ព័ត៌មានទាន់ហេតុការណ៍៖

អ្នករកស៊ីដឹកបន្លែពីប្រទេសវៀតណាមត្អូញត្អែររឿងមន្ត្រីច្រកទ្វារព្រំដែនម៉ឺនជ័យកំណត់ឲ្យបង់លុយច្រើន

ចែករំលែក៖

ខេត្តព្រៃវែង ៖ ក្រុមអាជីវករដែលរកស៊ីដឹកបន្លែគ្រប់ប្រភេទពីវៀតណាមចូលមកខ្មែរ តាមច្រកទ្វារភាគី ម៉ឺនជ័យ ក្នុងស្រុក កំចាយមារ ខេត្តព្រៃវែង បានត្អូញត្អែររឿង មន្ត្រីច្រកបានកំណត់ឲ្យបង់លុយច្រើនធ្វើ ឲ្យពួកគាត់រកប្រាក់ចំណេញលែងបាន។

បើយោងតាមប្រភពពីពលរដ្ឋនៅឃុំ ក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែងបាន ឲ្យដឹងថា រាល់ថ្ងៃនេះគេឃើញសកម្មភាពអាជីវករដឹកបន្លែផ្លែឈើទំនិញជាច្រើន ប្រភេទ ដោយប្រើរថយន្ត៥តោន ២តោន កន្លះ១តោន និងរថយន្តសាំយ៉ុង រ៉ឺម៉ក ជាដើម ក្នុងមួយថ្ងៃៗរាប់សិបគ្រឿង គឺដឹកទាំងយប់ទាំងថ្ងៃ មិនដែលឃើញ សមត្ថកិច្ច ឬមន្ត្រីជំនាញប្រចាំច្រកឆែកឆេរ ឬពិនិត្យអ្វីឡើយគឺឃើញតែយកលុយពី អាជីវករប៉ុណ្ណោះ។

អាជីវករម្នាក់បានអះអាងថា ខ្លួនបាន ទិញបន្លែពីប្រទេសវៀតណាម ដោយដឹកតាមរថយន្តកូរ៉េប្រភេទ២តោនកន្លះ ចូល តាមច្រកម៉ឺនជ័យគឺមន្ត្រីប្រចាំការនៅច្រកនេះទាំងបួនស្ថាប័ន កំណត់ឲ្យបង់លុយ អស់៣៥០.០០០រៀល សម្រាប់បន្លែកន្លះ រថយន្ត តែបើពេញរថយន្តបង់ចាប់ពី ៥០០.០០០រៀលទៅ៦០០.០០០រៀល ក្នុងមួយជើង។ លោកបញ្ជាក់ថា រាល់ការ បង់លុយទាំងអស់ គឺមិនដែលមានក្រដាសស្នាមបង់ពន្ធអ្វីឡើយ ។

ប្រភពបានឲ្យដឹងថា បើសម្រាប់រថយន្តសាំយ៉ុងដឹកបន្លែឆ្លងកាត់ច្រកនោះ ក្នុង មួយជើងបង់ចាប់ពី២០០.០០០រៀល ទៅ៣០០,០០០រៀល ឯរថយន្តដឹកក្រដាសបង់ចាប់ពី១៥០.០០០រៀល ទៅ៣០០. ០០០រៀលក្នុងមួយជើង។ តែបើរ៉ឺម៉ក បង់ចាប់ពី១០០.០០០រៀល ទៅ ២០០. ០០០រៀល តាមដឹកតិច ឬច្រើន ។ ដោយ ឡែករ៉ឺម៉កតូចដែលដឹកសំបកកង់ ម៉ូតូក៏បង់ អស់៦០,០០០រៀលក្នុងមួយជើងដែរ ។

ប្រភពបានឲ្យដឹងទៀតថា រាល់ការ បង់លុយទាំងនោះ គឺគេតម្រូវឲ្យដើរបង់ តាមស្ថាប័ននៃមន្ត្រីប្រចាំការនៅទីនោះ មានដូចជា៖ គយ ស្នាក់ការកាំកុងត្រូល ប៉ុស្តិ៍ការពារព្រំដែន គឺបានចំណែកច្រើន ឬតិចទៅតាមជំនាញ ។

អ្នកដឹកបន្លែម្នាក់ ដែលសុំមិនបញ្ចេញ ឈ្មោះបានលើកឡើងថា គាត់រកស៊ីសព្វថ្ងៃដូចចិញ្ចឹមប្រពន្ធគេ ព្រោះរត់ការផ្លូវអស់ច្រើនបង់លុយមិនដែលខានមួយជើងណា ឡើយមិនចំណេញទេ តែមិនដឹងធ្វើម៉េច ចេះតែទ្រាំទៅ បើយើងហ៊ានតវ៉ាគេមិនឲ្យឆ្លងកាត់រឹតតែយ៉ាប់។

ឆ្លើយតបនឹងការលើកឡើងរបស់អាជីវករនេះ លោក ចាន់ រតនា ប្រធានច្រកទ្វេ ភាគីម៉ឺនជ័យបានឲ្យដឹងថា រឿងដឹកបន្លែ ហ្នឹងមានអីត្រូវឆ្ងល់ បើមានបន្លែដឹកច្រើនយើងបានច្រើនដែរ ហើយរាល់ការដឹក គឺមានអនុគ្រោះបង់ពន្ធមិនគ្រប់បើបង់គ្រប់ មិនងាប់ហើយ គឺគ្រាន់ដោះស្រាយបាយ ទឹកសមត្ថកិច្ច។ លោកបន្តថាហើយអាអ្នក ដឹកហ្នឹង គឺភាគច្រើនដឹកឲ្យគេទេ ដោយខ្លះ ដឹកដាក់ច្រើនសំពីងសំពោង ដើម្បីបាន ចំណេញច្រើន។

តែទោះជាយ៉ាងណាអាជីវករ ដែលដឹក បន្លែពីវៀតណាម ដោយឆ្លងកាត់តាមច្រកទ្វេភាគីម៉ឺនជ័យ គឺបានអះអាងថាមន្ត្រីច្រកតម្រូវឲ្យគាត់បង់លុយ ដោយមិនចេញ ក្រដាសស្នាមអ្វីទេ មានន័យថា ប្រាក់ដែលពួកគាត់បង់ឲ្យមន្ត្រីច្រករាល់ថ្ងៃនោះ គឺមិន បានចូលរដ្ឋឡើយ តែគាត់នៅតែបន្តបង់ព្រោះ ថាគាត់នៅតែដឹកជញ្ជូនរហូត៕ នរិន្ទ្រ


ចែករំលែក៖