចិនអះអាងថា តួលេខកើនឡើង នេះគឺផ្អែកលើការនាំចូលទំនិញប្រើប្រាស់ប្រចាំថ្ងៃ សម្រាប់ប្រជាជនកូរ៉េខាងជើង ឯការនាំ ចេញទំនិញកូរ៉េខាងជើង មកកាន់ចិន បានធ្លាក់ចុះខ្លាំងណាស់។
រដ្ឋបាលពន្ធដារចិនបានបង្ហាញតួលេខផ្លូវការថា នៅឆមាសទីមួយ ដើមឆ្នាំ ២០១៧នេះ ការដោះដូរពាណិជ្ជកម្មរវាង ចិន នឹងកូរ៉េខាងជើង បានកើនឡើង ចំនួន១០,៥%។ យោងតាមតួលេខ ដែលគិតទៅតាមអត្រាប្រាក់ដុល្លារនេះ បង្ហាញ ថា ការនាំចេញទំនិញចិន ទៅកាន់កូរ៉េខាង ជើង បានកើនឡើងចំនួន២៩,១% រឺឯការ នាំចូលទំនិញកូរ៉េខាងជើង មកកាន់ចិនវិញ បានថយចុះចំនួន១៣,២% ក្នុងរយៈពេល មួយឆ្នាំចុងក្រោយនេះ។
គួររំលឹកថា កាលពីត្រីមាសទីមួយ ដើមឆ្នាំ២០១៧ រដ្ឋាភិបាលចិន បានប្រកាសតួលេខកើនឡើងនៃការដោះដូរពាណិជ្ជ កម្មរវាងចិន នឹងកូរ៉េខាងជើង ដល់ទៅ ៣០,៦% បើគិតជាប្រាក់ដុល្លារ។ លោក ដូណាល់ ត្រាំ ធ្លាប់បានលើកឡើងពីតួ លេខនេះ ហើយបានរិះគន់រដ្ឋាភិបាលចិន ថាបានសន្យាតែមាត់ តែការពិត នៅតែបន្ត រកស៊ីជាមួយ កូរ៉េខាងជើងដដែល។
ទោះជាយ៉ាងណា លោក ហួង សុងពីង អ្នកនាំពាក្យរដ្ឋាភិបាលចិន បានលើក ឡើងថា គេមិនអាចសំអាងតែលើតួលេខនៅឆមាសទីមួយនេះ យកមកចោទរដ្ឋា ភិបាលចិន ថាមិនបានសហការ ក្នុងការដាក់ទណ្ឌកម្មលើកូរ៉េខាងជើងទេ។ ជាងនេះ ទៅទៀត បើផ្អែកលើតួលេខ យើងឃើញថា ការនាំចូលទំនិញកូរ៉េខាងជើង មកចិន បានថយចុះខ្លាំងណាស់ នៅរវាងដើមឆ្នាំ ២០១៧នេះ។ ជាក់ស្តែង ខែមេសា បាន ថយចុះ៤១,៦% ខែឧសភា ៣១,៦% និង ខែមិថុនា ថយចុះ ២៨,៩%។
អ្នកនាំពាក្យដដែលបានពន្យល់ថា ទណ្ឌកម្មសេដ្ឋកិច្ច មិនបានសំដៅដល់ ការហាមឃាត់ នូវការនាំចូលទំនិញទៅកាន់កូរ៉េខាងជើង ទាំងស្រុង នោះទេ។ ទំនិញ ដែលចិននាំចូលទៅ គឺជាទំនិញ ចំណី អាហារ សម្ភារប្រើប្រាស់ចាំបាច់ សម្រាប់ជីវិតប្រចាំថ្ងៃ របស់ប្រជាជនកូរ៉េខាងជើង។
ជាការពិត បើផ្អែកតាមតួលេខ ចិន បានបង្កើនការនាំចេញទំនិញ ទៅកាន់កូរ៉េ ខាងជើង តែបានបន្ថយការនាំចូលទំនិញកូរ៉េខាងជើងមកវិញ។ ទំនិញដ៏សំខាន់ និងជាប្រភពចំណូលចម្បងរបស់កូរ៉េខាងជើង គឺធ្យូងថ្ម ដែលចិន បានសម្រេចបិទលែង នាំចូល កាលពីខែកុម្ភៈ ដើមឆ្នាំនេះ ទៅតាមការទាមទាររបស់អង្គការសហប្រជាជាតិ។ យ៉ាងណាក៏ដោយ ទាំងអស់នេះ ជាតួលេខ ផ្លូវការតែប៉ុណ្ណោះ។ គេជឿថា ទំនិញកូរ៉េ ខាងជើង បានបន្តនាំចូលមកចិន តាមផ្លូវ ងងឹត គេចពន្ធ យ៉ាងសន្ធឹកសន្ធាប់ដដែល។ គឺបញ្ហានេះទៅវិញទេ ដែលរដ្ឋាភិបាលចិន គួរចាប់ផ្តើមដោះស្រាយ ដើម្បីបញ្ជាក់ពីភាពស្មោះត្រង់របស់ខ្លួន៕ ម៉ែវ សាធី