ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រី Medvedev៖ ទណ្ឌកម្មអាមេរិក ជាសង្គ្រាមពាណិជ្ជកម្មលើរុស្ស៊ី

ចែករំលែក៖

នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Medvedev បានថ្លែងថា ការដាក់ទណ្ឌកម្មថ្មីៗ សហរដ្ឋអាមេរិកគឺស្រដៀងនឹងការប្រកាសសង្រ្គាមពាណិជ្ជកម្មពេញទំហឹងប្រឆាំងនឹងទីក្រុងម៉ូស្គូ។

លោកបានថ្លែងថា វិធានការដែលចុះហត្ថលេខាដោយ លោក ដូណាល់ ត្រាំ នោះបានបង្ហាញពីអសមត្ថភាពខ្លាំងរបស់ប្រធានាធិបតីអាមេរិក ។

វិធានការថ្មីនោះមានគោលបំណងដាក់ទណ្ឌកម្មប្រទេសរុស្ស៊ីចំពោះការចូលជ្រៀតជ្រែកការបោះឆ្នោតអាមេរិក កាលពីឆ្នាំ២០១៦ និងសកម្មភាពរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។

លោកត្រាំ បានបន្ទោសសភាទៅលើការអនុម័តច្បាប់មួយនេះ។

នៅក្នុងការចុះហត្ថលេខាលើវិធានការប្រឆាំងទល់នឹងទាសភាពរបស់អាមេរិកតាមរយៈច្បាប់ស្តីពីការដាក់ទណ្ឌកម្មកាលពីថ្ងៃទី៣ ខែសីហា លោកត្រាំ បានភ្ជាប់សេចក្តីថ្លែងការណ៍មួយ ដោយហៅវិធានការនោះថា មាន “កំហុសយ៉ាងជ្រាលជ្រៅ” ។

ច្បាប់នេះបានកំណត់ពីចំនួនទឹកប្រាក់ដែលជនជាតិអាមេរិកអាចវិនិយោគលើគម្រោងថាមពលជាមួយរុស្ស៊ី និងធ្វើឲ្យពិបាកលំបិនចំពោះក្រុមហ៊ុនអាមេរិកដែលរកស៊ីធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ី។

ច្បាប់នោះក៏ដាក់ការដាក់ទណ្ឌកម្មទៅលើអ៊ីរ៉ង់ និងកូរ៉េខាងជើងផងដែរ។

ទីភ្នាក់ងារព័ត៌មាន Isna រាយការណ៍ថា អ៊ីរ៉ង់បានបញ្ជាក់ថា ទណ្ឌកម្មថ្មីរបស់អាមេរិកនោះ បានរំលោភលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ហើយអ៊ីរ៉ង់នឹងឆ្លើយតបឲ្យស័ក្តិសមបំផុតចំពោះបញ្ហានេះ។

កូរ៉េខាងជើង រហូតមកដល់ពេលនេះ មិនបានធ្វើអត្ថាធិប្បាយសាធារណៈស្តីពីការផ្លាស់ប្តូរគោលជំហររបស់រដ្ឋអាមេរិកនេះនៅឡើយទេ។

លោក Medvedev បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី៣ ខែសីហាថា កញ្ចប់ទណ្ឌកម្ម «បញ្ចប់ក្តីសង្ឃឹមសម្រាប់ការកែលម្អទំនាក់ទំនងរបស់យើងជាមួយរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក»។ របបដាក់ទណ្ឌកម្មត្រូវបានគេរៀបចំ ហើយនៅតែមានប្រសិទ្ធភាពរយៈពេលច្រើនទសវត្សរ៍ទៀត លុះត្រាតែមានអព្ភូតហេតុកើតឡើង។

លោក Medvedev ក៏បានព្រមានថា ជំហានថ្មីនឹងត្រូវអនុវត្តតាមគោលបំណងប្រឆាំងលោកប្រធានាធិបតី Trump – ដែលលោកនាយករដ្ឋមន្ត្រីបានពណ៌នាថា គាត់(ត្រាំ)ជា “អ្នកលេងមិនមានភាពស្មោះត្រង់” ។

ក្រុងម៉ូស្គូដែលតែងតែបដិសេធថា មិនបានជ្រៀតជ្រែកចូលក្នុងកិច្ចការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០១៦កន្លងមកនោះ បានធ្វើសកម្មភាពសងសឹករួចហើយកាលពីសប្តាហ៍មុន ខណៈដែសភារុស្ស៊ីបានអនុម័តច្បាប់ បង្គាប់ឲ្យអាមេរិកកាត់បន្ថយបុគ្គលិក៤៥៥ នាក់ពីស្ថានទូតអាមេរិក និងកុងស៊ុលប្រចាំនៅក្នុងប្រទេសរុស្ស៊ីដែលមានចំនួនសរុប៧៥៥នាក់ ព្រមទាំងបដិសេធមិនឲ្យចូលនៅក្នុងអគារ ឬឃ្លាំងរបស់អាមេរិកក្នុងទឹកដីរុស្ស៊ីជាដើម ៕ ម៉ែវ សាធី

 


ចែករំលែក៖