ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះធម្មជាតិខ្យល់កន្ត្រាក់បណ្តាលឲ្យលិចទូកនេសាទ៣គ្រឿង និងបាត់មនុស្សមិនទាន់រកឃើញ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ រដ្ឋបាលស្រុកស្ទឹងហាវ បានថ្លែងឲ្យដឹងបន្ថែម​ពាក់ព័ន្ធនឹងគ្រោះធម្មជាតិ ​នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ថា ករណីគ្រោះធម្មជាតិខ្យល់កន្ត្រាក់បណ្តាលឲ្យលិចទូកនេសាទ៣គ្រឿង​ទៀត​ និងមានកម្មករទូកនេសាទ៤នាក់ធ្លាក់បាត់ពីលើទូក។

សមត្ថកិច្ចបញ្ជាក់ថា ទូកដែលលិចរួមមាន៖ ទូកមងក្ដាមប្រភេទ​ BE ម៉ាស៊ីន​គោយន្ត ទទឹង២,៥ម៉ែត្រ​ បណ្ដោយ១១ម៉ែត្រ​ លិចនៅចំណុចក្រៅថ្មរៀង​ នៅលើទូកនេះមានមនុស្ស៥នាក់​ ម្ចាស់ទូកឈ្មោះ​ អេង​ ហួង​ ភេទ​ស្រី​ អាយុ​៤៥ឆ្នាំ មុខរបរនេសាទ ទីលំនៅក្រុម៥ ភូមិ១​ ឃុំ​ទំនប់រលក​ ស្រុក​ស្ទឹងហាវ​ខេត្ត​ព្រះសីហនុ​ ។​

ករណីខាងលើនេះ បណ្តាលឲ្យបាត់មនុស្សម្នាក់ជាក្មួយម្ចាស់ទូកឈ្នោះ អេង​ តុង ភេទប្រុស អាយុ១៨ឆ្នាំ​ មុខរបរ​កម្មករនេសាទ​ ទីលំនៅក្រុម៤ ភូមិ១ ឃុំទំនុបរលក​ ស្រុកស្ទឹងហាវ​ ខេត្ត​ព្រះសីហនុ​ ។ ​បច្ចប្បន្ន​ទូក​ និងមនុស្សមិនទាន់រកឃើញនៅឡើយ​ ។

ទូកមងក្ដាម ប្រភេទ​ កន្ទុយវែង​ ទទឹង​២,១០ម៉ែត្រ​ បណ្ដោយ​១១ម៉ែត្រ​ លិចនៅចំណុច ពយយាយម៉ី ចម្ងាយ២ម៉ាយ​ ។​ ម្ចាស់ទូកឈ្មោះ ខេង​ ណាង​ ភេទប្រុស ​អាយុ​២៩ឆ្នាំ​ មុខរបរ​នេសា​ទ​ ទីលំនៅ ក្រុម៧​ ភូមិ១ ​ឃុំ​ទំនប់រលក ​ស្រុក​ស្ទឹងហាវ​ខេត្ត​ព្រះសីហនុ​ ។​ ករណីនេះមិនបណ្ដាលឲ្យបាត់បង់ជីវិតមនុស្សទេ​ ។ ទូកត្រូវបានសាច់ញាតិជួយអូសមករក្សាទុកនៅព្រែក​រ៉ុង​រាំង ។

ទូកនេសាទម៉ាស៊ីនគោយន្ដមួយគ្រឿង លិចនៅចំណុច អាវ​ឡាតាន់​ ឃុំព្រែកខ្សាច់ ស្រុកបុទុមសាគរ ខេត្តកោះកុង ។​ ទូកមានទំហំ ទទឹង២,៨ម៉ែត្រ បណ្ដោយ១១ម៉ែត្រ លើទូកមានមនុស្ស៣នាក់ ។ ម្ចាស់ទូកឈ្មោះ សេង សន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរនេសាទ មានទីលំនៅក្រុម៤ ភូមិ២ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។ ករណីខាងលើបណ្ដាលឲ្យបាត់ខ្លួនមនុស្ស២នាក់​ ។

ករណីមនុស្សម្នាក់ធ្លាក់ពីលើទូកម៉ាស៊ីនគោយន្តពេលកំពុងនេសាទ​ ​នៅចំណុច អាវ​ឡាតាន់​ ឃុំ​ព្រែកខ្សាច់ ស្រុកបុទុមសាគរ​ ខេត្ត​កោះកុង ។ ជនរងគ្រោះមានឈ្មោះ​ ជ័យ​ គួន​ ភេទប្រុស​ អាយុ៤០ឆ្មាំ​ មុខរបរកម្មករនេសាទ​ មានទីលំនៅ​ក្រុម១៣ ភូមិ៣​ ឃុំទំនប់រលកស្រុកស្ទឹងហាវ​ ខេត្ត​ព្រះសីហនុ​ ។​ ម្ចាស់ទូកឈ្នោះ​ ឆាយ​ ប្រុស​ អាយុ​៣៧ឆ្នាំ​ មុខរបរនេសាទ ​មានទីលំនៅក្រុម១៦​ ភូមិ​១​ ឃុំ​ទំនប់រល​ក​ ស្រុក​ស្ទឹងហាវ​ ខេត្ត​ព្រះសីហនុ។

បច្ចប្បន្ន​ ជនរងគ្រោះ​ត្រូវ​បាន​សាច់ញាតិ​កំពុង​ស្វែងរក​​៕ ឆ្លាម សមុទ្រ


ចែករំលែក៖