ព័ត៌មានទាន់ហេតុការណ៍៖

ហ្វុីលីពីនមិនទាន់អាចយកឈ្នះក្រុមភេរវកម្មនៅទីក្រុងម៉ារ៉ាវី

ចែករំលែក៖

កម្លាំងទាហានហ្វុីលីពីន ដែលបើកការវាយប្រហារទៅលើក្រុមភេរវកម្ម ម៉ូតេ (Maute) ដែលមានភាពជិតស្និទ្ធបំផុត ជាមួយក្រុម ភេរវកម្ម IS នៅប្រទេស អីុរ៉ាក់និងស៊ីរី បន្តបរាជ័យ ធ្វើឲ្យពលរដ្ឋត្រូវបន្តភៀសខ្លួនទៅកាន់តំបន់សុវត្ថិភាព។

ការណ៍ដែលហ្វុីលីពីនមិនអាចយកឈ្នះក្រុមភេរវកម្មដែលមានគ្នាតែប៉ុន្មានរយនាក់នោះ ដោយសារតែប្រទេសនេះមិនមាន បទពិសោធន៍នៅក្នុងសង្គ្រាមប្រឆាំង ក្រុមភេរវកម្ម ក្នុងនោះមានយុទ្ធសាស្ត្រ វាយប្រហារជាដើម។ នៅក្នុងសង្គ្រាមជាង ១ខែកន្លងមកទាហានអាកាសហ្វុីលីពីន បានវាយប្រហារច្រឡំដល់ទៅពីរលើក សម្លាប់ទាហានខ្លួនឯង អស់ជាច្រើននាក់។

មួយវិញទៀត ប្រធានាធិបតីប្រទេសនេះមិនព្រមទទួលយកការជួយអន្តរាគមន៍ពី អាមេរិក ក្នុងការវាយប្រហារទៅលើក្រុមភេរវកម្ម នៅទីក្រុងម៉ារ៉ាវីឡើយ។ កន្លងមកចិនក៏បានផ្តល់ជំនួយអាវុធជាច្រើនក្នុងការប្រឆាំងក្រុមភេរវកម្ម ផងដែរ។

ដោយសារតែការមិនអាចយកឈ្នះ ទៅលើក្រុមភេរវកម្មនោះ វិមានប្រធានា ធិបតី ហ្វុីលីពីន កាលពីថ្ងៃទី ១៦ខែកក្កដា បានស្នើដល់ពលរដ្ឋ ដែលរស់នៅទីក្រុង ម៉ារ៉ាវី ដែលស្ថិតក្រោមការវាយប្រយុទ្ធគ្នា ត្រូវរង់ចាំសិនរហូតដល់ប្រតិបត្តិការបោសសម្អាត របស់ក្រុមសន្តិសុខ បញ្ចប់បេសក កម្មរបស់ខ្លួន ដោយជោគជ័យ ទើបអាច ត្រឡប់ទៅផ្ទះសម្បែង របស់ពួកគេវិញ បាន។

យោងតាមសារព័ត៌មាន Philstar ចេញផ្សាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០១៧ បានឲ្យដឹងថា បើតាមសេចក្តីរាយ ការណ៍នៅមុននេះ គឺមានពលរដ្ឋមួយចំនួន ដែលបានភៀសខ្លួនចេញពីទីក្រុងនេះ មានបំណងនឹងត្រឡប់ទៅផ្ទះពួកគេវិញ នៅថ្ងៃទី២៤កក្កដាខាងមុខ។ រដ្ឋាភិបាល មិនទាន់អាចគ្រប់គ្រងស្ថានការណ៍ នៅក្នុង ទីក្រុងម៉ារ៉ាវី បានទាំងស្រុងនៅឡើយ ទេ ដោយសារតែមានពួកឧទ្ទាម ដែលមាន ទំនាក់ទំនង នឹងក្រុមឧទ្ទាមរដ្ឋអ៊ិស្លាម នៅតែរឹងទទឹងតដៃជាមួយក្រុមកងកម្លាំងរដ្ឋាភិបាលនៅឡើយ បន្ទាប់ពីក្រុមនេះ ចូល កាន់កាប់ក្រុង កាលពីថ្ងៃទី២៣ ខែមិថុនា។

ជាមួយគ្នានោះដែរ កងទ័ពនឹងលែង កំណត់ថ្ងៃ ក្នុងប្រតិបត្តិការនេះទៀតហើយ បន្ទាប់ពីបរាជ័យក្នុងកំណត់ពេលដោយ ខ្លួនឯងមក។

បើតាមអ្នកនាំពាក្យប្រធានាធិបតី លោក Ernesto Abella បាននិយាយថា គេនៅតែមិនទាន់ធានាបានថា តំបន់ដែលស្ថិតនៅក្រៅសមរភូមិក្តៅនោះ អាចធានាសុវត្ថិភាពបានប៉ុណ្ណោះនោះទេ បន្ទាប់ពី មានសេចក្តីរាយការណ៍មកថា មានស្នូរ គ្រាប់កាំភ្លើង និងសំឡេងផ្ទុះ បន្ទាប់ពីយោធារដ្ឋាភិបាលបានចាកចេញអស់។

លោក Abella ថា យើងយល់ពីមនោ​សញ្ចេតនា របស់អ្នកស្រុក Marawi ដែល ចង់វិលត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីត្រូវគេ បង្ខំចេញពីទីក្រុងមួយនេះ។ តែទោះយ៉ាង ណាក៏ដោយ រដ្ឋាភិបាលមានការព្រួយបារម្ភចំពោះសុវត្ថិភាព និងសុខុមាលភាព របស់ ជនស៊ីវិលទាំងអស់ ជាពិសេសស្ត្រី និងកុមារ៕ ម៉ែវ សាធី


ចែករំលែក៖