ខេត្តព្រះសីហនុ៖ រថភ្លើងមួយខ្សែបានបើកបុក និងកៀររថយន្តមួយគ្រឿងខូចខាតអស់មួយចំហៀង ប៉ើងចេញពីកន្លែងកើតហេតុជាច្រើនម៉ែត្រ ។
ហេតុការណ៌គ្រោះថ្នាក់ចរាចរនេះ នៅវេលាម៉ោង២រសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅលើចំណុចផ្លូវដែក មុខក្រុមហ៊ុន D C M C ស្ថិតក្នុងក្រុម៦ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មូលហេតុមកពីរថយន្ត Hyundai បើកថយក្រោយដោយខ្វះការប្រុងប្រយ័ត្នហើយឡើងទៅគងពីលើផ្លូវដែក ស្របពេលនោះរថភ្លើងបើកមកដល់។
ប្រភពដដែលបានបន្តថា រថយន្តដែលបើកបំពានលើផ្លូវដែកនេះ ម៉ាកHyundai ពណ៌លឿងពាក់ស្លាកលេខ កំពត 3A- 0026 បើកបរដោយ ឈ្មោះញ៉ ឡាយ ភេទប្រុស អាយុ 33ឆ្នាំ មុខរបរបើករថយន្ត រស់នៅ ភូមិឫស្សីស្រុក ឃុំបឹងសាឡាងខាង ជើង ស្រុកកំពង់ត្រាច ខេត្តកំពត ។ ករណីនេះមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្សទេ។
គួររំលឹកផងដែរថា កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ កន្លងមកនេះ ក៏មានករណីរថភ្លើងដឹកទូរកុងតឺន័របើកបុកគ្នាជាមួយរថភ្លើងដឹកប្រេងនៅលើផ្លូវដែកស្ថិតនៅតំបន់រោងចក្រប្រេងកាតស្ថិតក្នុងស្រុកស្ទឹងហាវខេត្តព្រះសីហនុ ៕ ឆ្លាម សមុទ្រ