ខេត្តរតនគិរី៖ មានគេដាក់គ្រឿងចក្រពីរគ្រឿង ចូលឈូសឆាយដីព្រៃរបស់រដ្ឋ ជិតដប់ហិកតានៅភូមិពីរ ឃុំត្រពាំងក្រហម ក្នុងស្រុកកូនមុំ ប៉ុន្ដែអាជ្ញាធរមូលដ្ឋានថា អត់បានដឹង ចំណែកមន្រ្ដីភូមិបាលថា ចាំចុះទៅពិនិត្យមើល។
កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ មានអ្នកម៉ៅការម្នាក់ឈ្មោះណែត នៅខេត្ដរតនគិរីបាននាំគ្រឿងចក្រចំនួនពីរគ្រឿងចូលទៅធ្វើសកម្មភាពឈូសឆាយ និងផ្ដួលដើមឈើតូចធំដើម្បីវាទយកដីព្រៃរបស់រដ្ឋ មានទីតាំងដូចខាងលើគឺយកឱ្យទៅមន្រ្ដីពន្ធដារម្នាក់នៅខេត្ដកណ្ដាលធ្វើជាកម្មសិទ្ធិ។
ម្ចាស់គ្រឿងចក្រនោះបានប្រាប់អ្នកសារព័ត៌មានឱ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី៣០ ខែកក្កដា ថា គ្រឿងចក្រពីរគ្រឿងដែលកំពុងធ្វើសកម្មភាពឈូសឆាយដីព្រៃនៅតំបន់នោះ គឺជារបស់លោក។ ប៉ុន្ដែគេជួលឱ្យឈូសឆាយទេ ហើយគេប្រាប់ថា ដីនោះមានប័ណសម្គាល់កម្មសិទ្ធិពីក្រសួងសុរិយោដី ដែលមានទំហំពីរយម៉ែត្រជាប់នឹងផ្លូវជាតិលេខ៧៨ និងបណ្ដោយបីរយម៉ែត្រ។ មុននឹងចូលឈូសឆាយរូបគាត់ក៏បានទូរស័ព្ទប្រាប់ទៅស្រុក និងមន្រ្ដីសុរិយោដីអស់ហើយដើម្បីបានដឹង។
ប៉ុន្ដែប្រធានភូមិបាលស្រុកកូនមុំគឺលោក ហោ ប៊ុនថេត បញ្ជាក់តាមទូរស័ព្ទប្រាប់កាលពីព្រឹកថ្ងៃទី៣១ ខែកក្កដាថា ការដាក់គ្រឿងចក្រចូលឈូសឆាយដីនៅភូមិសាស្រ្ដខាងលើ គឺលោកអត់ទាន់បានដឹងនៅឡើយទេ។
ប្រធានភូមិបានបន្ដបញ្ជាក់ឱ្យដឹងទៀតថា ហេតុអ្វីប្រធានពន្ធដារខេត្ដកណ្ដាលមួយទាំងមូល មកកាន់កាប់ដីនៅទីនេះ យើងមិនដឹងឬមួយគាត់ទិញពីប្រជាពលរដ្ឋ ហើយក្រុមនិស្សិតជាអ្នកចេញប័ណ្ណឱ្យ ក៏ប៉ុន្ដែបើទោះជាក្រុមនិស្សិត ជាអ្នកចេញប័ណ្ណឱ្យក៏ដោយ ក៏ត្រូវតែមកកាត់ឈ្មោះនៅស្រុកកូនមុំដែរ រឿងនេះចាំចុះទៅពិនិត្យមើលដល់ទីកន្លែងសិន។
លោកភោគ ប៉ូរិទ្ធិ អធិការប៉ូលិសស្រុកកូនមុំ បានបញ្ជាក់ឱ្យដឹងតាមទូស័ព្ទថា ករណីដាក់គ្រឿងចក្រឈូសឆាយដីព្រៃនោះកាលពីពេលថ្មីៗ លោកបានចុះទៅឃាត់ម្ដងរួចហើយ គឺតាមបញ្ជាលោកអភិបាលស្រុក។ កាលណោះគេបានដាក់អេស្កា បំរ៉ុងកាយរំលាយភ្នំនៅក្នុងបរិវេណដីនោះ។
លោកអធិការបានឱ្យដឹងទៀតថា ច្បាប់មិនអនុញាតិឱ្យកាយភ្នំឡើយ បើទោះជាមានប័ណ្ណកាន់កាប់ក៏ដោយ។ ប៉ុន្ដែពេលសួរនាំតាមផ្លូវច្បាប់ ខាងម្ចាស់ដីមិនបានបង្ហាញប័ណ្ណសម្គាល់កម្មសិទ្ធិ ដែលចេញដោយក្រសួងសុរិយោដីនោះទេ គឺមានតែលិខិតលក់ទិញត្រឹមឃុំតែប៉ុណ្ណោះ។
លោកប៉ូ រិទ្ធិ បានបន្ថែមថា ពេលនោះ យើងឱ្យគាត់ទៅរត់ច្បាប់ឈូសឆាយដីនោះ ហើយរហូតមកដល់ពេលនេះ គេមិនទាន់បានបង្ហាញច្បាប់ឈូសឆាយដីនោះទេ បែរជាយកគ្រឿងចក្រចូលធ្វើសកម្មភាពដោយបំពាន់ច្បាប់ទៀត។
លោកឈឿន ចាន់ធាង អភិបាលស្រុកកូនមុំបានប្រាប់ថា បញ្ហាដាក់គ្រឿងចក្រឈូសឆាយដីព្រៃនៅចំណុចខាងលើ លោកមិនបានដឹងទេ ព្រោះជាប់ប្រជុំនៅភ្នំពេញ។ រឿងនោះក៏គ្មានអ្នកណាម្នាក់បានអនុញាតឱ្យដាក់គ្រឿងចក្រឈូសឆាយដែរ។
លោកអភិបាលស្រុកបានបន្ថែមទៀតថា កាលពីពេលថ្មីៗនេះ យើងបានឱ្យកម្លាំងប៉ូលិសចុះទៅឃាត់ករណីដាក់គ្រឿងចក្រកាយភ្នំនៅទីនោះម្ដងរួចមកហើយ។ ឥឡូវបើមានឈូសឆាយដីរបស់រដ្ឋនៅទីនោះទៀត យើងនឹងឱ្យកម្លាំងចុះទៅរឹបអូសយកគ្រឿងចក្រទាំងនោះគឺយកមកផ្ដន្ទាទោសតាមច្បាប់ឱ្យខាងតែបាន។
លោកទឹម ស៊ីណាត ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម និងសំណង់ខេត្ដរតនគិរីកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ បានប្រាប់ថា អត់បានដឹងថា ដីនោះខាងណាគេចេញប័ណ្ណកាន់កាប់ឡើយ ហើយលោកឱ្យសួរទៅប្រធានភូមិបាលស្រុកកូនមុំវិញ៕ សាយប៉ូច