ភ្នំពេញ៖ ម្ចាស់ផ្ទះល្វែង២នាក់ប្ដីប្រពន្ធ រាយការណ៍ប្រាប់នគរបាលខណ្ឌពិធិ៍សែនជ័យថា មានមនុស្សប្រុសម្នាក់ បានទៅចុចកណ្ដឹងផង និងគោះទ្វារផ្ទះរបស់គាត់ផង ក្នុងខណៈដែលពួកគាត់មិននៅ ជាប់រវល់ទៅលក់នំបុ័ងដាក់សាច់នៅតាមមុខរោងចក្រកាត់ដេរ ហើយបានទុកកូនតូចចំនួន៣នាក់នៅចាំផ្ទះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ២៤ បុរីជីបម៉ុងស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បន្ទាប់ពីទទួលបានដំណឹង ដ៏រស៊ើបស្របពេលមានពាក្យចរចាមអារ៉ាមថា មានមនុស្សចាប់ក្មេងវះយកក្រលៀនផងនោះ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ រួមជាមួយកម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅ បានចុះទៅកាន់ទីនោះភ្លាមៗ ប៉ុន្តែជនសង្ស័យបានគេចបាត់ទៅហើយ ដោយមិនទាន់ដឹងថា គេទៅគោះទ្វារផ្ទះ និងចុចកណ្ដឹងមានបំណងអ្វីនៅឡើយទេ។
នគរបាលបានឲ្យដឹងថា ម្ចាស់ផ្ទះល្វែងមួយនោះត្រូវបានគេស្គាល់ ប្ដីឈ្មោះ គឹម សុប៊ែល អាយុ៣៣ឆ្នាំ និងប្រពន្ធឈ្មោះ គឹម សុភ័ណ្ឌ អាយុ៣២ឆ្នាំ មានមុខរបរលក់នំបុ័ងដាក់សាច់ ។ ចំណែកកូនរបស់គាត់ទាំងបីនាក់ បងប្អូននោះ ១,ឈ្មោះ គឹម សុភក្រ័ ភេទប្រុស អាយុ១២ឆ្នាំ ២,ឈ្មោះគឹម សុខា ភេទស្រី អាយុ៩ឆ្នាំ និង៣,ឈ្មោះ គឹម សុផល ភេទប្រុស អាយុ៣ឆ្នាំ ។
តាមសម្តីឈ្មោះគឹម សុប៊ែន បានឲ្យដឹងថា នៅមុនពេលកើតហេតុពួកគាត់ បាននាំគ្នាទៅលក់នំបុ័ងដាក់សាច់នៅតាមមុខរោងចក្រ ដោយបានទុកឲ្យកូនប្រុស ស្រីរបស់គាត់នៅចាំផ្ទះ ហើយពួកគេបានស្ថិតនៅតែក្នុងផ្ទះប៉ុណ្ណោះ ដោយបានបិទទ្វារខ្ទាស់គន្លឹះពីខាងក្នុង។
ប្រភពដដែលបានបន្តទៀតថា លុះដល់ពេលកើតហេតុ ស្រាប់តែមានបុរសមិនស្គាល់អត្តសញ្ញាណម្នាក់បានទៅចុចកណ្ដឹង ព្រមទាំងគោះទ្វារជាច្រើនដង ដែលជាហេតុបង្កឲ្យកូនៗរបស់គាត់មានការភិតភ័យយ៉ាងខ្លាំង ហើយពួកគេមិនបើកទ្វារនោះឡើយ។ ពួកគេបាននាំគ្នាសម្ងំនៅក្នុងផ្ទះ មិនហ៊ានឆ្លើយនោះទេ ក្រោយមកបានទូរស័ព្ទប្រាប់ពួកគាត់(ពុកម្តាយ) ទើបពួកគាត់ត្រឡប់ទៅផ្ទះវិញ និងបានសង្ស័យថា ជនសង្ស័យនោះប៉ងចាប់កូនគាត់ ទើបរាយការណ៍ជូននគរបាលឲ្យជួយអន្តរាគមន៍ភ្លាមៗ ប៉ុន្តែនគរបាលក៏មិនទាន់បានសន្និដ្ឋានថា ជាករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិ ឬបែបណាពិតប្រាកដនៅឡើយទេ ដោយគ្រាន់តែទទួលពាក្យបណ្ដឹង ទៅតាមអ្វីដែលបានកើតឡើងប៉ុណ្ណោះ៕ សុខាសែនជ័យ