ព័ត៌មានទាន់ហេតុការណ៍៖

មួយយប់ៗឈ្មួញជា ពៅ ដឹកឈើធ្នង់ចេញពីស្រុកភ្នំក្រវាញ និងស្រុកវាលវែងតាមរថយន្តទួរីស និងរថយន្តយីឌុបមិនតិចជាង១០គ្រឿង

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ គេរាយការណ៍ថា ឈ្មួញជា ពៅកំពុងមានឥទ្ធិពលខ្លាំងក្នុងការដឹកជញ្ជូនឈើចេញពីស្រុកវាលវែង និងភ្នំក្រវាញ ខេត្តពោធិ៍សាត់ តាមផ្លូវជាតិលេខ៥ឆ្ពោះទៅកាន់ប្រទេសវៀតណាម ក្នុងមួយយប់ៗ គេអាចដឹកឈើចេញតាមរថយន្តយីឌុប និងរថយន្តទួរីសមិនតិចជាង១០គ្រឿងនោះទេ ។ ប្រភពបានបន្ថែមថា ឈ្មួញជា ពៅ គឺជាប្រភពឆ្នាំងបាយរបស់អាជ្ញាធរមានសមត្ថកិច្ចនៅក្នុងខេត្តពោធិ៍សាត់ទាំងមូល ។

សមត្ថកិច្ចនៅតាមដងផ្លូវក្នុងខេត្តពោធិ៍សាត់បានអះអាងថា ជារៀងរាល់យប់ចាប់ពីម៉ោង១១-១២ទៅ នៅតាមដងផ្លូវជាតិលេខ៥៥ និងផ្លូវខេត្តលេខ១៥៥ គេសង្កេតឃើញថាមានរថយន្តសាំយ៉ុង និងរថយន្តយីឌុបមិនក្រោម១០គ្រឿងឡើយ បានដឹកឈើប្រណីតប្រភេទធ្នង់ចេញពីស្រុកវាលវែង និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

សកម្មភាពឈ្មួញប្រមូលទិញ និងដឹកជញ្ជូនឈើធ្នង់ចេញពីស្រុកវាលវែង និងស្រុកភ្នំក្រវ៉ាញយកទៅលក់នៅប្រទេសវៀតណាមជារៀងរាល់យប់នេះ គេមិនឃើញសមត្ថកិច្ចនៅតាមដងផ្លូវណាមួយចេញមុខបង្ក្រាបនោះឡើយ ព្រោះឈ្មួញបានទាក់ទងបង់លុយតាមក្បាលរថយន្តជាមួយមេៗ សមត្ថកិច្ចទាំងអស់នោះរួចអស់ហើយ ដោយគេឃុបឃិតគ្នាប្រព្រឹត្តបទល្មើសជាប្រព័ន្ធតែម្ដង។

ជាក់ស្ដែងកាលពីវេលាម៉ោង១១ទៅម៉ោង១២យប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧នេះ យ៉ាងហោចណាស់ក៏មានក្បួនរថយន្តសាំយ៉ុងដឹកឈើធ្នង់ជិត១០គ្រឿងដែរ បានបើកបន្តកន្ទុយគ្នាចេញពីស្រុកវាលវែង និងស្រុកភ្នំក្រវ៉ាញ ឆ្ពោះមកភ្នំពេញដោយសមត្ថកិច្ចដែលឈរជើងនៅតាមដងផ្លូវមិនហ៊ានបង្ក្រាបទេ គឺបានត្រឹមតែឈររាប់ក្បាលរថយន្តដើម្បីរាយការណ៏ប្រាប់មេៗរបស់ពួកគេតែប៉ុណ្ណោះ ព្រោះមេៗខ្លាចពួកឈ្មួញស៊ីដាច់តួលេខ។ ប៉ុន្តែពេលរថយន្តបើកចូលដល់ភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ទើបកូនៗសមត្ថកិច្ចនៅខេត្តពោធិ៍សាត់ដែលមិនទទួលបានផលប្រយោជន៍ ក៏ទូរស័ព្ឌប្រាប់សមត្ថកិច្ចនៅខេត្តកំពង់ឆ្នាំងអោយចេញបង្ក្រាប តែបែកការណ៏ ចាប់បានតែមួយរថយន្តប៉ុណ្ណោះ ក្រៅពីនោះបានបើករត់គេចបាត់អស់។

ប្រភពបន្ថែមថា ជា ពៅ គឺជាឈ្មួញដែលមានឥទ្ធិពលជាងគេដោយគ្មានសមត្ថកិច្ចណាហ៊ានប៉ះឡើយ ព្រោះសុទ្ធតែទទួលផលប្រយោជន៍ពីឈ្មួញឈ្មោះជា ពៅ ទាំងអស់ សូម្បីតែមន្ត្រីមេព្រៃដែលជាជំនាញខាងបង្ក្រាប និងទប់ស្កាត់បទល្មើសព្រៃឈើនៅក៏អង្គុយរាប់ក្បាលរថយន្តយកលុយពីជា ពៅ ដែរ៕ ហេង សូរិយា


ចែករំលែក៖