ព័ត៌មានទាន់ហេតុការណ៍៖

ក្រុម​ប្រឹក្សា​គណៈ​មេធាវី​ ចាប់ផ្ដើម​ប្រជុំ​ករណី​លោក​ វ៉ាន់​ ពុទ្ធិ​ពល​ អគ្គនាយក​រង​ពន្ធដារ​ ដែល​ប្រមាថ​​ថា​ មេធាវី​ជា​សត្វ​គោ​ ​

ចែករំលែក៖

ភ្នំពេញ​៖ ក្រុម​ប្រឹក្សា​គណៈ​មេធាវី​ ដឹកនាំ​ដោយ​លោក​មេធាវី​សួន​ វិសាល​ ជា​ប្រធាន​គណៈ​មេធាវី​ នៅ​ព្រឹក​ថ្ងៃ​ទី​០៥​ ខែ​សីហា​ នេះ​ ចាប់ផ្ដើម​បើក​កិច្ច​ប្រជុំ​ពិនិត្យ​និង​ពិភាក្សា​ករណី​លោក​ វ៉ាន់​ ពុទ្ធិ​ពល​ អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ ដែល​ប្រមាថ​មេធាវី​ថា​ ជា​សត្វ​គោ​ ។​

កាលពីល្ងាច​​ម្សិលមិញ​ លោក​មេធាវី​ លី​ ច័ន្ទ​តុលា​ តំណាង​មេធាវី​ជាង​៥០នាក់​ ក៏​បាន​ដាក់​ពាក្យ​បណ្ដឹង​ចូល​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ប្តឹង​លោក​ វ៉ាន់​ ពុទ្ធិ​ពល​ ផងដែរ​ ។

អ្វី​ជា​រឿង​ដែល​ធ្វើ​ឲ្យ​មេធាវី​មួយ​ចំនួន​ខឹងសម្បារ​ខ្លាំង​នោះ​ គឺ​ នៅ​ព្រឹក​ថ្ងៃ​ទី​០៤​ ខែ​សីហា​ គេ​ឃើញ​ហ្វេសប៊ុក​ឈ្មោះ​ “​ Puthipol Vann “​ ដែល​គេ​ស្គាល់​ថា​ ជា​របស់​ លោក​ វ៉ាន់ ពុទ្ធិពល អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ បង្ហោះ​ហ្វេសប៊ុក​ ដែល​មេធាវី​អះអាង​ថា​ មាន​ន័យ​ប្រមាថ​មក​លើ​មេធាវី​ទូទាំង​ប្រទេស​ដែល​មិន​អាច​ទទួល​យក​បាន​ ។

ហ្វេសប៊ុក​ បាន​សរសេរ​ន័យ​ប្រៀបធៀប​ថា​ “​ ថ្ងៃ​នេះ​ថ្នាក់​លើ​ប្រើ​ទៅ​ឲ្យ​ប្រមូល​គោ​បញ្ជូល​ក្រោល​ដើម្បី​ថែរក្សា​ឲ្យ​គត់​មត់​ ។​ គោ​មួយ​ចំនួន​ធំ​បាន​ចូល​ក្រោល​ត្រឹមត្រូវ​ វៀរ​លែង​តែ​ អា​ពាល​ អា​ត្នោត​ និង​ អា​ទែក​ វា​ធ្លាប់​តែ​នៅ​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​នៅ​ក្រៅ​ ដើរ​ជាន់​ដំណាំ​ ស៊ី​ដំណាំ​អ្នក​ស្រុក​ កៀច​មិន​ព្រម​ចូល​ក្រោល​ ។​ មិន​ត្រឹម​តែ​កៀច​ វា​ចង់​ជល់​ហើយ​ធាក់​ខ្ញុំ​ទៀត​ “​ សុំ​សួរ​ប្រិយមិត្ត​ តើ​អា​៣ក្បាល​ហ្នឹង​ សម​នឹង​ចាក់​កន្លុះ​ឲ្យ​តឹង​ ហើយ​សំពង​នឹង​ទំពក់​រនាស់​ឲ្យ​បាក់​លោង​ទេ​ ?​ សើច​ !​ “​ ។

សារ​លើ​ហ្វេសប៊ុក​នេះ​ ត្រូវបាន​មេធាវី​មួយ​ចំនួន​ បង្ហើប​ឲ្យ​ដឹង​ថា​ គឺ​ មិន​អាច​ទទួល​យក​បាន​ជា​ដាច់ខាត​ និង​ ជា​ការ​ប្រមាថ​មេធាវី​ទូទាំង​ប្រទេស​ ។

