ខេត្តកណ្តាលៈ ម៉ូតូ២គ្រឿងបើកបោះពួយបុកគ្នាពេញមួយទំហឹងនៅលើកំណាត់ផ្លូវជាតិលេខ៦ បណ្តាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិត ២នាក់ទៀតរងរបួសធ្ងន់ស្រាល កាលពីវេលាម៉ោង២០ និង៣០នាទី ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៣៨-៣៩ ស្ថិតក្នុងភូមិស្ពានថ្មី ឃុំរការកោង2 ស្រុកមុខកំពូល ខេត្តកណ្តាល ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកមុខកំពូលបានឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតនោះឈ្មោះ សំ សុខន ភេទប្រុស អាយុ៦៣ឆ្នាំ មានទីលំនៅភូមិព្រែកយាយហ៊ិន២ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ជិះម៉ូតូម៉ាកហុងដាMD ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1GM-1684 ។ ចំណែកឯជនរងគ្រោះរងរបួសធ្ងន់នោះឈ្មោះ ណាត វី ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិស្ពានថ្មី ឃុំរការកោង២ ស្រុកមុខកំពូល ជាអ្នកបើកបរម៉ូតូម៉ាកស៊ុយហ្ស៊ូគីនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1CV-6394 និងអ្នករួមដំណើរជាមួយម្នាក់រងរបួសស្រាលនោះឈ្មោះ ណាត សុជាតិ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅជាមួយអ្នកបើកបរម៉ូតូ ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញម៉ូតូម៉ាកស៊ុយហ្ស៊ូគីនិចបើកបរបញ្ច្រាស់ រហូតជ្រុលទៅបុកម៉ូតូម៉ាកហុងដាMDពេញមួយទំហឹង បណ្តាលឲ្យម៉ូតូទាំង២គ្រឿងដួលបោកទៅលើផ្លូវ ធ្វើឲ្យបុរសជាអ្នកបើកបរម៉ូតូហុងដាMDស្លាប់បាត់បង់ជីវិត រីឯអ្នកបើកបរ និងអ្នករួមដំណើរជាមួយម៉ូតូហុងដាឌ្រីម រងរបួសធ្ងន់ស្រាល ។ ក្រោយពីមានហេតុការណ៍កើតឡើងជនរងគ្រោះរងរបួសធ្ងន់ស្រាលត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែករកាកោង រីឯសាកសពជនរងគ្រោះត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកមុខកំពូលបានបញ្ជាក់ថា ផ្លូវជាតិលេខ៦មានសួនពុះចែកទ្រូងផ្លូវ អ្នកបើកបរម៉ូតូម៉ាកស៊ុយហ្ស៊ូគីនិចមិនបានបើកប្រកាន់ស្តាំនោះទេ ពោលគឺបើកបរនៅលើគន្លងផ្លូវរបស់ម៉ូតូហុងដាMD ដោយខ្វះការប្រុងប្រយ័ត្នជ្រុលបុកគ្នាពេញមួយទំហឹងតែម្តង ។ បច្ចុប្បន្នម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចនគរបាលដកហូត បញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ដើម្បីចាត់ការតាមច្បាប់ ៕ ស្អាងជ័យ