ព័ត៌មានទាន់ហេតុការណ៍៖

កុមារីវ័យ៧ឆ្នាំម្នាក់ត្រូវជនមិនស្គាល់មុខរំលោភសម្លាប់បោះសពចូលក្នុងទឹកព្រែក

ចែករំលែក៖

ខេត្តកណ្តាលៈ អាណោចអាធ័មខ្លាំងណាស់ចំពោះកុមារីវ័យ៧ឆ្នាំម្នាក់ ត្រូវជនមិនស្គាល់រំលោភហើយសម្លាប់យ៉ាងព្រៃផ្សាយ យកសពទៅទម្លាក់ចូលក្នុងទឹកព្រែក បង្កការភ្ញាក់ផ្អើលទាំងព្រឹកម៉ោង៥ ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ នៅខាងក្រោយមជ្ឈមណ្ឌលយោធិនពិការ៣១៧ ក្នុងភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្រកណ្តាល ។

កុមារីរងគ្រោះមានឈ្មោះគង់ សំណាង ហៅធីតា អាយុ៧ឆ្នាំ មានទីលំនៅភូមិទួលដូង ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ប្រភពពត៍មានពីនគរបាលព្រហ្មទណ្ឌស្រុកបានឲ្យដឹងថា កាលពីថ្ងៃទី១ ខែសីហា កុមារីរងគ្រោះបានទៅដកក្រអៅឈូកជាមួយឪពុកលុះដល់ពេលរសៀល ក៍ត្រឡប់មកផ្ទះវិញ ដោយកូនស្រីដើរមកផ្ទះមុន ពេលមកដល់ផ្ទះឪពុកអត់ឃើញកូនស្រីរបស់ខ្លួន ក៏រកនៅក្នុងភូមិតែម្នាក់ឯង រហូតដល់ម៉ោង៧យប់ ទើបឪពុកមកប្តឹងនគរបាលប៉ុស្តិ៍ ។ បន្ទាប់ពីទទួលពាក្យបណ្តឹងសមត្ថកិច្ចបានពង្រាយកម្លាំងចុះស្រាវជ្រាវទាំងយប់ ព្រោះខ្លាចជាករណីចាប់ក្មេងស្រី តែរកមិនឃើញឡើយ ។

ប្រភពបានបន្តថា ស្រាប់តែនៅវេលាម៉ោង៥ព្រឹក ព្រលឹមថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ មានអ្នករាយមង និងដាក់បង្កៃដើរតាមមាត់ព្រែក ក៍ប្រទះឃើញកុមារីរងគ្រោះស្លាប់អណ្តែតទឹកក្បែរមាត់ព្រែក ទើបរាយការណ៍ប្រាប់ក្រុមគ្រួសារ និងសមត្ថកិច្ចចុះទៅពិនិត្យកន្លែងកើតហេតុ។

ប្រភពបន្តទៀតថា តាមការពិនិត្យរបស់សមត្ថកិច្ចជំនាញដោយមានការចូលរួមពីគ្រូពេទ្យ និងអង្គការក្រៅរដ្ឋាភិបាលផងនោះក្មេងស្រីរងគ្រោះត្រូវជនមិនស្គាល់មុខរំលោភហើយសម្លាប់រួចទម្លាក់សពចូលទៅក្នុងទឹកព្រែកដើម្បីបំភ័ណ្ឌភ្នែកសមត្ថកិច្ច ៕ សណ្តោស


ចែករំលែក៖