លោក​ ប៊ុន​ ហុន​ អតីត​ប្រធាន​គណៈមេធាវី​និង​បច្ចុប្បន្ន​ជា​អនុ​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ ប្រតិកម្ម​ ថា​ “​ នេះជា​អំពើ​ជេរប្រមាថជាសាធារណៈដែលមិនអាចអត់ឱនឲ្យបានឡើយ។ក្នុងថានៈជាបញ្ញវន្ត និងជាមន្ត្រីរាជការមួយរូប មិនអាចមក​ប្រៀបធៀបមេធាវីជាសត្វគោទេ។ តើលោកជាអ្វី។ មន្រ្តីបែបនេះហើយ ដែលធ្វើឲ្យគេក្តៅក្រហាយ។ ខ្ញុំសូមថ្កោលទោស ចំពោះ​សម្តី​ពាលអសីលធម៌បែបនេះ​ “​ ។

លោក​ ប៊ុន​ ហុន​ បន្ត​ថា​ “​ សម្តី​បែបនេះ គួតែជាសំដីជនពាល ដែលមិនធ្លាប់ចូលសាលាអប់រំ ។ វាមិនសមជា​សម្តី​អ្នករាជការបំរើរាស្ត្រទេ។ អ្នករាជការ គេប្រើច្បាប់មកដោះស្រាយគ្នា មិនមែនជេរប្រមាថគ្នាតាមហ្វេសប៊ុក និងប្រមាថគេជាទូទៅបែបនេះទេ។ ល្មមឲ្យគាត់ស្គាល់តម្លៃច្បាប់ខ្លះ កុំអាងខ្លួនមានលុយ មានអំណាច​ “​ ។

ឆ្លើយតប​បញ្ជា​នេះ​ លោក​វ៉ាន់​ ពុទ្ធិ​ពល​ ​អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ ថ្លែង​ថា​ “​ខ្ញុំគិតថាជាការយល់ច្រឡំដូចពាក្យចាស់ថា “អូសសម្រាស់ប្រទះពាក្យ” ខ្ញុំសរសេររឿងគោគឺសំដៅទៅលើមន្ត្រីក្រោមឱវាទមួយចំនួនដែលមិនព្រមសម្របខ្លួនតាមកំណែទម្រង់រដ្ឋបាលសារពើពន្ធ ស្របតាមគោលដៅ​យុទ្ធសាស្ត្រ​កៀរគរចំណូលរបស់រាជរដ្ឋាភិបាល ដោយឆ្លៀតយក​សិទ្ធិ​អំណាចរបស់ខ្លួនទៅអនុវត្តខុសច្បាប់និងក្រមសីលធម៌របស់មន្ត្រីរាជការ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។

លោក​ វ៉ាន់​ ពុទ្ធិ​ពល​ បន្ត​ថា​ “​ ខ្ញុំសូមបញ្ជាក់ថា សំណេររបស់ខ្ញុំពុំមានពាក្យ”មេធាវី” ហើយក៏ពុំបានសំដៅដល់ស្ថាប័នមេធាវីដែលជាស្ថាប័នឯករាជ្យនោះដែរ។ ការប្រើពាក្យគោ ក្នុងទស្សនៈធៀបទៅនឹងការប្រើប្រាស់មន្ត្រីក្រោមឱវាទ ដួចជា ប្រើគោឲ្យសុីស្នៅផង ប្រើមើលតែគោក្របី ។ល។ ម៉្យាងទៀត ពាក្យគោក៏មិនមែនជាពាក្យអាក្រក់ដែរ ឥណ្ឌាខ្លះគោរពគោជាអាទិទេព ខ្មែរយើងមានជំនឿលគោ(ឧសភរាជ)ក្នុងការព្យាករណ៍ផលកសិកម្ម។

អាស្រ័យហេតុនេះ ប្រសិនបើសំណេររបស់ខ្ញុំមានការប៉ះពាល់ដល់មេធាវី ដោយកត្តាណាមួយ ខ្ញុំសូមឯកឧត្តម អស់លោក លោកស្រី នាងកញ្ញា ដែលជាមេធាវីទាំងអស់មេត្តាអភ័យទោសដល់រូបខ្ញុំ​ “​ ៕ចេស្តា


ចែករំលែក៖