ខេត្តកណ្តាលៈ សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត សហការជាមួយនគរបាលស្រុកពញាឮ ក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនករបាលខេត្តកណ្តាល ធ្វើការស្រាវជ្រាវបង្រ្កាបចាប់បានម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿងលួចបង្កប់ដឹកឈើប្រណីត កាលពីវេលាម៉ោង០៨ និង៣០នាទីព្រឹក ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិទួលងោក ឃុំកំពង់លួង ស្រុកពញាឮ ។
មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្តាលបានឲ្យដឹងថា អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត សហការជាមួយនគរបាលស្រុកពញាឮ ចុះធ្វើការស្រាវជ្រាវ រហូតឈានដល់បង្រ្កាបចាប់បានម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿងលួចបង្កប់ដឹកឈើប្រណីត ។
ប្រភពដដែលបានបន្តថា ឈើប្រណីតដឹកតាមម៉ូតូសណ្តោងរ៉ឺម៉កនោះ ជាប្រភេទឈើធ្នុងចំនួន២២២កំណាត់ ស្មើនឹងទម្ងន់១៣១០គីឡូក្រាម ។ ឈើទាំងអស់នេះត្រូវបានក្រុមឈ្មួញលួចបង្កប់ក្រោមបាវដាក់សំបកដបទឹកសុទ្ធ ដើម្បីដឹកចេញពីភូមិសាស្ត្រខេត្តពោធិ៍សាត់ឆ្ពោះទៅរាជធានីភ្នំពេញ ។ ក្រោយពីធ្វើការបង្រ្កាបបាន សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្តាល បានធ្វើការប្រគល់ឈើទាំងអស់នេះទៅឲ្យមន្ត្រីជំនាញសង្កាត់រដ្ឋបាលព្រៃឈើអង្គស្នួល ដើម្បីយកទៅចាត់ការបន្តតាមច្បាប់ ៕ ស្អាងជ័យ