ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចបញ្ជូនស្ត្រីម្នាក់មកតុលាការករណីចេញសែកគ្មានទឹកប្រាក់ជាង៤លានដុល្លារ អមដំណើរដោយមន្ត្រីជាន់ខ្ពស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីជាពាណិជ្ជករម្នាក់ ដែលជាប់ពាក់ព័ន្ធនឹងករណីចេញសែកគ្មានទឹកប្រាក់ជាង៤លានដុល្លារអាមេរិក បានត្រូវសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ បញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០២ខែសីហា ដើម្បីចាត់ការតាមច្បាប់។

ប៉ុន្តែអ្វីជាការកត់សម្គាល់ គេឃើញវត្តមានលោកឧត្តមសេនីយ៍ត្រី ពូ ដាវី មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញ មកអែបជាប់នឹងស្ត្រីរូបនេះរហូត ពោលគឺមិនដឹងថាជួយខាងភាគីដើមបណ្តឹងឬក៏ស្ត្រីរូបនេះទេ។

មន្ត្រីតុលាការ ថ្លែងថា រហូតមកដល់រសៀលថ្ងៃទី០៣ ខែសីហា នេះ លោកសៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កំពុងធ្វើការសាកសួរនៅឡើយ ។

សមត្ថកិច្ច បញ្ជាក់ថា ស្ត្រីរូបនេះឈ្មោះគឹម ចាន់ស្នូរ អាយុ៣១ឆ្នាំ បានត្រូវលោក ឯក សំណាង តំណាងក្រុមហ៊ុន អ៊ែតវូត នាំខ្លួនមកប្រគល់ឲ្យសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែសីហា ដើម្បីធ្វើការសាកសួរករណីចេញសែកគ្មានទឹកប្រាក់ចំនួនជាង៤លានដុល្លារអាមេរិក។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីរូបនេះបានទិញដែកពីក្រុមហ៊ុនអ៊ែតវូតជាបន្តបន្ទាប់ មានតម្លៃរហូតដល់ជាង៤លានដុល្លារ ហើយពុំបានទូទាត់សងតាមការកំណត់ ទើបខាងក្រុមហ៊ុន តម្រូវឲ្យស្ត្រីរូបនេះចេញសែកយកទៅទូទាត់ជំនួសប្រាក់សុទ្ធវិញ។ ប៉ុន្តែពេលយកសែកទៅបើកនៅធនាគារ ទើបដឹងថា សែកនេះគ្មានទឹកប្រាក់ទេ។

ប្រភពដដែលបានអះអាងថា ចំពោះការចោទប្រកាន់របស់ក្រុមហ៊ុន ស្ត្រីរូបនេះបានបដិសេធចោល ដោយនិយាយថា នាងបានខ្ចីប្រាក់ក្រុមហ៊ុនដើម្បីយកទៅរកស៊ីដោយឲ្យការប្រាក់ក្នុងមួយខែជាង៥ម៉ឺនដុល្លារអាមេរិក។

ក្រោយមកខាងក្រុមហ៊ុនបានតម្រូវឲ្យនាងចេញសែកទុកជាការធានាបំណុលនេះ ទើបនាងយល់ព្រមចេញឲ្យពោលគឺបានន័យថា ពុំមែនយកសែកយកទៅសម្រាប់បើកប្រាក់ទេ គឺជាសែកសម្រាប់ដាក់ធានាប៉ុណ្ណោះ។

អ្វីជាការកត់សម្គាល់ នៅពេលបញ្ជូនស្ត្រីរូបនេះមកតុលាការ គេឃើញវត្តមានលោកឧត្តមសេនីយ៍ត្រី ពូ ដាវី មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននាំស្ត្រីរូបនេះទៅចូលបន្ទប់មួយទៀតធ្វើឲ្យសមត្ថកិច្ចនគរបាលមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះខ្លាចបាត់ស្ត្រីរូបនេះ នាំឲ្យពួកគេអ្នកបញ្ជូនមកមានទោសពៃទៅវិញ ។

មជ្ឈដ្ឋានមួយចំនួន កំពុងរង់ចាំមើលថា តើជោគវាសនាស្ត្រីរូបនេះ នឹងត្រូវតុលាការសម្រេចយ៉ាងដូចម្ដេច ៕ចេស្តា


ចែករំលែក៖