ព័ត៌មានទាន់ហេតុការណ៍៖

វិភាគអន្តរជាតិ៖ សហរដ្ឋអាមេរិកចាបផ្តើមអនុវត្តយុទ្ធសាស្ត្រនៅអឺរ៉ុបខាងកើតដោយផ្តល់អាវុធឲ្យប្រទេសអ៊ុយក្រែន

ចែករំលែក៖

សារព័ត៌មាន Wall Street Journal បាន ដកស្រង់សម្តីមន្ត្រីយោធា និងការបរទេស អាមេរិកឲ្យដឹងថា អាមេរិកបានផ្តល់អាវុធសម្រាប់ការពារដល់អ៊ុយក្រែនដើម្បីទប់ ទល់ នឹងស្ថានភាពហិង្សានៅភាគខាងកើតប្រទេសនេះ។

ការផ្តល់លើកនេះ ជាប្រភេទអាវុធ ទំនើបៗជាងពេលមុន ដើម្បីទប់ទលនឹង សកម្មភាពគំរាមកំហែងពីរុស្ស៊ី។ប្រភពព័ត៌មានពីមន្ត្រីការពារជាតិ និងការបរទេស អាមេរិកបានឲ្យដឹងថា ក្នុងចំណោមអាវុធ ការពារ ដែលអាមេរិកគ្រោងបញ្ជូនទៅឲ្យ អ៊ុយក្រែននោះ មាន មីស៊ីលប្រឆាំង រថក្រោះ និង អាវុធទំនើបៗជាច្រើនផ្សេងទៀត។

ការផ្តល់អាវុធខាងលើ ត្រូវបានទម្លាយឲ្យដឹងដោយតំណាងពិសេសរបស់អ៊ុយក្រែន ប្រចាំនៅអាមេរិកគឺលោក Kurt Volker ។តាមការបញ្ជាក់របស់លោក ការ ផ្តល់ជំនួយអាវុធនេះ អាចធ្វើឲ្យរុស្ស៊ីផ្លាស់ប្តូរវិធីសាស្ត្រ ឈប់ចូលកៀកតំបន់មានវិវាទរបស់អ៊ុយក្រែន។ សកម្មភាពខាងលើ មិន មែនជាការឌឺដងនោះឡើយ។

លោក Kurt Volker បានបញ្ជាក់ថា អាវុធការពារអាចជួយឲ្យអ៊ុយក្រែន ការពារ បានយ៉ាងល្អ ក្នុងនោះអាចកម្ទេចរថក្រោះ របស់សត្រូវ។

ចាប់តាំងពីឡើងកាន់អំណាចមក ប្រធា នាធិបតី ដូណាល់ ត្រាំ មិនសូវបង្ហាញពី គោលជំហររបស់ខ្លួនលើបញ្ហាអ៊ុយក្រែន ដូចអតីតប្រធានាធិបតីអាមេរិកមុននោះឡើយ។ នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសប៉ូឡូញ កាលពីដើមខែកក្កដា លោកត្រាំបានអំពាវនាវដល់រដ្ឋាភិបាលទីក្រុង មូស្គូបញ្ចប់ សកម្មភាពបង្កអសន្តិសុខដល់ប្រទេសអ៊ុយក្រែន។ ប្រធានាធិបតីអាមេរិក ក៏បានជួបពិភាក្សាជាមួយប្រធានាធិបតី អ៊ុយក្រែន លោក Petro Poroshenko ដោយ លោកត្រាំបញ្ជាក់ថា «យើងជាប់ពាក់ព័ន្ធ ជាច្រើនដល់វិបត្តិនៅក្នុងប្រទេសអ៊ុយ​ក្រែន » ការលើកឡើងរបស់ លោកត្រាំ បានបញ្ជាក់យ៉ាងច្បាស់ថា អាមេរិកពិតជាមិនបោះបង់អ៊ុយក្រែននោះឡើយ។

