ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ នេះ នឹងបើកសវនាការរឿងក្ដីលោក គឹម សុខ អ្នកឃ្លាំមើលបញ្ហាសង្គមនិងនយោបាយ ដែលសុំនៅក្រៅឃុំបណ្តោះអាសន្ន ។ នេះបើតាមការបញ្ជាក់របស់លោក ជូង ជូងី ជាមេធាវីការពារក្ដីលោក គឹម សុខ ថ្លែងប្រាប់មុននេះបន្តិច ។
គួរបញ្ជាក់ថា សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៦ខែកក្កដា ឆ្នាំ២០១៧ ខាងមុខនេះ នឹងបើកសវនាការ អង្គសេចក្ដី រឿងលោក គឹម សុខ ពាក់ព័ន្ធការចោទប្រកាន់ថា គណបក្សប្រជាជនកម្ពុជា ថា ជាអ្នកសម្លាប់លោកបណ្ឌិតកែម ឡី ។
បើតាមប្រភពព័ត៌មានច្បាស់ការណ៍ បញ្ជាក់ថា សវនាការនេះដឹកនាំដោយលោក គី ឫទ្ធី អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និង លោក សៀង សុខ ជាតំណាងអយ្យការ ។
លោក គឹម សុខ ត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារព្រៃស ហើយ កាលពីរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ តាមបណ្តឹងមេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលហ៊ានចោទ គណបក្សប្រជាជនកម្ពុជា ថា ជាអ្នកសម្លាប់លោកបណ្ឌិតកែម ឡី ។
លោក រស់ ពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនលោក គឹម សុខ បន្ទាប់ពីលោកព្រះរាជអាជ្ញារង សៀង សុខ សម្រេចចោទប្រកាន់ចំនួនពីរបទល្មើស គឺ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និង បទបរិហារកេរ្តិ៍ជាសាធារណៈ តាមមាត្រា៤៩៤ មាត្រា៤៩៥ និង មាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ ។
បច្ចុប្បន្នលោក គឹម សុខ នៅជាប់បណ្តឹងមួយទៀត ដែលប្តឹងដោយសម្តេចតេជោ ដូចគ្នា គឺ ពាក់ព័ន្ធការដែលលោក គឹម សុខ បានចោទប្រកាន់ ថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតប្រព័ន្ធសម្លាប់មនុស្ស រួចរកឃាតកមិនដែលឃើញ ៕ ចេស្តា