ភ្នំពេញ៖ រថយន្តដឹកខ្សាច់១គ្រឿង បានក្រឡាប់ផ្ងារជើងចាក់ខ្សាច់ចោល ខណៈកំពុងបើកបរតាមផ្លូវខ្នងប្រឡាយសុខៗ ស្រាប់តែស្រុតបាក់ដីមាត់ប្រឡាយ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ នៅក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានបានឲ្យដឹងថានៅមុនពេលកើតហេតុខាងលើគេបានឃើញប្រភេទរថយន្តបែនដឹកខ្សាច់ ពាក់ស្លាកលេខភ្នំពេញ3D.9766បើកបរធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ដោយបានដឹកខ្សាច់ពេញក្នុងទ្រុងផងដែរ ខណៈនោះផ្លូវខាងលើ និងរថយន្តមានទំហំស្ទើរតែប៉ុនគ្នា ហើយសង្ស័យផ្លូវទើបចាក់ដីថ្មីថែមទៀតផង លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏បានបាក់ដីមាត់ប្រឡាយ បណ្ដាលឲ្យក្រឡាប់រថយន្តនោះធ្លាក់ចូលទៅក្នុងប្រឡាយទឹកតែម្ដង។
ក្រោយពេលកើតហេតុម្ចាស់រថយន្តបានហៅរថយន្តស្ទូចទៅស្ទូចយករថយន្តនោះចេញពីក្នុងទឹកទៅធ្វើការជួសជុលឡើងវិញដោយខ្លួនឯង ព្រោះដោយសារតែមិនមានប៉ះពាល់ដល់ទ្រព្យសម្បត្តិអ្នកផ្សេង និងរបស់រដ្ឋ ៕ សុខាសែនជ័យ