ការសម្រេចផ្តល់ជំនួយអាវុធដល់ប្រទេសអ៊ុយក្រែន របស់ប្រធានាធិបតីត្រាំ បាន បង្ហាញយ៉ាងច្បាស់ថា លោកត្រាំបានផ្លាស់ប្តូរគោលជំហរទៅលើអ៊ុយក្រែន ហើយធ្វើឲ្យទំនាក់ទំនងរវាងអាមេរិកនឹងរុស្ស៊ីកាន់តែពិបាកក្នុងការផ្សះផ្សា។

សកម្មភាពខាងលើរបស់អាមេរិកកើត ឡើង ក្រោយពេលដែលអាមេរិកបាន សម្រេចដាក់ទណ្ឌកម្មបន្ថែមទៅលើប្រទេសរុស្ស៊ី ពាក់ព័ន្ធនឹងវិបត្តិនៅក្នុងប្រទេសអ៊ុយក្រែន។

ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ បើទោះបីមិនចង់ក៏ត្រូវតែចុះហត្ថលេខាដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ីដែរ ក្រោយពេលពេលដែលរដ្ឋសភា និងព្រឹទ្ធ សភាអាមេរិកបានអនុម័ត ដាក់ទណ្ឌកម្ម ទៅលើរុស្ស៊ីពាក់ព័ន្ធនឹងការបោះឆ្នោត អាមេរិកនៅឆ្នាំ២០១៦។

កាលពីថ្ងៃទី២៤ ខែកក្កដាសភាអាមេរិក បានបោះឆ្នោតអនុម័តដាក់ទណ្ឌកម្មថ្មីទៅលើ រុស្ស៊ី អីុរ៉ង់ និងកូរ៉េខាងជើងបន្ថែម ហើយនៅពេលនេះសេតវិមានក៏បាន ឯកភាពទៅលើ ការសម្រេចនោះដែរ។ ហេតុការណ៍ទាំងនោះកើតឡើង នៅក្នុង ពេលដែលលោកត្រាំនិង លោកពូទីនមានទំនាក់ទំនងល្អជាមួយគ្នា។

នៅពេលនេះដែរអ្នកនាំពាក្យសេត វិមាន លោក Sarah Sanders បានថ្លែងកាល ពីថ្ងៃ អាទិត្យថា សេតវិមាន “គាំទ្រ” ទៅលើច្បាប់ ដែលតាក់តែងនៅក្នុងសមាជ ដើម្បីធ្វើការ ដាក់ទណ្ឌកម្ម ទៅលើប្រទេសរុស្ស៊ី កូរ៉េខាង ជើង និងប្រទេសអុីរ៉ង់ ។

លោក Sanders បានធ្វើការកត់ សម្គាល់ យ៉ាងដូច្នេះមួយថ្ងៃ បន្ទាប់ពីក្រុមសភានៅ សេតវិមាន និងព្រឹទ្ធសភា បានប្រកាស លើកិច្ចព្រមព្រៀងមួយ នៅក្នុងការចរចា ដើម្បី អនុម័តច្បាប់មួយ ដែលមានបំណង សំខាន់ ពីការរារាំងពី សំណាក់ប្រធានា ធិបតី ដូណាល់ ត្រាំ ដែលចង់លុបបំបាត់ ជាឯកតោភាគីចំពោះការដាក់ទណ្ឌកម្មលើរុស្ស៊ីនោះ ។

ការធ្វើវិសោធនកម្មថ្មីនេះ អំពាវនាវឲ្យមានការដាក់ទណ្ឌកម្មថ្មីទៅលើប្រទេស រុស្ស៊ី នៅក្នុងការជាប់សង្ស័យពីការចូល ជ្រៀតជ្រែកនៅក្នុងអំឡុងពេលបោះឆ្នោត ជ្រើសរើស ប្រធានាធិបតី សហរដ្ឋអាមេរិក ឆ្នាំ២០១៦ និងរាប់បញ្ចូលទាំងទណ្ឌកម្ម ដោយបាន អនុម័តដោយសភា នៅក្នុងខែ ឧសភា ដើម្បីដាក់ទោសដល់ ប្រទេសកូរ៉េ ខាងជើង ដែលមានសកម្មភាពក្នុងការបាញ់មីស៊ីល និងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ។

