ភ្នំពេញ៖ស្ត្រីម្នាក់ពាក់ព័ន្ធបទល្មើសរំលោភលើទំនុកចិត្ត ត្រូវបានលោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដោះលែងឲ្យមានសេរីភាពឡើងវិញ កាលពីល្ងាចថ្ងៃទី០២ ខែសីហា ។
លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់នៅថ្ងៃទី០៣ ខែសីហា ថា “ក្រោយពីពិនិត្យឯកសារនិងសាកសួរទៅលើអង្គហេតុចប់សព្វគ្រប់ លោក គុជ គឹមឡុង សម្រេចមិនបើកការស៊ើបសួរទេ ហើយអនុញ្ញាតិឲ្យទៅផ្ទះវិញ ដោយសាររឿងនេះមិនទាន់មានបន្ទុកសម្រាប់ការចោទប្រកាន់នៅឡើយទេ ” ។
ស្ត្រីរូបនេះឈ្មោះ យស់ ស្រីមុំ អាយុ៤៦ឆ្នាំ មុខរបរលក់ដូរ ទីលំនៅភូមិខ្វិត សង្កាត់សាក់សំពៅ ខណ្ឌដង្កោ ត្រូវបាននគរបាលខណ្ឌដង្កោ ឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ ។
ការឃាត់ខ្លួនស្ត្រីរូបនេះ គឺធ្វើឡើងតាមដីកាបញ្ជាឲ្យចូលខ្លួនលេខ១៨៣ អយឌ ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ របស់លោក ស្រី ម៉ាកនី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ តាមនីតិវិធីច្បាប់លើបណ្តឹង ព្រហ្មទណ្ឌពីបទ រំលោភលើទំនុកចិត្ត តាមពាក្យបណ្តឹងរបស់ឈ្មោះ ស៊ឹម វណ្ណ: ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០១៧ ៕ ចេស្តា