ខេត្តកំពង់ធំ ៖ ព្រះបដិមា តូច ធំ ជាច្រើន ធ្វើអំពីថ្ម និងថ្មស៊ីម៉ងត៍ រួមទាំងគ្រឿងបូជា ព្រះមួយចំនួនទៀត នៅក្នុងព្រះវិហារវត្ត ឈើទាល ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ត្រូវអគ្គិភ័យឆាបឆេះ កាលពី វេលាម៉ោងជាង ១២ថ្ងៃត្រង់ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ ។
តាមប្រភពព័ត៌មានពី ព្រះសង្ឃមួយអង្គ ដែលឃើញហេតុការណ៍ផ្ទាល់បានឲ្យដឹងថា នៅម៉ោងជាង១២ថ្ងៃត្រង់ បន្ទាប់ពីព្រះសង្ឃឆាន់ចង្ហាន់ត្រង់ហើយនោះ ស្រាប់តែ មានផ្សែង និងអណ្ដាតភ្លើងហុយចេញ ពីខាងក្នុងព្រះវិហារ ព្រះអង្គក៏បានស្រែកឆោឡោឲ្យគេឯងជួយពន្លត់និងចាក់សោ បើកទ្វារបង្អួចចូលទៅក្នុងព្រះវិហារឃើញអណ្ដាតភ្លើងឆេះសន្ធោសន្ធៅ ទើបនាំគ្នា ពន្លត់យ៉ាងញាប់ដៃញាប់ជើងប៉ុន្ដែភ្លើងនៅតែឆាបឆេះដំបូលខាងលើ បន្តទៀត។
ក្នងនោះគេសង្កេតឃើញសម្ភារៈក្នុង ព្រះវិហារដូចជា ព្រះពុទ្ធបដិមាតូចៗ ធ្វើអំពី ថ្មស៊ីម៉ងត៍ និងធ្វើពីថ្មភក់ជាច្រើនព្រះអង្គ ត្រូវបានឆេះខូចខាត នៅសល់តែព្រះបដិមា ធំៗតែប៉ុណ្ណោះ។ ចំណែកកន្ទេល និង ទៀនវស្សា រួមទាំងសម្ភារផ្សេងៗជាច្រើនទៀតត្រូវបានឆាបឆេះអស់គ្មានសល់។
លោក យ៉ង សំ អធិការនគរបាលស្រុក ស្ទោងបានឲ្យដឹងថា នៅក្នុងហេតុការណ៍នេះកម្លាំងនគរបាលបង្ការនិងពន្លត់អគ្គិភ័យ បានញាប់ដៃញាប់ជើងមកជួយពន្លត់ ដើម្បីកុំឲ្យឆាបឆេះរាលទៅកុដិ និងកន្លែង ផ្សេងៗ ដោយមន្ដ្រីជំនាញបានប្រើប្រាស់ រថយន្ដពន្លត់អគ្គិភ័យរបស់អធិការស្រុក ស្ទោងនិងរបស់ លោក ឧកញ៉ា លីម ប៊ុនណា ចំនួនពីរគ្រឿង ដើម្បីជួយអន្ដរាគមន៍ ពន្លត់ភ្លើងបានទាំងស្រុង ៕ ប៊ុន រិទ្ធី