សម្រាប់ច្បាប់ថ្មីនេះ ត្រូវបានបោះឆ្នោត អនុម័តជាចុងក្រោយ នៅថ្ងៃអង្គារទី២៥ ខែកក្កដា។ ពេលធ្វើការអនុម័តរួចរាល់ ហើយនោះ ព្រឹទ្ធសភា នឹងធ្វើការបោះឆ្នោត មួយផ្សេងទៀត មុនពេលបញ្ជូនទៅដល់ នីតិប្បញ្ញត្តិដើម្បីឲ្យមានការចុះហត្ថលេខា ពីប្រធានាធិបតី ។

ចំណែកប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌី មៀរ ពូទីន កាលពីថ្ងៃទី៣១ ខែកក្កដា បាន ប្រកាសថា បុគ្គលិកបេសកកម្មការទូត របស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសរុស្ស៊ី ត្រូវតែកាត់ចេញចំនួន ៧៥៥នាក់ ដែល នេះជាការឆ្លើយតប ទៅនឹងទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិក នឹងវាហាក់ដូចជាយ កសាំងចាក់លើភ្លើង រវាងទំនាក់ទំនងរដ្ឋា ភិបាល ទីក្រុងវ៉ាស៊ីនតោន នឹងរដ្ឋាភិបាល ទីក្រុងមូស្គូ។

យោងតាមសារព័ត៌មាន New York Times ចេញផ្សាយនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ បានឲ្យដឹងថាដោយផ្អែកតាមការលើកឡើងរបស់លោក ពូទីន និងត្រូវ បានស្រង់សម្តី ដោយសារព័ត៌មាន Inter faxថា «បុគ្គលិកជាង ១.០០០នាក់ មាន ទាំងមន្រ្តីទូត និងអ្នកបច្ចេកទេសធ្វើការ នឹងបន្តធ្វើការថ្ងៃនេះ នៅក្នុងប្រទេសរុស្ស៊ី ហើយចំនួន ៧៥៥នាក់ គឺត្រូវតែបញ្ឈប់ សកម្មភាពរបស់ខ្លួន»។

ទោះជាយ៉ាងណាក៏ដោយ ការកាត់បន្ថយបុគ្គលិកការទូតអាមេរិកនេះ បានប្រកាស កាលពីថ្ងៃសុក្រ ដើម្បីឆ្លើយតបទៅនឹងការអនុម័តច្បាប់ថ្មី របស់សភាអាមេរិក ដោយសម្រេចដាក់ទណ្ឌកម្មបន្ថែមទៀតដល់ ប្រទេសរុស្ស៊ី ហើយសេចក្តីថ្លែងការណ៍ របស់ប្រធានាធិបតីរុស្ស៊ីនេះ គឺជាការបញ្ជាក់អំពីតួលេខយ៉ាងច្រើន នៃបុគ្គលិកស្ថានទូត ដែលបានជាប់ទាក់ទងនៅក្នុងវិបត្តិការទូត នៃមហាអំណាចពិភពលោកទាំងពីរនេះ។

កន្លងមក បើទោះបីលោកត្រាំមានបំណងចង់ផ្សះផ្សាទំនាក់ទំនងជាមួយរុស្ស៊ីក្តី ប៉ុន្តែ អ្នកនយោបាយអាមេរិកភាគច្រើនមិនឯកភាពឡើយ ក្នុងនោះមាន មន្ត្រីជាន់ខ្ពស់ ដែលមានបទពិសោធន៍ក្នុងឆាកនយោ បាយ ដឹកនាំអាមេរិក នៅក្នុងគណបក្សសា ធារណរដ្ឋតែម្តង។ អាមេរិកនិងរុស្ស៊ីជា សត្រូវនឹងគ្នា ហើយបើអាមេរិកទន់ចិត្តបន្តិចទៅលើរុស្ស៊ីនោះ អាមេរិកនឹងបាត់បង់ មហា អំណាចជាមិនខាន៕ ម៉ែវ សាធី


ចែករំលែក៖