ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌច្បារអំពៅប្រើធម៌ក្តៅចំពោះអ្នកលក់ដូរលើចិញ្ចើមផ្លូវ និងរថយន្តតាក់ស៊ី

ចែករំលែក៖

ភ្នំពេញៈ បន្ទាប់គណៈបញ្ជាការឯកភាពខណ្ឌប្រើគ្រប់វិធីដើម្បីណែនាំដល់អ្នកលក់ដូរលើចិញ្ចើមផ្លូវ រថយន្តតាក់ស៊ីចតលើចិញ្ចើមផ្លូវ និងអ្នករត់ចាប់ម៉ូយប្រសេចប្រសាចអោយបញ្ឈប់សកម្មភាពតែពុំមានប្រសិទ្ធនោះឡើយ ទើបថ្មីៗគណៈបញ្ជាការឯកភាពបានប្រើធម៍ក្តៅបើកយុទ្ធនាការទ្រង់ទ្រាយធំចុះរៀបចំសណ្តាប់ធ្នាប់នៅលើកំណាត់ផ្លូវជាតិលេខ១ ដើម្បីរំដោះយកចិញ្ចើមផ្លូវពីបុគ្គលមួយចំនួនដែរខ្វះការពិចារណា ។

យុទ្ធនាការរៀបចំសណ្តាប់ធ្នាប់នេះបានផ្តើមអនុវត្ត២ថ្ងៃជាប់ៗគ្នាគឺថ្ងៃសៅរ៍និងអាទិត្យទី២២-២៣ ខែកក្កដា ឆ្នាំ២០១៧ ដឹកនាំដោយលោករស់ សុភ័ក្តិ អភិបាលរងខណ្ឌ និងមានការចូលរួមពីកម្លាំងសន្តិសុខ កម្លាំងនគរបាល សំដៅលប់បំបាត់ភាពអណាធិបតេយ្យនៅលើចិញ្ចើមផ្លូវជាតិដែលទើបតែសាងសង់រួចរាល់តែមិនទាន់សម្ពោធដាក់អោយប្រើប្រាស់នោះទេ ដែរបុគ្គលមួយចំនួនយកធ្វើជាកន្លែងដាក់តាំងលក់ទំនិញសព្វសារពើ និងស្ទើតែក្លាយជាកន្លែងចំណតរថយន្តតាក់ស៉ី ។

លោករស់ សុភ័ក្ត្រ អភិបាលរងខណ្ឌច្បារអំពៅបានអោយដឹងថា កន្លងមកអាជ្ញាធរខណ្ឌ បានចេញនូវសេចក្តីណែនាំជាច្រើនលើកច្រើនសារជម្រាបដល់បងប្អូនដែលជាអាជីវករប្រកបរបរលក់ដូរនៅប្របសងខាងផ្លូវជាតិលេខ១ ស្តីពីការមិនអនុញ្ញាត្តិអោយបងប្អូនយកចំណីផ្លូវសាធារណះជាកន្លែងប្រកបអាជីវកម្ម ប៉ុន្តែ បងប្អូនមិនដែលស្តាប់ និងមិនគោរពទៅតាមការណែនាំរបស់អាជ្ញាធរឡើយ មានតែបន្តដាក់លក់ដូរលើចំណីផ្លូវសាធារណះជាយ៉ាងអាណាធិបតេយ្យទៅវិញ ។

លោកអភិបាលរង បានបន្តថា គិតចាប់ពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧នេះទៅ អាជ្ញាធរខណ្ឌនឹងចាត់វិធានការក្តៅ លើម្ចាស់អាជីវកម្ម ឬក្រុមអាជីវករដែលនៅតែបន្តដាក់លក់ដូរបំពាននូវបំរាមហាមឃាត់របស់អាជ្ញាធរ ជាកំហិត ។ ដោយក្នុងនោះអាជ្ញាធរនឹងចាប់ដកយកសម្ភារះ និងអីវ៉ាន់លក់ដូររបស់បងប្អូនមករក្សាទុកចោលរយះពេលយូរ នៅសាលាខណ្ឌ ដើម្បីជាធរណីមាន ប៉ុន្តែបើបងប្អូននៅតែផ្កើននឹងបម្រាមហាមឃាត់នោះ សាលាខណ្ឌនឹងដកហូតអីវ៉ាន់មករក្សាទុក ហើយធ្វើការពិន័យេជាប្រាក់ និងអាចឈានដល់ដំណាក់កាលចាប់យកមកទុកហើយមិនធ្វើការប្រគល់ជូនវិញតែម្តង ប្រសិនបើបងប្អូន បន្តធ្វើផ្ទុយពីការណែនាំ ។

បន្ថែមពីនោះ លោកអភិបាលរងក៏បានសង្កត់ធ្ងន់ៗ ចំពោះបញ្ហារថយន្តតាក់ស៊ី ដែលមានការរត់ចាប់ម៉ូយយ៉ាងអាណាធិបតេយ្យពាសពេញដងផ្លូវជាតិ ពិសេសនៅចំណុចផ្លូវជាតិលេខ១ គល់ស្ពានព្រះមុន្នីវង្ស ត្រើយខាងកើត ដែលជាបញ្ហារុំារ៉ៃមកជាយ៉ូរ និងជាភាពអាណាធិបតេយ្យក្នុងក្រសែភ្នែកបងប្អូនអ្នកដំណើរ ដែលធ្វើដំណើរឆ្លងកាត់ទីនោះ អាជ្ញាធរខណ្ឌនឹងបញ្ចប់បញ្ហានេះអោយមានប្រសិទ្ធិភាព១០០ភាគរយ ។ ក្នុងនោះដែរ អាជ្ញាធរខណ្ឌ បានចុះទៅណែនាំបងប្អូនជាអ្នករត់តាក់ស៊ីអោយបានយល់ដឹងពីបម្រាមរបស់សាលារាជធានី និងពិសេសពន្យល់ពីភាពអសណ្តាប់ធ្នាប់មួយចំនួនអោយបងប្អូនបានយល់ ហើយស្នើរសុំអោយបងប្អូនត្រូវបញ្ឈប់សកម្មភាពនេះតទៅមុខទៀត ។ យ៉ាងណាមិញ ប្រសិនបើបងប្អូន មិនគោរពទៅតាមការណែនាំនោះ អាជ្ញាធរនឹង ចាប់ឃាត់រថយន្តបងប្អូនមករក្សាទុកនៅសាលាខណ្ឌ នឹងធ្វើការពិន័យជាប្រាក់ផងដែរ ។

ក្នុងនាមអាជ្ញាធរខណ្ឌ លោករស់ សុភ័ក្ត្រ ក៏សុំធ្វើការស្នើរដល់បងប្អូនដែលជាអ្នករត់តាក់ស៊ី និងអាជីវករទាំងអស់ អោយមានការយោគយល់ និងមេត្តាចូលរួមសហការជាមួយកម្លាំងអាជ្ញាធរគ្រប់សកម្មភាពផ្សេងៗ ក្នុងការរៀបចំសណ្តាប់ធ្នាប់អោយខ្ជាប់ខ្ជួនល្អ ដើម្បីរៀបចំនូវសោភ័ណ្ឌភាពដងផ្លូវសាធារណះ ពិសេសភាពល្អប្រសើរក្នុងរាជធានីភ្នំពេញទាំងមូល ផងដែរ ៕ សណ្តោស


ចែករំលែក៖